ក្រុមហ៊ុន Amazon ដែលគឺផ្សារអនឡាញលំដាប់ថ្នាក់ពិភពលោក ពេលនេះគ្រោងបញ្ឈប់បុគ្គលិកប្រហែល១០០០០នាក់ ដោយភាគច្រើនជាអ្នកធ្វើការផ្នែកសាជីវកម្ម និងបច្ចេកវិទ្យា ខណៈការគ្រោងនេះនឹងចាប់ផ្ដើមអនុវត្តន៍ពីសប្ដាហ៍នេះទៅ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The News York Time។
ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះប្រហែល២% កាលពីម្សិលមិញនេះ(ថ្ងៃច័ន្ទ)។ ការដែល Amazon កាត់បុគ្គលិកចេញម្ដងរាប់ម៉ឺននាក់បែបនេះ គឺជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ខណៈការបញ្ឈប់នេះក៏នឹងជះឥទ្ធិពលខ្លាំងទៅផ្នែកលក់រាយរបស់ក្រុមហ៊ុន Amazom ផ្ទាល់ដែរ។
ថ្មីៗនេះដែរ ក្រុមហ៊ុន Amazon បានប្រកាសជាបន្តបន្ទាប់នូវគម្រោងផ្អាកការជួលបុគ្គលិក ខណៈប៉ុន្មានខែចុងក្រោយនេះក្រុមហ៊ុនបានបិទអាជីវកម្មមួយចំនួនរបស់ខ្លួនដូចជា សេវាសុខភាពទូរគមនាគមន៍ កន្លែងមើលកុនរបស់កុមារ កន្លែងទូរស័ព្ទចល័តនៅអាមេរិក បិទមនុស្សយន្តដឹកជញ្ជូន និងបិទឃ្លាំងថ្មីរបស់ខ្លួនមួយចំនួនទៀត។
កាលពីត្រីមាសទី៣កន្លងទៅក្រុមហ៊ុន Amazon បានជួបរឿងភ្លាក់ផ្អើលមែនទែន ដោយភាគហ៊ុនរបស់ក្រុមហ៊ុនបន្ដដាំក្បាលចុះជាង១៣% ដែលវាគឺជាលើកទី១ហើយ ធ្វើឱ្យភាគហ៊ុនចុះនៅក្រោម១ទ្រីលានដុល្លារ គិតចាប់តាំងពីឆ្នាំ២០២០មក។ ទិន្នន័យខាងលើនេះគឺគិតតែត្រីមាសទី៣ប៉ុណ្ណោះ តែបើគិត១ឆ្នាំពេញកន្លងមកនេះ ភាគហ៊ុន Amazon បានធ្លាក់ចុះប្រហែល 41% ឯណោះ ខណៈវាស្ទើរតែអាក្រក់ជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ២០០៨ទៅទៀត។
គូសបញ្ជាក់ថា មួយរយៈចុងក្រោយនេះក្រុមហ៊ុនយក្សជាច្រើនដូចជា Meta, Twitter, និង Amazon នាំគ្នាបញ្ឈប់បុគ្គលិកម្ដងរាប់ម៉ឺននាក់ តួយ៉ាងក្រុមហ៊ុន Meta បានប្រកាសបញ្ឈប់បុគ្គលិកជាង១១០០០នាក់ ខណៈ Twitter ក៏គ្រោងបញ្ឈប់បុគ្គលិកជាងពាក់កណ្ដាលនៃក្រុមហ៊ុនរបស់ខ្លួនដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា