(អាមេរិក)មហាសេដ្ឋី Bill Gates និងជាអតីត CEO របស់ក្រុមហ៊ុន Microsoft បានប្រកាសថាអនាគតទ្រព្យសម្បត្តិស្ទើរតែទាំងអស់របស់លោក នឹងត្រូវបរិច្ចាគចូលទៅក្នុងមូលនិធិ Bill & Melinda Gates អមជាមួយដំណឹងថា លោកនឹងចាកចេញពីបញ្ជីអ្នកមាននៅលើលោក។ នេះបើតាមការបង្ហោះនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោក Bill Gates កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
As I look to the future, I plan to give virtually all of my wealth to the foundation. I will move down and eventually off of the list of the world’s richest people.
លោក Bill Gates គឺជាមហាសេដ្ឋីលំដាប់ទី៤នៅលើលោក ដែលបច្ចុប្បន្នលោកមានទ្រព្យក្នុងដៃ ១១៨ ពាន់លានដុល្លារ បើយោងតាមទិន្នន័យរបស់ Forbes។ យ៉ាងណាមិញទ្រព្យសម្បត្តិទាំងនេះ នឹងត្រូវធ្លាប់ចុះយ៉ាងខ្លាំង បន្ទាប់ពីលោកសម្រេចចិត្តដក ២០ពាន់លានដុល្លារ ប្រគល់ជូនដល់មូលនិធិ Bill & Melinda Gates ដែលជាមូលនិធិសប្បុរសធម៌ បង្កើតឡើងដោយលោក និងអតីតភរិយាតាំងពីឆ្នាំ២០០០។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត BBC។
ជាមួយគ្នានេះ Bill Gates ក៏បានប្រាប់ពីមូលហេតុដែលលោកបរិច្ចាគលុយដ៏ច្រើនបែបនេះថា “នេះគឺជាកាតាព្វកិច្ច ក្នុងការប្រគល់ធនធានទៅឱ្យសង្គមវិញ។ លោកបន្តឱ្យដឹងទៀតថា មូលនិធិនេះគឺត្រូវចំណាយពី ៦ពាន់លាន$ ដល់ ៩ពាន់លាន$ រហូតដល់ឆ្នាំ២០២៦ ដើម្បីជួយដល់ការធ្លាក់ចុះជាសាកល ជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាអាកាសធាតុជាដើម។
គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០១០ លោក Bill Gates ក៏ធ្លាប់បានសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ម្ដងរួចមកហើយ ដោយក្រោយពេលប្រកាសបែបនេះលោក ទ្រព្យសម្បត្តិរបស់លោកបានស្ទុះឡើងទ្វេដងរហូតមកទល់បច្ចុប្បន្ន។ ហើយមកទល់ឆ្នាំ២០២២ថ្មីនេះ លោកក៏បានប្រកាសម្ដងទៀតថា អនាគតលោកនឹងបរិច្ចាគទ្រព្យស្ទើរតែទាំងអស់របស់លោកដល់មូនិធិ រួចដើរចេញពីបញ្ចីអ្នកមានលើពិភពលោកផងដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា