ដោយសារបច្ចុប្បន្ននេះ មានការជជែកវែកញែករឿងការក្លែងបន្លំ និងឆបោក ពាក់ព័ន្ធនឹង QR Code របស់ ABA នៅតាមហាងផ្សេងៗ ដោយបានព្រីន QR Code ផ្ទាល់ខ្លួនរបស់ជនឆបោកនោះ ហើយយកទៅបិទលើ QR Code របស់ម្ចាស់ហាង ដែលបង្កឲ្យអតិថិជនស្កេនកូដនោះ ដើម្បីបង់ប្រាក់ ប៉ុន្តែលុយដែលបានផ្ញើនោះមិនបានចូលទៅគណនីរបស់ម្ចាស់ហាងឡើយ។
ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ និងធានានូវសុវត្ថិភាពទាំងអ្នកបង់ប្រាក់ និងម្ចាស់ហាង ABA បានជូនសេចក្តីណែនាំគោលការណ៍សំខាន់ ចំនួន ៥ក្បាច់ សម្រាប់អ្នកលក់ និងអ្នកទិញក្នុងដំណើរការនៃការស្កេន QR Code ឲ្យមានសុវត្ថិភាពបំផុត៖
សម្រាប់អ្នកបង់ប្រាក់/អតិថិជន៖
-សូមត្រួតពិនិត្យអត្តសញ្ញាណរបស់ម្ចាស់គណនីទទួល ដោយមើលឈ្មោះ និងលេខគណនីរបស់គាត់ឲ្យបានច្បាស់លាស់សិន មុននឹងធ្វើប្រតិបត្តិការណាមួយបន្តទៀត។
-ផ្ទៀងផ្ទាត់ឡើងវិញ នូវឈ្មោះអ្នកទទួលប្រាក់ពីលោកអ្នក ដែលបង្ហាញនៅលើអេក្រង់អេប ABA Mobile មុននឹងធ្វើប្រតិបត្តិការណាមួយ។
-បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដោយជោគជ័យរួច សូមប្រាប់ឲ្យអ្នកលក់/អាជីវករ ពិនិត្យគណនីរបស់ពួកគាត់ ឬពិនិត្យសារជូនដំណឹង ដើម្បីប្រាកដថា អ្នកលក់ពិតជាបានទទួលប្រាក់ប្រាកដមែន។
សម្រាប់អ្នកទទួលប្រាក់/ពាណិជ្ជករ៖
-សូមត្រួតពិនិត្យជាប់ជានិច្ចថា ទឹកប្រាក់ពិតជាបានចូលគណនីរបស់អ្នក ដោយពិនិត្យមើលរបាយការណ៍គណនី និង/ឬសារជូនដំណឹងបញ្ជាក់ពីការទទួលប្រាក់។
-ប្រើប្រាស់ មុខងារផ្តល់សារជូនដំណឹងតាម គ្រុប Telegram ។ តាមរយៈការភ្ជាប់សារបញ្ជាក់ការទូទាត់ប្រាក់ទៅក្នុងគ្រុប Telegram លោកអ្នកនឹងទទួលបានសារបញ្ជាក់ភ្លាមៗ រាល់ពេលអតិថិជនបង់ប្រាក់ ឬទូទាត់រួច។ មុខងារនេះ នឹងអនុញ្ញាតឲ្យលោកអ្នក ក៏ដូចជាសមាជិកគ្រុប និងបុគ្គលិក តាមដានរាល់ប្រតិបត្តិការទាំងអស់រួមគ្នា។ សូមមើលពីរបៀបភ្ជាប់សារបញ្ជាក់ការទូទាត់ក្នុងគ្រុប Telegram ទីនេះ។
អត្ថបទ៖ ព្រឹម ភក្តី