បច្ចុប្បន្ននេះអ្នករកស៊ីនៅលើអនឡាញ កាន់តែងាយស្រួលជាងមុន ព្រោះពួកគេមិនសូវចំណាយលុយច្រើនតង់ទៅលើការថតរូប ឬរចនារូបភាពដូចមុនៗទៀតឡើយ ពោលគឺគេនិយមប្រើប្រាស់ទូរស័ព្ទថត និងឌីហ្សាញរូបផលិតផលដោយខ្លួនឯង ថែមទាំងមានភាពទាក់ទាញដូចគ្នា។
ជាក់ស្ដែងផលិតផលជាច្រើននៅលើអនឡាញ ទាមទារឱ្យមានការកែលម្អ ថែមថយសម្រស់នៃរូបភាព ឱ្យកាន់តែមានភាពទាក់ទាញទើបអតិថិជនឃើញហើយជាប់ចិត្តដិតអារម្មណ៍ចង់ទិញឬចង់ជួលជាដើម។ យ៉ាងណាមិញគេក៏មាន App សម្រាប់ជួយកែសម្រួលរូបភាពឱ្យមានភាពទាក់ទាញ សម្រាប់អ្នកលក់ទំនិញតាមអនឡាញផងដែរ។
ថ្ងៃនេះ Technology Cambodia(ចាបខៀវ) សូមណែនាំ App មួយឈ្មោះថា Photoroom ដែលអ្នកលក់អនឡាញជាច្រើនលាននាក់ជុំវិញពិភពលោកប្រើប្រាស់ ដើម្បីកែកុនរូបផលិតផលពីធម្មតា ទៅទាក់ទាញជាងមុន។ ងាយៗទេ យើងគ្រាន់តែថតរូបផលិតផល បញ្ចូលទៅក្នុង App នេះ វានឹងជួយកាត់ផ្ទៃខាងក្រោយ (Background) ចេញយ៉ាងស្អាត ដោយជំនួសមកវិញនូវផ្ទៃខាងក្រោយជាលក្ខណៈពណ៌តាមចិត្ដដែលយើងស្រឡាញ់។
ចំណុចដែលពិសេសមួយទៀតនោះ យើងក៏អាចជ្រើសរើសផ្ទៃខាងក្រោយជារូបភាពផ្សេងៗតាមអំពើចិត្ត ដោយរូបភាពស្រាប់ក៏បាន និងរូបភាពចេញទូរស័ព្ទផ្ទាល់ក៏បាន។
គូសបញ្ជា្កក់ថា កម្មវិធីនេះបើទោះបីជាយើងអាចធ្វើឱ្យរូបភាពរបស់យើងស្អាតមែន ប៉ុន្តែវាក៏ភ្ជាប់មកជាមួយនូវម៉ាកសញ្ញាកម្មវិធីនៅលើរូបរបស់យើងដែរ ពោលគឺទាល់តែយើងចំណាយលុយខ្លះទើបដាច់។
អត្ថបទដោយ៖ ផែន ផាន់ណា