កន្លងមកនៅពេលដែលយើងចង់ធ្វើលិខិតថ្កោលទោស ដើម្បីដាក់ពាក្យបម្រើការងារ រដ្ឋ ឬឯកជនមួយចំនួន គឺត្រូវតម្រូវឱ្យទៅធ្វើនៅនាយកដ្ឋានលិខិតថ្កោលទោសផ្ទាល់។ ការធ្វើលិខិតថ្កោលទោសគឺត្រូវមានឯកសារជាច្រើនដើម្បីធ្វើ ដូចជាស្នើសុំពាក្យថ្កោលទោស អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ សំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារថតចម្លងជាដើម។
ឥឡូវនេះបច្ចេកវិទ្យាកាន់តែទំនើប ពោលគឺយើងអាចចូលទៅស្នើសុំលិខិតថ្កោលទោសតាមអនឡាញបាន។ ក្រសួងយុត្តិធម៌បានបង្កើត App ថ្មីមួយឈ្មោះ CR-MOJ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ដែលកំពុងត្រូវការស្នើសុំលិខិតថ្កោលទោស អាចចូលទៅស្នើបានតាមរយៈ App នេះ។
លោកអ្នកអាចទាញយក App CR-MOJ បានទាំងនៅលើ Play Store និង App Store រួចចូលទៅ លោកអ្នកនឹងឃើញមានពាក្យថា ប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល។ មើលពីរបៀបស្នើសុំ៖
ជំហានទី១៖ សូមចុចសញ្ញាបូកដើម្បី ដាក់ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោស
ជំហ៊ានទី២៖ សូមជ្រើសរើសសញ្ញាតិ រយៈពេលសេវា ភាសានិងចំនួនសន្លឹកទៅតាមតម្រូវការរបស់លោកអ្នក រួចចុចយល់ព្រម។
ជំហ៊ានទី៣៖ លោកអ្នកអាចបញ្ចូលប្រវត្តិរូបផ្ទាល់ខ្លួន ដោយតាមការថតរូបឬសរសេរដោយដៃផ្ទាល់
ជំហ៊ានទី៤៖ លោកអ្នកត្រូវបំពេញចម្លោះដែលមានដូចជា លេខទូរស័ព្ទ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត សៀវភៅស្នាក់នៅ ឱ្យគ្រប់តាមលក្ខខណ្ឌដែលបានភ្ជាប់ទៅតាមប្រអប់នីមួយៗ។
ជំហ៊ានទី៥៖ រួចចុចពាក្យបន្ទាប់
ជំហ៊ានទី៦៖ បើសិនលោកអ្នកមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស សូមលោកអ្នកបំពេញចន្លោះដែលមាននៅខាងក្រោម។ រួចចុចរក្សាទុក។
ចុងក្រោយ៖ ការដាក់ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសរបស់លោកអ្នកទទួលបានជោគជ័យ។
អត្ថបទដោយ៖ ផែន ផាន់ណា