បារម្ភណាស់! ទីក្រុងល្បីៗទាំង៤នៅអាស៊ី អាចនឹងត្រូវលិចទៅក្នុងទឹកបាត់ ព្រោះមូលហេតុស្រដៀងៗគ្នានេះ
ផែន ផាន់ណា
SEPTEMBER 1 2022
ស្ទីម - STEAM
1.3 K views
2 mins read

កន្លងមានយើងធ្លាប់បានដឹងព័ត៌មានជាច្រើន ស្ដីពីបញ្ហាទឹកសមុទ្រហក់ឡើង នឹងចាប់ផ្ដើមលេបត្របាក់ទីក្រុងមួយចំនួនបន្តិចម្ដងៗ។ ខណៈពេលនេះទីក្រុងបាងកក របស់ថៃ​ និងទីក្រុងហូជីមិញរបស់វៀតណាម ដែលជាប្រទេសជាប់ភូមិផងរបងកម្ពុជាយើង ក៏ត្រូវបានគេសន្មត់ថាអាចនឹងលិចចូលទៅក្នុងទឹក នាពេលអនាគតដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ យើងនឹងរៀបរាប់អំពី បញ្ហាទឹកលិចទីក្រុងសំខាន់ៗក្នុងតំបន់អាស៊ី ជូនដល់ប្រិយមិត្តអ្នកអាន បានជ្រាបកាន់តែច្បាស់ តាមរយៈរបាយការណ៍សិក្សារកន្លងមក។

ទី១. ទីក្រុងបាងកក ប្រទេសថៃ

បាងកកគឺជារាជធានីរបស់ប្រទេសថៃ ត្រូវបានគេព្យាករណ៍ថា នឹងត្រូវលិចចូលទៅក្នុងទឹក។ យោងតាមការចុះផ្សាយពីគេហទំព័រ interesting engineering បានបញ្ជាក់ថាទីក្រុងរបស់ថៃមួយនេះ អាចស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារទឹកលេបត្របាក់ នឹងធ្វើឱ្យមានការលិចលង់ក្នុងរយៈពេលមួយទស្សវត្សរ៍ ឬ១០ឆ្នាំខាងមុខទៀត។ បច្ចុប្បន្នទីក្រុងនេះ ចាប់ផ្ដើមលិចក្នុងកម្រិតប្រហែល ២ សង់ទីម៉ែត្រ ក្នុងមួយឆ្នាំ។ គួររំលឹកផងដែរ កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលថៃ ក៏ធ្លាប់បានព្យាករណ៍ថា ទីក្រុងបាងកកទំនងជានឹងត្រូវលិចចូលទៅក្នុងទឹកនៅឆ្នាំ២០៣០។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយបញ្ហានេះ ថៃក៏ធ្លាប់បានចេញច្បាប់រឹតបន្តឹងលើបូមទឹកចេញពីក្រោមដីផងដែរ ព្រោះនេះមូលហេតុចម្បងមួយ ក្នុងចំណោមមូលហេតុជាច្រើនទៀត។ ប៉ុន្តែវិធានការនេះ ត្រូវបានអ្នកសិក្សាយល់ឃើញថា មិនទាន់គ្រប់គ្រាន់ក្នុងការជួយសង្គ្រោះទីក្រុងបាងកកបានឡើយ។

For Southeast Asia's sinking cities, climate change is a design problem |  ASEAN Today

ទី២. ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

យោងតាមការសិក្សាមួយឈ្មោះ Sinking Cities ដោយវេជ្បណ្ឌិត Katherine Kramer បាននិយាយថា ទីក្រុងហ្សាកាតានៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវលិចចូលទៅក្នុងទឹក ហើយថែមទាំងលិចលឿនជាងទីក្រុងដទៃទៀតផង។ មកទល់ពេលនេះ ការសិក្សារកឃើញថា ៤០%នៃទីក្រុងទាំងមូល ត្រូវបានលិចចូលទៅក្នុងទឹកបន្តិចម្ដងៗ ដោយក្នុងមួយឆ្នាំ ទីក្រុងនេះបានលិច ២៥ សង់ទីម៉ែត្រ។ មូលហេតុដែលនាំឱ្យលិចលឿនបែបនេះ ព្រោះឥណ្ឌូនេស៊ីជាប្រទេសដែលខ្វះខាតបណ្ដាញទឹក ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ត្រូវប្រើអណ្ដូងទឹកដែលជីកខ្លួនឯង នឹងពុំមានការគ្រប់គ្រងត្រឹមត្រូវ។ នៅពេលមានភ្លៀងធ្លាប់ខ្លាំងម្ដងៗ ទឹកបានជនលិចទីក្រុង ធ្វើឱ្យប៉ះពាល់ដល់គ្រឹះអគារជាច្រើនផងដែរ។

Why is Jakarta sinking? - Travel Tomorrow

ទី៣. ទីក្រុងហូជីមិញ ប្រទេសវៀតណាម

យោងតាមការចុះផ្សាយរបស់គេហទំព័រ nst.com បានបង្ហាញពីការសិក្សារបស់អង្គការ JICA ដោយបញ្ជាក់ថា ទីក្រុងហូជីមិញដែលជារដ្ឋធានីប្រទេសវៀតណាម កំពុងលិចចូលទៅក្នុងទឹកជាមធ្យម ២ ទៅ ៥សង់ទីម៉ែត្រក្នុងមួយឆ្នាំ ហើយបានបណ្ដាលឱ្យទីក្រុងដ៏ធំនេះ ទទួលរងការជនលិចញឹកញាប់ជាងមុន។ ការសិក្សាក៏រកឃើញដែរថា ទីក្រុងនេះចាប់ផ្ដើមលិចបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៩០ មក រហូតមកទល់បច្ចុប្បន្ននេះសរុប ១០០សង់ទីម៉ែត្រហើយ។ បន្ថែមពីលើនេះ អត្រានៃការលិចទីក្រុងនេះ ជាមធ្យមពី ២ ទៅ ៥ សង់ទីម៉ែត្រក្នុងមួយឆ្នាំ ប៉ុន្តែបើនៅក្នុងតំបន់ណា ដែលមានអគារខ្ពស់ៗច្រើន អត្រានៃការលិចមានរហូតដល់ ៧ ទៅ ៨ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។

Eastern part of Ho Chi Minh City could be underwater by 2030: Climate  Central | Tuoi Tre News

ទី៤. ទីក្រុងសៀងហៃ ប្រទេសចិន

ទីក្រុងសៀងថៃ ត្រូវបានគេជឿថា នឹងត្រូវលិចលង់យ៉ាងលឿន ស្រដៀងទៅនឹងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីដែរ ខណៈជារៀងរាល់ឆ្នាំទឹកបានលេបយកទីក្រុងនេះ ១ សង់ទីម៉ែត្រ។ នេះបើយោងតាមប្រភព EcoWatch។ មូលហេតុនៃការលិចលង់នេះ បណ្ដាលមកពីការទាញយកទឹកមកពីក្រោមដីច្រើនពេកក្នុងមួយឆ្នាំៗ។ ប្រភពដដែលបានបន្តថា នៅប៉ុន្មានទស្សវត្សរ៍ខាងមុខទៀត អត្រានៃការជនលិចអាចឡើងខ្ពស់រហូតដល់ ៩សង់ទីម៉ែត្រ ក្នុងមួយឆ្នាំ។ កត្តានេះហើយទើបកាលពីឆ្នាំ ១៩៩៥ រហូតមកទល់ពេលនេះ មន្ត្រីចិននៅតាមមូលដ្ឋាននីមួយៗ ក៏បានចេញច្បាប់យ៉ាងតឹងរឹងលើការទាញយកទឹកពីក្រោមដី ស្រដៀងទៅនឹងប្រទេសថៃដែរ៕

How Rising Sea Levels Could Change Life in China Forever – That's Shanghai

ប្រភព៖ interestingengineering , nst.com

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia