ភ្នំពេញ ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២៣៖ ព្រឹត្តិការណ៍កិច្ចប្រជុំជាន់ខ្ពស់ CamTech Summit 2023 រៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា និង សមាគមន៍ហិរញ្ញវត្ថុ និង បច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា CAFT បានបង្កើតនូវព្រឹត្តិការណ៍ដ៏សំខាន់ថ្មីសម្រាប់កម្មវិធីលើកនេះ ជាមួយនឹងការចូលរួមឧបត្ថម្ភពីសំណាក់ធនាគារ ABA ជាម្ចាស់ឧបត្ថម្ភធំ Gold Sponosr និង ក្រុមហ៊ុន Huawei Cambodia ជាម្ចាស់ឧបត្ថម្ភធំបន្ទាប់ Silver Sponsor។
ការចូលរួមជាម្ចាស់ឧបត្ថម្ភធំពីសំណាក់ធនាគារ ABA និង ក្រុមហ៊ុន Huawei Cambodia នេះ មិនត្រឹមតែធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅបានកាន់តែប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញថាធនាគារ ABA និង ក្រុមហ៊ុន Huawei Cambodia ជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការច្របាច់បញ្ចូលរវាង បច្ចេកវិទ្យា និង ហិរញ្ញវត្ថុ នៅក្នុងទិដ្ឋភាពសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់ប្រជាជនកម្ពុជា។
ជាម្ចាស់ឧបត្ថម្ភធំនៃកម្មវិធី ធនាគារ ABA បានដើរតួរចម្បងនៅក្នុងព្រឹត្តិការណ៍ CamTech Summit ឆ្នាំនេះ ដោយបានចែករំលែកនូវការមើលឃើញរបស់ខ្លួនទៅលើ នវានុវត្តសេវាកម្មហិរញ្ញវត្ថុឌីជីថលដែល ABA មាន និង សក្ដានុពលឥទ្ធិពលរបស់ធនាគារនេះទៅលើ វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។
នាយកប្រតិបត្តិរបស់ធនាគារ ABA លោក Zokhir Rasulov បានលើកឡើងចែករំលែកពីទស្សនៈរបស់លោកថា៖ “ABA ជាធនាគារឌីជីថលនាំមុខគេ ក្នុងការបង្ហាញបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់នៅកម្ពុជា ហើយយើងមានមោទនភាពជា Gold Sponsor នៅក្នុងកិច្ចជំនួបកំពូល CamTech Summit ឆ្នាំនេះ។ ខ្ញុំចង់ចែករំលែកជារួមថា ABA ជាធនាគារនៅកម្ពុជា ដើម្បីប្រជាជនកម្ពុជា ជាមួយនឹងធនធានបុគ្គលិក និងដៃគូរជាប្រជាជនកម្ពុជា ហើយខ្ញុំមានមោទនភាពជាផ្នែកមួយនៃក្រុមការងាររបស់ធនាគារនេះ។ រាល់ការអភិវឌ្ឍយើងបានធ្វើ យើងធ្វើឡើងដោយចាត់ទុកអតិថិជនជាអាទិភាព រួមជាមួយនឹងការការពារសុវត្ថិភាពសាយប៊័រផងដែរ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ABA បានវិនិយោគច្រើនជាង ១០លានដុល្លារ ក្នុងការពង្រឹងសុវត្ថិភាពសាយប៊័រ ដើម្បីធានាសុវត្ថិភាពជូនអតិថិជន។”
លោកបានបន្តទៀតថា៖ “គម្រោងរបស់ ABA គឺនឹងបន្តបង្កើតផលិតផលដែលសុវត្ថិភាពគាំទ្រដល់អតិថិជនជាប្រជាជនកម្ពុជា។ នៅ ABA យើងមានសសរស្ដម្ភ ៣ធំដូចជា អតិថិជន សុវត្ថិភាព និង ការប្រតិបត្តិ។ ធនាគារ ABA បច្ចុប្បន្នកំពុងបម្រើដល់អតិថិជនដ៏ច្រើនសម្បើមក្នុងចំនួនច្រើនជាង ៣លាននាក់ ហើយវាពិតជាសំខាន់ណាស់ក្នុងការរក្សារភាពខ្លាំងក្នុងការប្រតិបត្តិនៃប្រព័ន្ធរបស់យើង ដោយសារតែមានប្រតិបត្តិការសាច់ប្រាក់រាប់លានដងដំណើរការជារៀងរាល់ថ្ងៃទៅលើកិច្ចការប្រើប្រាស់ផ្សេងៗ ដូចជា ការទូរទាត់ថ្លៃកាហ្វេ ការបង់សាលា ការបង់វិក្ក័យបត្រ -ល-។ ហើយវាពិតជាសំខាន់មែនទែនក្នុងការរក្សារនូវល្បឿនដ៏លឿនបំផុតតាមដែលអាចធ្វើបានជូនអតិថិជន ហើយវាជាទំនួលខុសត្រូវរបស់យើងធំបំផុត ហើយក៏ព្រោះតែយើងមានក្រុមការងារប្រកបដោយសមត្ថភាព ទេពកោសល្យខ្ពស់ ទើបយើងអាចផ្ដល់ជូននូវសេវាកម្មរហ័សទាន់ចិត្តដោយរលូនបាន។”
ស្របពេលជាមួយគ្នានេះដែរក្រុមហ៊ុន Huawei Cambodia ដែលជាម្ចាស់ឧបត្ថម្ភធំបន្ទាប់ក៏បានបន្សល់ទុកនូវដានជើងដ៏មានឥទ្ធិពលតាមរយៈបទបង្ហាញដ៏ជក់ចិត្ត និង សិក្ខាសាលាដ៏មានអត្ថន័យ។ លោក Kim Zhao Zhongyang អ្នកគ្រប់គ្រងទូរទៅលើផ្នែកធុរកិច្ច រដ្ឋាភិបាលនិងសហគ្រាសរបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានឱ្យដឹងថា “កសាងពិភពលោក ពោរពេញដោយការតភ្ជាប់ និង ឈ្លាសវៃ ជាទស្សនវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុន Huawei។ ការណ៍នេះបានដើរស្របទៅនឹងយុទ្ធសាស្ត្រហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា ជាពិសេសទៅលើគោលដៅនៃការរួមបញ្ចូលលើផ្នែកហិរញ្ញវត្ថុតែម្ដង។”
លោកបន្ថែមទៀតថា៖ “ផ្អែកទៅលើភាពជោគជ័យរបស់យើងលើវិស័យហិរញ្ញវត្ថុនៅប្រទេសសចិន និង បណ្ដាប្រទេសអាស៊ីដទៃ ដូចជា សិង្ហបុរី ម៉ាឡេស៊ី ថៃ និង ឥណ្ឌូនេស៊ីជាដើម ក្រុមហ៊ុន Huawei Cambodia បានកំពុងនឹងធ្វើការយ៉ាងជិតស្និតជាមួយនឹងដៃគូររបស់យើងដើម្បីផ្ដល់សេវាកម្មជូនធនាគារច្រើនជាង ២០នៅកម្ពុជា។ យើងមានប្រព័ន្ធ eco-system ដ៏អស្ចារ្យដែលអាចផ្ដល់ជូនអតិថិជនធនាគាររបស់យើង នូវដំណោះស្រាយបច្ចេកវិទ្យាពេញលេញរាប់ចាប់តាំងពី បច្ចេកវិទ្យាបណ្ដាញ Network បច្ចេកវិទ្យាផ្ទុកទិន្នន័យ បរិក្ខាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ រហូតដល់ បច្ចេកវិទ្យាក្លោដ សូម្បីតែបច្ចេកវិទ្យាប្រព័ន្ធស្នូលរបស់ធនាគារក៏មានដែរ។ យើងអាចសម្របតាមយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារជាអតិថិជនយើង និង យុទ្ធសាស្ត្របច្ចេកវិទ្យា IT ដើម្បីឱ្យពួកគាត់លែងមានកង្វល់ពាក់ព័ន្ធនឹងកញ្ចប់ថវិការ IT ឬក៏ការបន្តប្រតិបត្តិការអាជីវកម្ម និង ប្រតិបត្តិការ IT ជាដើម។”
ជាងនេះទៅទៀតលោកក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ក្នុងការរុញព្រំដែននៃបច្ចេកវិទ្យានៅក្នុងវិស័យហិរញ្ញវត្ថុបន្ថែមទៀតថា៖ “យើងស្វាគមន៍នូវដៃគូរដំណោះស្រាយ និង ដៃគូរសេវាកម្មដ៏មានសក្ដានុពលជាច្រើនទៀត មិនថាជាធុរកិច្ចបង្កើតថ្មី (Startup) ឬក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នោះទេ ដើម្បីធ្វើការរួមគ្នា។ ជាការចាប់ផ្ដើមមួយដែរ សេវាកម្មក្លោដរបស់ Huawei ទទួលនូវគ្រប់ដៃគូរនវានុវត្តន៍ដើម្បីចាប់យកបច្ចេកវិទ្យារបស់យើងក្នុងការបង្កើតនូវដំណោះស្រាយបច្ចេកវិទ្យា និង ecosystem។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុន Huawei កម្ពុជាក៏បានផ្ដោតការចាប់អារម្មណ៍របស់ខ្លួនទៅលើការអភិវឌ្ឍនិងចាប់យកនូវអ្នកមានទេពកោសល្យផងដែរ។ យើងរីកចម្រើន និង រៀនសូត្រជាមួយគ្នា។”
រីឯសមាជិកក្រុមប្រឹក្សាភិបាល CAFT លោក Tomas Pokorny បានបង្ហាញពីភាពរំភើបចំពោះដំណើរឈានទៅមុខដ៏សំខាន់នេះ ដោយលោកមានប្រសាសន៍ថា៖ “ការណ៍ដែលមានធនាគារ ABA និង ក្រុមហ៊ុន Huawei Cambodia ជាម្ចាស់ឧបត្ថម្ភធំ បានចូលរួមយ៉ាងសំខាន់ក្នុងការជម្រុញកិច្ចប្រជុំកំពូល CamTech Summit ឆ្នាំនេះឱ្យទៅមុខមួយកម្រិតទៀត។ ធនាគារ ABA បានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាផ្សេងៗ ហើយក្រុមហ៊ុន Huawei Cambodia ក៏មានបទពង្ហាញដ៏មានឥទ្ធិពល ព្រមទាំងសិក្ខាសាលាដែលបណ្ដុះឱ្យមានការជជែកពិភាក្សាគ្នាច្រើនទៅលើការរួមបញ្ចូលរវាង បច្ចេកវិទ្យា និង ហិរញ្ញវត្ថុ។”
កិច្ចប្រជុំកំពូល CamTech Summit 2023 ដែលមានដៃគូរឧបត្ថម្ភធំយ៉ាងសំខាន់ដូចជា ធនាគារ ABA និង ក្រុមហ៊ុន Huawei Cambodia នេះបង្ហាញពីតឹកតាងវិជ្ជមានយ៉ាងសំខាន់ អំពីឥទ្ធិពលនៃការចាប់ដៃគ្នារវាងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនមែនត្រឹមតែការឧបត្ថម្ភប៉ុណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសកម្មអំពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងការជម្រុញកិច្ចពិភាក្សា ផ្ដល់ជាការមើលឃើញដ៏មានតម្លៃ និង បទពិសោធន៍ជាក់ស្ដែង។
ភាពជោគជ័យនៃកិច្ចប្រជុំកំពូល CamTech Summit 2023 នេះមិនអាចកើតឡើងបានទេ បើមិនមានការចូលរួមចំណែកដ៏ថ្លៃថ្លាពីសំណាក់ម្ចាស់ឧបត្ថម្ភទាំងឡាយ ដែលមាន ABA ជា Gold Sponsor ក្រុមហ៊ុន Huawei Cambodia ជា Siliver Sponsor និង ក្រុមហ៊ុនស្ថាប័នដទៃជាច្រើនទៀត។ ជាមួយនឹងការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធបានធ្វើឱ្យកិច្ចប្រជុំកំពូលនេះ ឈានដល់កម្រិតមួយទៀត ហើយនៅអាចជួយតម្រង់ផ្លូវសម្រាប់ការបន្តរីកចម្រើន និង នវានុវត្តនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជានៃយើង៕