ថ្មីៗនេះបងប្អូនប្រហែលជាបានជ្រាបរួចមកហើយ ការដែលកម្ពុជាបានជាប់ក្នុងការបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ ជាមួយនឹងដំណឹងនេះដែរក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ចេញវីដេអូមួយ អំពីដំណើរការនៃការជ្រើសរើស ដែលបង្ហាញពីក្ដីសោមនស្សរីករាយ ពេលដែលដឹងថាកម្ពុជាទទួលបានលទ្ធផលបែបនេះ សូមទស្សនាវីដេអូ៖
បើតាមសំណេររបស់ក្រសួងអប់រំ អមនឹងវីដេអូខាងលើ “ទីបំផុតកម្ពុជាទទួលបានលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត! ដោយត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។
សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (38th WAGGGS Conference) កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្មដើម្បីស្មើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោត ជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោក លើកទី៣៩ ឆ្នាំ២០២៦។”