មុខនេះបន្តិច គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីកបានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្ដល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានកិត្តិយសសូមជូនដំណឹងដល់សិស្ស-និស្សិតទូទាំងប្រទេស និងសាធារណជន ជ្រាបថា គណៈកម្មាធិការ នឹងផ្តល់ជូនអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ១០០កន្លែង ដោយឆ្លងកាត់ការប្រឡង ដែលមានព័ត៌មានលម្អិតដូច ខាងក្រោម៖
១- លក្ខខណ្ឌសម្រាប់បេក្ខជនដាក់ពាក្យស្នើសុំចូលរួមប្រឡង
- បេក្ខជនទូទាំងប្រទេសដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២- ២០២៣ ដោយទទួលបាននិទ្ទេស A, B, C
- ពុំមែនជាសិស្ស/និស្សិតដែលបានចុះឈ្មោះចូលសិក្សា ឬកំពុងសិក្សានៅសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ
- មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត
- គោរពតាមការណែនាំ និងព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់ គណៈកម្មាធិការអាហា រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
២- អំពីជំនាញ និងព័ត៌មានទាក់ទងនឹងគ្រឹះស្ថានឧត្តមសិក្សា
- ជំនាញបច្ចេកវិទ្យាឌីជីថល (Single Degree)
១. បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology)
២. សន្តិសុខសាយប័រ(Cybersecurity)
៣. ការអភិវឌ្ឍសុសវែរ(Software Development)
៤. ហេដ្ឋារចនាសម្ព័ន្ធឌីជីថល(Digital Infrastructure)
- កាលបរិច្ឆេទចូលសិក្សា៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
- វេនសិក្សាសម្រាប់អាហារូបករណ៍៖ ព្រឹក និងរសៀល(ចន្ទ-សុក្រ)
- អាហារូបករណ៍ផ្តល់ជូនលើ៖ ថ្លៃចុះឈ្មោះចូលរៀន(Application Fee), ថ្លៃសិក្សា(Tuition Fee), ថ្លៃរដ្ឋបាល(Administration Fee)
បញ្ជាក់៖ ការចំណាយផ្សេងៗក្នុងអំឡុងពេលសិក្សា ជាបន្ទុករបស់សាមីខ្លួន
៣- លក្ខខណ្ឌនៃការជ្រើសរើស និងទទួលបាន
- ដំណាក់កាលទី១៖ បេក្ខជនត្រូវដាក់ពាក្យស្នើសុំប្រឡង(ទទួលបានតាមរយៈ QR Code ខាងក្រោម)
- ដំណាក់កាលទី២៖ បេក្ខជនត្រូវបំពេញឯកសារចុះឈ្មោះ និងភ្ជាប់ជូនឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមរយៈអ៊ីមែល និងតាមការណែនាំរបស់សាកលវិទ្យាល័យ
- ដំណាក់កាលទី៣៖ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងដូចខាងក្រោម
ក. សិស្សទទួលបាននិទ្ទេស A
- ភាសាអង់គ្លេស រយៈពេល ៣ ម៉ោង
ខ. សិស្សទទួលបាននិទ្ទេស B, C
- ភាសាអង់គ្លេស រយៈពេល ៣ ម៉ោង
- គណិតវិទ្យា(ជាភាសាខ្មែរ) រយៈពេល ១ ម៉ោង
- រូបវិទ្យា(ជាភាសាខ្មែរ) រយៈពេល ១ ម៉ោង
បញ្ជាក់៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ នឹងធ្វើការពិចារណាលើកលែងការ ប្រឡងភាសាអង់គ្លេសចំពោះសិស្សដែលមាន និងភ្ជាប់មកជាមួយឯកសារមានសុពលភាព បញ្ជាក់សមត្ថភាពភាសាអង់គ្លេស IELTS ចាប់ពី 6.0 ឡើង ឬ TOEFL ចាប់ពី 79 ឡើង។
៤- ការដាក់ពាក្យស្នើសុំប្រឡង
- ទីតាំងដាក់ពាក្យ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាន អគារលេខ ២៧៨H ផ្លូវ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
- កាលបរិច្ឆេទដាក់ពាក្យ៖ ចាប់ពីថ្ងៃទី១១ ខែធ្នូ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ (ថ្ងៃចន្ទ-សុក ចាប់ពីម៉ោង ៨ព្រឹក-៥ល្ងាច និង ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក-១២ថ្ងៃត្រង់)
- ស្កេនចូលក្រុមតេឡេក្រាម(AMT-AUPP-2023)តាមរយៈ QR Code ខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែម
- រាល់នីតិវិធីនៃការដាក់ពាក្យស្នើសុំចូលរួមប្រឡង មិនតម្រូវឱ្យបង់ថវិកាទេ។