នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្ដមគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងអំពីគោលការណ៍សម្រាប់ខែមេសា ខាងមុខនេះ នឹងមាន App ថ្មីមួយ ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនបាច់ទៅទិញឆ្នោតទេ ដោយគ្រាន់តែ ពេលបងប្អូនទៅទទួលទានអាហារ ទៅផ្សារ ឬទៅណាក៏ដោយ សូមថតវិក្កយបត្រ(Invoice) ដើម្បី Upload តាមរយៈ App ចូលទៅអគ្គនាយកដ្ឋានពន្ធដារ នឹងមានការចាប់ឆ្នោត ដោយមានរង្វានរថយន្ត ម៉ូតូ និងទូរទស្សន៍ជាច្រើនគ្រឿង។
ឯកឧត្ដមគង់ វិបុល ក៏បានបន្តទៀតថា Invoice Lottery System នេះ គឺត្រូវប្ដេជ្ញាចិត្តថានឹងចេញឱ្យបាន។ ដូច្នេះហើយតាមរយៈជាប្រជាជន ឬអតិថិជន សូមពង្រឹងអភិបាលកិច្ចទាំងអស់គ្នា ដោយយើងបានទាំងត្រូវរង្វាន់ផង ឯរដ្ឋក៏បានពន្ធទៀត។
ការធ្វើនេះគឺដើម្បីជួយគ្នា ព្រោះការពង្រឹងវិធានវិក្កយបត្ររបស់យើងខ្ញុំ ក្នុងពេលកូវីដ១៩នេះ មានការធ្លាក់ចុះ ដូច្នេះហើយដើម្បីពង្រឹងវិធានវិក្កយបត្រឡើងវិញ យើងខ្ញុំនឹងមាន System មួយ ដើម្បីលើទឹកចិត្តអ្នកទាំងអស់គ្នា បើទៅទិញអ្វីក៏ដោយ សូមថត Invoice ហើយ Upload ចូលមក យើងខ្ញុំនឹងមាន Server មួយទទួល ដើម្បីយកមកផ្ទៀតផ្ទាត់ ថាតើវិធានវិក្កយបត្រ Invoice នេះត្រូវឬអត់។
ឯកឧត្ដមក៏បានលើកឧទាហរណ៍ថា អស់លោក លោកស្រីទាំងអស់(ក្នុងអង្គសិក្ខាសាលា) មានដែលទទួលទានអាហារនៅហាងមួយចំនួន ពេលខ្លះ Invoice ចេញមក វិធានវិក្កយបត្រថាសរសេរខ្មែរ ប៉ុន្តែពេលទៅដល់ ចេញមកសុទ្ធតែអក្សរចិន ហើយអត់មាន Register(ចុះឈ្មោះ) ត្រឹមត្រូវ ដូច្នេះហើយក្នុងករណីបែបនេះ បើតាមច្បាប់ ត្រូវពិន័យមួយ Invoice ២លានរៀល។ ឯកឧត្ដមក៏បានផ្ដាំផ្ញើថា នេះជាវិធានវិក្កយបត្រតាមរយៈការចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់ ដើម្បីពង្រឹងតម្លាភាព និងអភិបាលកិច្ចទាំងអស់គ្នា។
គូសបញ្ជាក់សារខាងលើនេះគឺជាការថ្លែង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារនិងបទល្មើសសម្អាតប្រាក់ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២នេះ។
អត្ថបទដោយ៖ ផែន ផាន់ណា