កាលពីថ្ងៃព្រហស្បតិ៍ទី ២១ សីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាស បានសម្រេចធ្វើការកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់រថយន្តប្រើប្រាស់ថាមពល អគ្គិសនី (EV) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤ (ភិកអាប់) និងដឹកអ្នកដំណើរ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសជាសាធារណៈ។
អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការប្រើប្រាស់រថយន្ត ដែលប្រើប្រាស់ថាមពល អគ្គិសនី (EV) នៅកម្ពុជា និងស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០ របស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន និងម្ចាស់រថយន្តអំពី ការកែសម្រួលបន្ថយអត្រាពន្ធ ដែលបានចែងក្នុងឆ្នាំ ២០២៤ សម្រាប់រថយន្តប្រើប្រាស់ ថាមពលអគ្គិសនី (អ៊ីវី) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤ (ភិកអាប់) និងដឹកអ្នកដំណើរ។ ហើយការកែសម្រួលនេះមានដូចជា ៖
- រថយន្តអគ្គិសនីដែលមានកម្លាំង ២០០សេះ ដល់ ២៥០សេះ គឺទទួលបាននូវការបន្ថយពន្ធផ្លូវពី ៥០០ ០០០៛ មក ៣០០ ០០០៛។
- រថយន្តអគ្គិសនីដែលមានកម្លាំង ២៥០សេះ ដល់ ៣០០សេះ គឺទទួលបាននូវការបន្ថយពន្ធផ្លូវពី១២០ ០០០៛ មក ៥០០ ០០០៛។
- រថយន្តអគ្គិសនីដែលមានកម្លាំងចាប់ពី ៣០០សេះ គឺទទួលបាននូវការបន្ថយពន្ធផ្លូវពី ១ ៦០០ ០០០៛ មក ៨០០ ០០០៛។
(សម្រាប់ឆ្នាំ ២០២៤)
គូសបញ្ជាក់ផងដែរថា សម្រាប់ពន្ធដែលបានរៀបរាប់ខាងលើ គឺត្រូវបានអនុវត្តសម្រាប់តែប្រភេទរថយន្តអគ្គិសនីថ្មីសម្រាប់រយៈពេល ៥ ឆ្នាំដំបូងតែប៉ុណ្ណោះ លើសពី ៥ ឆ្នាំទៅ ១០ឆ្នាំ គឺតម្លៃពន្ធបន្តធ្លាក់ចុះដាច់ដោយឡែកផ្សេងពីនេះទៀត ។