បច្ចេកវិទ្យាថ្មី! App សម្គាល់អត្តសញ្ញាណអតិថិជន ភ្ជាប់ព័ត៌មាន និង ទិន្នន័យផ្ទាល់ខ្លួន
ផែន ផាន់ណា
JULY 10 2022
នវានុវត្តន៍
2 K views
2 mins read

តាមនីតិវិធីចាស់ នៅពេលដែលយើងចង់ចុះបញ្ជីអាជីវកម្ម ពិតណាស់គឺអ្នកចុះបញ្ជីអាជីវកម្មត្រូវតែទៅដល់ក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីដាក់ពាក្យស្នើសុំចុះបញ្ជីអាជីវកម្ម និងមានភ្ជាប់ជាមួយនូវព័ត៌មាន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ និងពិតប្រាកដ ដែលក្នុងនោះ រួមមានអត្តសញ្ញាណប័ណ្ណជាដើម ទើបទទួលបានការអនុម័តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ យ៉ាងណាមិញ សម្រាប់នីតិវិធីថ្មីនៃការចុះបញ្ជីអាជីវកម្មនៅកម្ពុជាដែលត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីងអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន រហូតមកដល់ពេលបច្ចុប្បន្ន, កម្មវិធីទូរស័ព្ទមួយសម្រាប់ប្រើប្រាស់ក្នុងការចូលទៅប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញថ្មីនេះ ក៏បានចាប់បដិសន្ធិឡើងនៅពេលនោះ ផងដែរ គឺកម្មវិធី CamDigiKey (Cambodia Digital Key)។

ក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាសេនាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអភិវឌ្ឍកម្មវិធីនេះ ជាប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ សម្រាប់ឱ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់កម្មវិធីនេះក្នុងការចុះបញ្ចីអាជីវកម្មរបស់ខ្លួន ឬសម្រាប់សាធារណៈជនទូទៅអាចចូលទៅប្រើប្រាស់សេវាកម្មដទៃទៀត ដែលបានភ្ជាប់ជាមួយកម្មវិធីនេះ​ ។ តើកម្មវិធីនេះមានអត្ថបទប្រយោជន៍ដូចម្ដេចខ្លះ ទើបយើងត្រូវបង្កើតគណនី ដោយត្រូវបញ្ចូលទិន្នន័យ ឬព័ត៌មានផ្ទាល់ខ្លួនរបស់យើង ទៅក្នុងកម្មវិធីនេះ?

S90 Pa 0359 01 Mockup Recovered

បើយោងតាមការផ្ដល់បទសម្ភាសន៍ជាមួយ Technology Cambodia, ក្រុមការងារនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Startup Center) បានឱ្យក្រុមការងារយើងដឹងថា App នេះមានឈ្មោះថា CamDigikey និងជា App មួយដែលមានមុខងារផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណ ដែលមាននៅក្នុងអត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់ ប៉ុន្តែយើងត្រូវបង្កើតគណនីផ្ទាល់ខ្លួនមួយនៅក្នុង App ដោយមានបញ្ចូលរូបថតសែលហ្វី, រូបថតអត្តសញ្ញាណបណ្ណ, អាស័យដ្ឋានអ៊ីម៉ែល និង លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកអ្នក ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ App នេះមានភ្ជាប់និងធ្វើការផ្ទៀងផ្ទាត់ទិន្ន័យជាមួយនឹងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ តាមរយៈការបើក API សម្រាប់ទិន្នន័យឈ្មោះ, ភេទ, ថ្ងៃខែឆ្នាំកំណើត, ទីកន្លែងកំណើត, លេខអត្តសញ្ញាប័ណ្ណ និងព័ត៌មានមួយចំនួនទៀត រួមទាំងរូបថតរបស់ម្ចាស់អត្តសញ្ញាណបណ្ណនោះ ផងដែរ។

ដើម្បីឱ្យកាន់តែងាយស្រួលយល់ ក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានលើកជាឧទាហរណ៍ថា នាពេលឆាប់ៗខាងមុខនេះ នៅពេលដែលប្រព័ន្ធ CamDigiKey ត្រូវបានភ្ជាប់ជាមួយនឹងសេវាផ្សេងៗ ក្នុងវិស័យធនាគារ, ប្រសិនបើយើងត្រូវការបង្កើតគណនីធនាគារមួយ ពិតណាស់យើងត្រូវទៅដល់ធនាគារ ហើយខាងធនាគារនឹងទាមទារឱ្យលោកអ្នកផ្តល់អត្តសញ្ញាបណ្ណ ដើម្បីថតចម្លងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ទើបធនាគារអាចបើកគណនីជូនបាន ។ និយាយដោយឡែក ប្រសិនបើប្រព័ន្ធនៃធនាគារនោះបានភ្ជាប់ជាមួយនឹងប្រព័ន្ធ CamDigikey, ទាំងខាងធនាគារ ទាំងអតិថិជនដែលមានបំណងបើកគណនីធនាគារ មានភាពងាយស្រួលនិងទុកចិត្តថា ព័ត៌មានអត្តសញ្ញាណនៅលើអត្តសញ្ញាណបណ្ណ ដែលបានផ្តល់ក្នុងការបើកគណនីធនាគារ គឺត្រូវបានផ្ទៀងផ្ទាត់ និងបញ្ជាក់ថាត្រឹមត្រូវ និងពិតប្រាកដទៅតាមកំណត់ត្រារបស់រាជរដ្ឋាភិបាល ។

Fbg

សរុបសេចក្តីមក, នៅពេលដែលលោកអ្នកបានបង្កើតគណនី ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យដែលនៅក្នុងអត្តសញ្ញាបណ្ណរបស់លោកអ្នក ទៅក្នុង CamDigikey App ហើយ លោកអ្នកអាចប្រើប្រាស់ប្រព័ន្ធនេះ ជំនួសឱ្យការកាន់កាតអត្តសញ្ញាណបណ្ណ ក្នុងករណី លោកអ្នកត្រូវការចុះបញ្ជីអាជីវកម្ម ដើម្បីបង្កើតក្រុមហ៊ុនថ្មី និងប្រើប្រាស់សេវាផ្សេងៗ ដែលបានភ្ជាប់មកប្រព័ន្ធនេះ។ ដោយឡែក វិស័យធនាគារពុំទាន់បានភ្ជាប់មកប្រព័ន្ធ CamDigikey នៅឡើយទេ ប៉ុន្តែក្រុមការងារបច្ចេកទេសបាននិងកំពុងសិក្សា និងសហការគ្នាដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធ CamDigiKey អាចដាក់ឱ្យប្រើប្រាស់បានក្នុងវិស័យធនាគារ នាពេលឆាប់ៗខាងមុខនេះ ។

Vf

ទាញយកសម្រាប់ Android: CamDigikey

ទាញយកសម្រាប់ iOS: CamDigikey

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia