ប្រទេសកម្ពុជាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះប្រជាជនបានជ្រើសរើសបច្ចេកវិទ្យាថ្មីៗសម្រាប់ជួយដល់ការរស់នៅ ដូចជាការកម្ម៉ង់ម្ហូបអាហារ ភេសជ្ជៈ សំលៀកបំពាក់ គ្រឿងសំអាង នឹងសេវាកម្មជាច្រើនទៀត ដោយប្រើ App ឬ Website ជំនួយឱ្យការទៅឈរចាំទិញ ឬទៅដល់ហាង។
អ្វីដែលកាន់តែងាយស្រួលនោះ សូម្បីតែអ្នកនៅដេលផ្ទះកាន់ទូរស័ព្ទមួយ ក៏អាចកក់សំបុត្រឡានក្រុងជិះទៅទីឆ្ងាយបានដែរ។ មិនចាំបាច់តម្រង់ជួរទិញ ព្រោះស្រួលមិនស្រួលអស់សំបុត្រខាតកម្លាំងទទេរ។ ថ្ងៃនេះក្រុមការងារ Technology Cambodia នឹងពាំនាំ App ចំនួន៣ សម្រាប់លោកអ្នកដែលចង់មានដំណើរកំសាន្ត ទៅលេងផ្ទះបងប្អូន ឬមានធុរៈកិច្ចទៅបណ្ដាខេត្តនៅកម្ពុជា អាចកក់សំបុត្រជិះឡានតាម App ទាំងនេះបាន៖
១. Virak Buntham: យើងអាចធ្វើការកក់សំបុត្ររថយន្ត ដោយមិនចាំបាច់ទៅដល់ទីតាំងណាមួយរបស់វីរៈប៊ុនថាំក៏បានតាមរយៈ App ។ សម្រាប់ការប្រើប្រាស់គឺងាយស្រួលណាស់ ព្រោះមានអក្សរខ្មែរ និងអាចប្រើពេលទិញត្រឹមរយៈពេល៣នាទី ហើយរហូតដល់ថ្ងៃកំណត់ ចាំតែលើវ៉ាលីដាក់ឡាន ជិះដល់គោលដៅតែម្ដង។ អាចទាញយកបាន ទាំងលើ App Store និង Play Store។
២. Larryta Express: សម្រាប់អ្នកដែលចូលចិត្តដើរកំម្សាន្តដូចជានៅខេត្តព្រះសីហនុ ឬសៀមរាប អាចចូលទៅកក់សំបុត្របានតាមរយៈ App Larryta Express(ឡារីតា) ដែលមាននិមិត្តសញ្ញាផ្ការំដួល តំណាងជាតិខ្មែរ។ App នេះបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ គ្រាន់តែទាញយក App រួចវាយបញ្ចូលលេខទូរសព្ទ នឹងអាចធ្វើការកក់សំបុត្រ ថែមទាំងដឹងជំនួនលេខកៅអីសម្រាប់អង្គុយ ពេញឬអត់ ឬមានអ្នកជិះច្រើនឬអត់បានទៀតផង។ មាននៅលើ Play Store និង App Store។
៣. BookMeBus: App នេះស្រួលប្រើ ស្រួលកក់សំបុត្រ និងអាចជូនអ្នកដំណើរទៅកាន់គោលដៅជាច្រើនដូចជា ភ្នំពេញ កំពត សៀមរាប ព្រះសីហនុ កោះកុង កោះរ៉ុងសន្លឹម មណ្ឌលគីរី បាត់ដំបង បន្ទាយមានជ័យជាដើម។ ក្នុង App នេះគឺមានសេវាកម្មលើទីរថយន្ត ដោយក្នុងនោះមានទាំងទូក និងអាចកក់សំបុត្រ សណ្ឋាគារឬកន្លែងស្នាក់នៅបានផ្សេងៗជាច្រើនទៀត។ ទាញយកបានទាំងនៅលើ App Store និង Play Store។
អត្ថបទដោយ៖ ផែន ផាន់ណា