ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីជេកម៉ា បានប្រកាសចេញផែនការ បង្កើត AI ថ្មីមានឈ្មោះថា Tongyi Qianwen ដែលស្រដៀងទៅនឹង ChatGPT របស់ក្រុមហ៊ុន Open AI ដើម្បីប្រកួតប្រជែងគ្នា ។ ជាមួយគ្នានេះ Alibaba ក៏នឹងបញ្ចូល Tongyi Qianwen ទៅក្នុងអាជីវកម្មរបស់ខ្លួន ក្នុងពេលដ៏ខ្លីខាងមុខ ប៉ុន្តែមិនទាន់មានការកំណត់ពេលវេលាណាមួយ ឲ្យបានច្បាស់លាស់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Fossbytes។
លោក Daniel Zhang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba ក្នុងពេលបច្ចុប្បន្ន បាននិយាយថា “នៅពេល Tongyi Qianwen ដាក់ឱ្យដំណើរការ គឺ Alibaba កំពុងស្ថិតក្នុងដំណាក់កាលនៃ បច្ចេកវិទ្យាដែលជំរុញដោយ AI និង cloud computing។”
គូសបញ្ជាក់ថា Alibaba បានប្រកាសពីគោលជំហររបស់ខ្លួនរួចជាស្រេច ដើម្បីបង្កើត AI ប្រកួតប្រជែងនឹង ChatGPT ខណ: ក្រុមហ៊ុនធំៗនៅលើពិភពលោកជាច្រើន ក៏កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យា AI របស់ខ្លួន ដើម្បីប្រកួតនឹង ChatGPT របស់ក្រុមហ៊ុន Open AI តួយ៉ាងដូចជាក្រុមហ៊ុន Microsoft និង Google ជាដើម៕
អត្ថបទដោយ៖ ផែន ផាន់ណា