នៅកម្ពុជាយើង បើនិយាយពីសាលាបង្រៀនអាយធីឬកូដសម្រាប់កុមារ គឺនៅមានកម្រិតនៅឡើយ ពោលគឺភាគច្រើន គេតែងផ្ដោតសំខាន់ទៅលើយុវជនឬសិស្សបញ្ចប់បាក់ឌុប។ មានសាលាមិនច្រើនទេ ដែលទទួលបើកវគ្គបណ្ដុះបណ្ដាលសម្រាប់កុមារលើជំនាញសរសេរកូដ ខណៈអាណាព្យាបាលតិចតួចណាស់ ដែលបានយល់ច្បាស់អំពីជំនាញដ៏មានសក្ដានុពលទាំងបច្ចុប្បន្ននិងទៅអនាគតមួយនេះ។ ថ្ងៃនេះដែរ Technology Cambodia សូមណែនាំសាលាបង្រៀនសរសេរកូដសម្រាប់កុមារ មានអាយុចាប់ពី៦ឆ្នាំ ដល់១៧ឆ្នាំ ដែលលោកអ្នកជាអាណាព្យាបាល ពូ មីង ឬសាច់ញាតិរបស់កុមារ អាចណែនាំកូនឬក្មួយរបស់ខ្លួន ឱ្យចូលសិក្សាក្នុងសាលានេះបាន។
សាលាអន្តរជាតិ Algorithmics Phnom Penh គឺជាកន្លែងបណ្ដុះបណ្ដាលកុមារលើផ្នែកសរសេរកូដ ដែលយើងនិយមហៅថាមុខវិជ្ជាអាយធី និងជាកន្លែងបង្ហាញផ្លូវសម្រាប់ក្មេងៗ ដែលចង់ចេះចង់ដឹង និងមានចិត្តស្រឡាញ់ជំនាញចំណូលខ្ពស់មួយនេះ។ បើតាមការផ្ដល់បទសម្ភាសន៍ជាមួយ Technology Cambodia ក្រុមការងារសាលា Algorithmics Phnom Penh បានឱ្យដឹងថា បច្ចុប្បន្ននេះសាលាកំពុងផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលកុមារដែលមានអាយុចម្លោះពី៦ទៅ១៧ឆ្នាំ ដើម្បីឱ្យពួកគេមានមូលដ្ឋានគ្រឹះក្នុងការសរសេរកូដ។
សម្រាប់មុខវិជ្ជាដែលសាលាបានយកមកធ្វើជាគោលធំៗសម្រាប់បង្រៀនក្មេងៗនេះ ទាំងអស់មានចំនួន ៩ ដោយក្នុងនោះយើងផ្ដោតលើមុខវិជ្ជាដូចជា The Coding Knight, Digital Literacy, Visual Programming, Video Content Makers, Graphic Design, Game Design, Building Website, Python Start, និង Python Pro។
បច្ចុប្បន្នកម្មវិធីសិក្សារបស់ សាលា អន្តរជាតិ Algorithmics Phnom Penh ស្ថិតនៅក្រោមកម្មវិធីរបស់ Algorithmics Global មានសាខានៅតាមប្រទេសជាង៨០នៅជុំវិញពិភពលោក ដោយក្នុងនោះមានសិក្សបញ្ចប់ការសិក្សាជាង 860,000 នាក់ រួមមានទាំងប្រទេសបារាំងនិងប្រទេសសិង្ហបុរីផងដែរ។ សម្រាប់គ្រូបង្រៀននៅក្នុងសាលា Algorithmics Phnom Penh សុទ្ធតែជាគ្រូបង្រៀនទទួលបានសញ្ញាបត្រពី Algorithmics Global និងមានបទពិសោធន៍ច្រើនឆ្នាំ បូកផ្សំនឹងសិល្បៈជួយសិស្សឱ្យស្រឡាញ់ពេញចិត្ត ជាមួយមុខវិជ្ជាដែលពួកគេកំពុងរៀន។
ក្រុមការងាររបស់សាលា Algorithmics បានបញ្ជាក់បន្ថែមថា មូលហេតុដែលអាណាព្យាបាលសិស្ស គួរជ្រើសរើសយកសាលានេះសម្រាប់កូនៗរបស់ពួកគេព្រោះ កម្មវិធីសិក្សារបស់សាលា Algorithmics Phnom Penh ត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយអ្នកជំនាញផ្នែកវិធីសាស្ត្របង្រៀន អ្នកអប់រំ និងអ្នកចិត្តសាស្ត្រ។ គ្រូបង្រៀនក៏មានសិល្បៈក្នុងការនិយាយជាសិស្សតូចៗ ដើម្បីបញ្ជ្រៀបចំណេះដឹង និងអ្វីដែលក្មេងៗកំពុងរៀន បានយ៉ាងឆាប់រហ័ស។ អ្វីដែលកាន់តែពិសេសនោះ រាល់ការបញ្ចប់វគ្គសិក្សា សាលានឹងផ្ដល់ជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា លំដាប់ថ្នាក់អន្តជាតិមួយផងដែរ។
សម្រាប់អាណាព្យាបាលដែលកំពុងត្រូវការ ឬមានបំណងចង់ឱ្យកូនចាប់យកជំនាញសរសេរកូដ ឬអាយធី អាចណែនាំកូនចុះឈ្មោះចូលរៀនបាន ដោយក្នុងមួយវគ្គសិក្សាមានរយៈពេល៨ខែ ជាមួយតម្លៃពេញ 480ដុល្លារ ។ បើបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងទៅសាសាបានតាមរយៈលេខទូរស័ព្ទ 086 718 333 ឬ 089 718 333 ឬមើលនៅលើវេបសាយរបស់សាលាផ្ទាល់ algo.phnom penh.school ក៏បាន៕
អត្ថបទដោយ៖ ផែន ផាន់ណា