នេះគឺជាស្នាដៃដ៏ពិសេសមួយទៀតរបស់លោកដាញ់ ហុង បន្ទាប់បង្កើតពុម្ពអក្សរខ្មែរយូនីកូដ លោកបានចំណាយពេលវេលា ស្រាវជ្រាវបង្កើតបានជា App មួយទៀតឈ្មោះថា Nextspell ដែលមានសមត្ថភាពខ្លាំង អាចឆែក ឬពិនិត្យអក្ខរាវិរុទ្ធបានម្ដង២០០ពាក្យឥតគិតថ្លៃ និងបានរហូតដល់ ៣០០០ពាក្យ ដោយគ្រាន់តែលោកអ្នកចំណាយ ១២ដុល្លារក្នុង១ឆ្នាំ។
នៅលើ App នេះលោកអ្នកអាចចូលទៅសរសេរឃ្លាខ្លីៗ ឬជាប្រភេទអត្ថបទបាន ខណ:ណាដែលមានពាក្យណាមួយខុសពីវចនានុក្រមខ្មែរ វានឹងស្កេន រួចប្រាប់ពីចំណុចខុសនោះឲ្យយើងបានដឹងភ្លាមៗ។ យ៉ាងណាមិញ បើយោងតាមការបញ្ជាក់នៅលើ App Next Spell ផ្ទាល់ក៏បានឲ្យដឹងផងដែរថា លទ្ធផលនៃការត្រួតពិនិត្យនេះ នៅមិនទាន់បានត្រឹមត្រូវ ១០០ ភាគរយ នោះទេ ប៉ុន្តែវាអាចជួយសម្រួលដល់លោកអ្នកបាន ក្នុងកម្រិតណាមួយ។
គូសបញ្ជាប់ថាលោកដាញ់ ហុង គឺជាកូនខ្មែរកម្ពុជាក្រោម ដែលជាស្ថាបនិកពុម្ព ឬ Font Khmer Unicode ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ។ មានស្នាដៃរបស់លោកជាច្រើន ពិសេសពុម្ពខ្មែរ ត្រូវបាន Google ទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ធ្វើជាពុម្ពខ្មែរប្រចាំនៅលើ Google font ផងដែរ។ ទាញយក App នៅលើ App Store និង Play Store ឬប្រើនៅលើវេបសាយ Next Spell
អត្ថបទដោយ៖ ផែន ផាន់ណា
