ក្រុមហ៊ុន Apple នឹងបង្កើតរោងចក្រផលិតនាឡិកា Apple Watch និងកុំព្យូទ័រ MacBook ជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ខណៈរបាយការណ៍ចេញផ្សាយដោយកាសែត Nikkei Asia បានបង្ហាញថា ក្រុមហ៊ុនចិនឈ្មោះ Luxshare Precision Industry និងក្រុមហ៊ុនដំឡើងទូរស័ព្ទ iPhone Foxconn បានចាប់ផ្ដើមសាកល្បងការផលិតឧបករណ៍ទាំង២ខាងលើ នៅតំបន់មួយ ភាគខាងត្បូងនៃប្រទេសវៀតណាមហើយ។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple បាននឹងកំពុងផ្ដាស់ប្ដូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារប្រទេសដទៃផ្សេងទៀត ដោយក្នុងនោះមានទាំងប្រទេសវៀតណាម ឥណ្ឌា ដែលជាទិសដៅដ៏ធំរបស់ខ្លួន។
គូសបញ្ជាក់ថាកន្លងមក CEO របស់ក្រុមហ៊ុន Apple ធ្លាប់បានស្ងើចសរសើរប្រទេសវៀតណាមម្ដងរួចមកហើយ អំពីទីផ្សារលក់ទូរស័ព្ទ iPhone ល្អក្នុងប្រទេសនេះ។ ហើយឥឡូវនេះវៀតណាមក៏ទទួលបានលាភថ្មីមួយទៀត គឺរោងចក្រផលិតនាឡិកា Apple Watch និង MacBook ក្នុងប្រទេសខ្លួនដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា