បច្ចុប្បន្ននេះមានមនុស្សជាច្រើន បានបាត់បង់ឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណបណ្ណ សំបុត្រកំណើត កាតគ្រីម៉ូតូជាដើម ដោយសារការធ្វេសប្រហែស ឬចោរលួច ឆក់ជាដើម។ កន្លងមកពេលបាត់ដូច្នេះ គេតែងតែទៅប្ដឹងប៉ូលិស ឬប្រកាសស្វែងរកតាមបណ្ដាញសង្គមផ្សេងៗ។ ប៉ុន្តែពេលនេះយើងមានជម្រើសថ្មីមួយទៀត គឺប្រកាសរកនៅក្នុង App “អត្តសញ្ញាណកម្ម” ឬ GDI eServices ដែលជាកម្មវិធីថ្មីមួយរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
App នេះបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជាច្រើនទាក់ទងនឹងអត្តសញ្ញាណកម្ម។ នៅក្នុង App ក៏មានមុខងារពិសេសមួយគឺ “ឯកសារបាត់បង់ រើសបាន”។ មុខងារនេះអាចឱ្យមនុស្សគ្រប់គ្នា ដែលបានបាត់ឯកសារសំខាន់ៗដូចជាអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋ និងលិខិតឆ្លងដែនជាដើម។ សម្រាប់អ្នកដែលបានបាត់អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសារដូចរៀបរាប់អម្បាញ់មិញ ឬរើសបានរបស់គេ អាចចូលទៅក្នុង App នេះ រួចប្រកាសស្វែងរកម្ចាស់ និងប្រកាសតាមរកឯកសារផ្ទាល់ខ្លួនបាន។
សម្រាប់របៀបប្រកាស គឺពុំមានអ្វីពិបាកឡើយ ពោលគឺយើងគ្រាន់តែចូលទៅកាន់ App អត្តសញ្ញាណកម្មនេះ រួចចុចលើមុខងារឯកសារបាត់បង់ រើសបាន។ នោះយើងនឹងឃើញមានសញ្ញាបូកមួយនៅខាងក្រោម ឈៀងខាងស្ដាំ បន្ទាប់មកចូលទៅចុះឈ្មោះចូលប្រើប្រាស់។ បន្ទាប់ពីបានចុះឈ្មោះរួច លោកអ្នកអាចប្រកាសស្វែងរកអត្តសញ្ញាណប័ណ្ណ ឬលិខិតមួយចំនួនទៀត ដោយគ្រាន់តែវាបញ្ចូលព័ត៌មានសំខាន់ៗ ដែលមាននៅលើឯកសារ បានបាត់បង់ជាការស្រេច។
គូសបញ្ជាក់ថា សម្រាប់អ្នកដែលបានបាត់ឯកសារសំខាន់ៗ ដូចដែលបានរៀបរាប់មកខាងលើ មិនប្រាកដថាពិតជាអាចស្វែងរកឃើញវិញ១០០%ទេ ប៉ុន្តែពេលបាត់បង់ យើងក៏មិនគួរមិនអើពើអ្វីនោះដែរ។ មួយទៀតសម្រាប់អ្នកដែលរើសបានឯកសារសំខាន់ៗរបស់អ្នកដទៃ គួរតែប្រកាសស្វែងរកជូនម្ចាស់គេវិញ តាមរយៈ App អត្តសញ្ញាណកម្ម ឬបណ្ដាញសង្គមផ្សេងៗទៀតជាដើម។
ទាញយក App : Android
ទាញយក App : iOS
អត្ថបទដោយ៖ ផែន ផាន់ណា