ជិតដាច់ឆ្នាំបែបនេះ ប្រហែលជាមានមនុស្សមិនតិចទេ ដែលកំពុងដាក់គោលដៅទៅលេងកន្លែងកម្សាន្តនៅក្នុងប្រទេស និងនៅក្រៅប្រទេស ទាំងតំបន់អាស៊ី និងអ៊ឺរ៉ុប ខណៈកូវីដ១៩ ហាក់ធូរស្រាល សម្រួលដល់ការធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយ មានភាពធូរស្រាលជាងមុន។ យ៉ាងណាមិញ ទាំងដំណើរកម្សាន្តនៅក្នុងប្រទេស និងនៅក្រៅប្រទេស គេសង្កេតឃើញមានបញ្ហាមួយ ដែលឧស្សាហ៍កើតឡើងគឺ ការកក់ផ្ទះសំណាក់មិនទាន់គេ ពោលគឺពេលមានបុណ្យធំៗម្ដងៗ បើកក់ផ្ទះដេកមិនទាន់គេទេ ដឹងតែដើរស្វែងរកឆ្វេកឆ្វាចពេញក្រុងហើយ។
ដើម្បីសម្រួលទៅដល់ការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ហើយពិបាកក្នុងការរកផ្ទះដេក ថ្ងៃនេះ Technology Cambodia (ចាបខៀវ) សូមណែនាំ App ធំៗ២ ដែលអាចឱ្យអ្នកដំណើរចូលទៅកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ ឬអូតែលបានមុនដំណើរកម្សាន្ត។ App ដែលយើងនឹងប្រាប់បន្តិចទៀតនេះគឺជាប្រភេទ App ដែលអាចឱ្យយើងចូលទៅកក់ផ្ទះដេកបាន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស តួយ៉ាងដូចជាកម្ពុជា វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ឡាវ និងប្រទេសជាច្រើនទៀតបាន។
១. App Agoda : លោកអ្នកអាចចូលទៅកក់ផ្ទះសំណាក់មុនដំណើរកម្សាន្តបាន តាមរយៈ App ឬ Website Agoda ទាំងផ្ទះសំណាក់នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសដូចដែលបានរៀបរាប់មកខាងលើ។ មិនត្រឹមតែកន្លែងស្នាក់នៅទេ នៅលើ App ឬវេបសាយរបស់ Agoda ក៏បានប្រាប់ពីកន្លែងលេងកំសាន្តល្អៗ ដែលមាននៅក្នុងប្រទេសនីមួយៗផងដែរ។ អាចចូលទៅទាញយកឥឡូវនៅនេះ តាមរយៈ App Store និង Play Store ឬចូលទៅកាន់វេបសាយ Agoda ផ្ទាល់។
២. App Booking.com : អ្នកដែលធ្លាប់ទៅដើរលេងក្រៅប្រទេស ច្បាស់ជាធ្លាប់បានស្គាល់ App នេះពីមុនមកហើយ ដោយនៅលើ App នេះ ក៏អនុញ្ញាតឱ្យអ្នកដំណើរ អាចកក់ផ្ទះសំណាក់ និងកន្លែងស្នាក់នៅជាច្រើនប្រភេទ បូករួមទាំងប្រាប់កន្លែងដើរលេងកម្សាន្តស្អាតៗ តាមប្រទេសនីមួយៗផងដែរ។ សម្រាប់អ្នកនៅកម្ពុជា ក៏អាចចូលទៅកក់បន្ទប់ផ្ទះសំណាក់មុន តាម App នេះបានដូចគ្នា ជាក់ស្ដែងដូចជានៅក្នុងខេត្តទេសចរណ៍ដូចជាកំពត កែប ព្រះសីហនុ សៀមរាប បាត់ដំបង និងកោះកុងជាដើម។ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាទៅលក់ក្រៅប្រទេស ដូចជាវៀតណាម ថៃ ឡាវ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ក៏អាចកក់ផ្ទះសំណាក់ តាម App នេះបានដូចគ្នាដែរ។ អាចទាញយកឥឡូវនេះបានតាមរយៈ Play Store និង App Store ឬវេបសាយ Booking.com៕
អត្ថបទដោយ៖ ផែន ផាន់ណា