បច្ចុប្បន្ននេះរបរចិញ្ចឹមត្រីសម្រាប់នាំចេញទៅលក់ ត្រូវបានប្រជាកសិករខ្មែរយើងជ្រើសរើស ធ្វើជាអាជីវកម្មមួយដែលអាចស្វែងរកចំណូលចូលគ្រួសារបានច្រើន ខណៈតម្លៃក៏សមរម្យ និងសម្បូរទីផ្សារទៀតផង។ បើទោះបីជាទីផ្សារទូលំទូលាយហើយក្ដី ប៉ុន្តែក៏នូវមានកសិករមួយចំនួន ហាក់នូវពុំទាន់ចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយស្វែងរកទីផ្សារបន្ថែម ដើម្បីឱ្យត្រីរបស់ពួកគាត់លក់កាន់តែដាច់។
អ្វីដែល Technology Cambodia អាចជួយលោកអ្នកបាន ពេលនេះយើងសូមណែនាំ App របស់ក្រសួងកសិកម្មមួយ ដែលអាចឱ្យប្រជាកសិករ កំពុងស្វែងរកទីផ្សារនៅលើអនឡាញ សម្រាប់ទិញឬលក់ត្រីចិញ្ចឹម។ App CAMAgriMarket គឺជា App របស់ក្រសួងកសិកម្ម ដែលមានមុខងារសំខាន់ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋអាចមើលព័ត៌មានទិញ-លក់ តម្លៃទិញដុំឬរាយ តម្លៃទំនិញកសិកម្មប្រចាំថ្ងៃ រកបណ្ដាញអាជីវករ និងព័ត៌មានជាច្រើនទៀត។
នៅក្នុង App CAMAgriMarket មានមុខងារដ៏ពិសេសមួយទៀត គឺមុខងារ CAST ដែលយើងអាចចូលទៅទិញ-លក់ត្រីចិញ្ចឹមក្នុងស្រុកបានគ្រប់ពេល។ បើយោងតាមការចុះផ្សាយរបស់ CAST នៅលើផេករបស់ខ្លួនផ្ទាល់ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅក៏បានឱ្យដឹងផងដែរថា មុខងារនេះគឺស្ថិតក្រោមគម្រោងមួយដែលមានឈ្មោះថា CAST ដែលជាកម្មវិធីអនឡាញផលិតផលកសិកម្ម ដែលអាចជួយជម្រុញនិងលើកកម្ពស់ទីផ្សារ ក៏ដូចជាខ្សែច្រវាក់តម្លៃនៃផលិតផលវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធឌីជីថលដើរលើទូរស័ព្ទដៃ។
សម្រាប់របៀបចូលទៅចុះឈ្មោះ ដើម្បីទិញឬលក់ត្រីចិញ្ចឹមក្នុងស្រុក សូមធ្វើតាមការណែនាំរបស់ CAST ផ្ទាល់តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
អត្ថបទដោយ៖ ផែន ផាន់ណា