ក្រសួងបរិស្ថានបានដាក់ឱ្យប្រើប្រាស់ App ថ្មី មានឈ្មោះថា “ដើរលេងស្រុកយើង” ដែលបង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍ បានកាន់តែទូលំទូលាយ និងបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរកម្សាន្តជាមួយនឹងមុខងារសំខាន់ៗ ដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមការដឹកនាំរបស់ឯកឧត្ដមសាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ App ថ្មី ដោយការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករកទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន។ នេះជាប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក (World Bank) អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។