ផ្ដើមចេញពីការស្រឡាញ់បរិស្ថាន និងចង់កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចនៅកម្ពុជា លោកហួ ឆៃងន់ ស្ថាបនិកក្រៀលកម្ពុជា បានបង្កើតសិប្បកម្មកែច្នៃបំពង់ឫស្សី ទៅជាវត្ថុអនុស្សាវរីយ៍ និងរបស់ប្រើប្រាស់ផ្សេងៗ ដែលអាចជួយកាត់បន្ថែមការប្រើប្លាស្ទិច លើកស្ទួយវត្ថុធាតិដើមក្នុងស្រុក និងបង្កើតការងារដល់យុវជនខ្មែរ។
Bamboo Eco ប៊េមប៊ូអេកូ គឺជាសិប្បកម្មមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដោយផ្ដោតសំខាន់ទៅលើការកែច្នៃបំពង់ឬស្សី ពៅជាកែវទឹក ដបទឹក វត្ថុអនុស្សាវរីយ៍ជាច្រើនមុខ។ បើតាមការបញ្ជាក់ប្រាក់ក្រុមការងារ Technology Cambodia កាលពីពេលថ្មីៗនេះ លោកហួ ឆៃងន់ បានឱ្យដឹងថា មុនបង្កើតសិប្បកម្មនេះឡើង លោកធ្លាប់បាននាំចូលដបទឹក ឬវត្ថុអនុស្សាវរីយ៍ច្នៃពីឫស្សីមកលក់ ប៉ុន្តែក្រោយមក លោកបានសម្រេចចិត្ត កុម្ម៉ង់ទិញម៉ាស៊ីនឆ្លាក់រូប ឬអក្សរនៅលើឫស្សី មកផលិតខ្លួនឯងវិញម្ដង ព្រោះវាផ្ដល់ផលចំណេញច្រើនទាំងការយកវត្ថុធាតុដើមនៅក្នុងស្រុកមកផលិត និងបង្កើតការងារដល់យុវជនខ្មែរយើង។
លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់កែវទឹក ឬដបទឹក ដែលផលិតចេញពីបំពង់ឫស្សនេះ វាអាចផ្ដល់អត្ថប្រយោជន៍បានច្រើនដល់អ្នកប្រើ តួយ៉ាងនៅពេលដែលយើងប្រើ របស់ទាំងអស់នេះ គឺមានគុណភាព និងប្រើបានយូរ ដូច្នេះវាអាចជាចំណែកណាមួយនៅក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច។ មួយវិញទៀត នេះគឺជាការអប់រំដោយប្រយោល មានន័យថា ពេលដែលមាននរណាម្នាក់ ឃើញយើងប្រើ ដបទឹកធ្វើពីឫស្សីហ្នឹង ពួកគេនឹងមានកូនចិត្តមួយថា ចង់ប្រើរបស់ហ្នឹងដែរ មិនថាប៉ាម៉ាក់ បងប្អូន ឬតាយាយរបស់យើងនោះទេ។ ដោយមូលហេតុបែបនេះហើយ ទើបធ្វើឱ្យលោកចង់ពង្រីកសង្វាក់ផលិតកម្មនេះ ឱ្យបានកាន់តែធំជាងមុន។
សម្រាប់ផលិតផលដែល Bamboo Eco ប៊េមប៊ូអេកូ អាចកែច្នៃពីឫស្សីបាន បច្ចុប្បន្ននេះមានដូចជា កែវទឹក ដបទឹក ប៊ិក សៀវភៅ និងបន្ទោងសោជាដើម។ សម្រាប់វត្ថុធាតុដើមក្នុងស្រុក គឺលោកបានយកបំពង់ឫស្សីពីចំការរបស់ប្រជាកសិករនៅខេត្តស្ទឹងត្រែង ហើយវត្ថុធាតុដើមខ្លះទៀត ដែលមិនទាន់មាននៅខ្មែរ លោកបាននាំចូលពីក្រៅប្រទេស។
នៅក្នុងកិច្ចសម្ភាសន៍នេះដដែល លោកហួ ឆៃងន់ បានឱ្យដឹងថា នៅថ្ងៃអនាគតលោកចង់ផលិតដបទឹកដែលធ្វើចេញពីដែកផ្ទាល់តែម្ដង ខណ:ឥឡូវនេះ លោកកំពុងតែសិក្សាអំពីទីផ្សារ ការផលិត និងវត្ថុធាតុដើមផ្សេងៗ មុននឹងឈានទៅដល់ការធ្វើដបទឹកពីដេកអ៊ីណុក៕
សម្រាប់លោកអ្នកដែលត្រូវការកុម្ម៉ង់ដបទឹក និងរបស់អនុស្សាវរីយ៍ផ្សេង ច្នៃចេញពីឫស្សី សូមទំនាក់ទំនង៖
Link Telegram:t.me/crealcambodia
Telephone:017 621 386