តើនរណាខ្លះមានក្ដីស្រមៃចង់ធ្វើការពីផ្ទះ? ខណៈខាងក្រោមនេះជា Website ធំៗ ៣ ណែនាំដោយលោក Sambath Evan ដែលជាអ្នកផលិតមាតិកា និងមានបទពិសោធន៍ធ្វើការងារជា Freelancer (ការងារឯករាជ្យ) រយៈពេលខ្ទង់៥ឆ្នាំមកហើយ៖
ទី១-Upwork៖ គឺជាគេហទំព័រដ៏ធំមួយ ដែលផ្សារភ្ជាប់អ្នកធ្វើការឯករាជ្យ (freelancers) ជាមួយអតិថិជន (clients)។ សព្វថ្ងៃគេហទំព័រមួយនេះទទួលបានការពេញនិយមជាខ្លាំង ត្បិតមានមនុស្សទូទាំងពិភពលោកប្រើប្រាស់ ដែលគ្រប់គ្នាអាចស្វែងរកការងារទៅតាមជំនាញរបស់ខ្លួន និងមានអតិថិជនជាច្រើន ទាំងជាតិ និងអន្តរជាតិ។ ចំណុចពិសេសរបស់ Upwork គឺ លោកអ្នកអាចផ្ញើ Proposal ទៅកាន់អតិថិជនបាន ដែលមានន័យថាយើងជាអ្នកស្វែងរកអតិថិជនដោយខ្លួនឯង លើសពីការអង្គុយចាំឱ្យតែអតិថិជនមករកយើង។
ការងារដែលសម្បូរទីផ្សារខ្លាំងនៅលើ Upwork មានជាច្រើនដូចជា៖ ការសរសេរអត្ថបទ (content writing, copywriting) , ការរចនាក្រាហ្វិក (graphic design) , ការអភិវឌ្ឍន៍កម្មវិធី (web & app development) , ស្ថាបត្យកម្ម (architecture) , អ្នកបកប្រែភាសា និងការងារផ្សេងៗទៀតជាច្រើន។
ទី២-Fiverr៖ គឺជាវេបសាយជំនួញលើអនឡាញមួយ ដែលអ្នកធ្វើការឯករាជ្យ (Seller) អាចដាក់លក់ជំនាញដែលខ្លួនមាន ដោយកំណត់តម្លៃជាក់លាក់ទៅតាមសមត្ថភាពរបស់ខ្លួន។ ចំណែកឯអតិថិជន (Buyer) អាចជ្រើសរើសទិញយកសេវាកម្មរបស់អ្នកជំនាញ (Freelancer) ណាមួយ ដែលគេយល់ថាអាចជួយបំពេញការងារឱ្យគេបាន។
ការងារដែលសម្បូរទីផ្សារនៅលើ Fiverr ក៏មានច្រើនដែរដូចជា រចនាក្រាហ្វិក (logo, banner, poster) , សរសេរ និងកែអត្ថបទ , ការបញ្ចូលសម្លេង , បកប្រែភាសា , ការផ្សព្វផ្សាយបណ្តាញសង្គម , កូដ និងគេហទំព័រ និងជំនាញឌីជីថលជាច្រើនទៀត។
ទី៣-ProZ៖ មិនខុសពីគេហទំព័រទាំង២ខាងលើប៉ុន្មានទេ ប៉ុន្តែ ProZ មានលក្ខណៈពិសេសខ្លាំងត្រង់ថា អតិថិជនគេហ៊ានចំណាយលុយច្រើនខ្លាំង ព្រោះអ្វីដែលគេចង់បានពី Freelancers គឺគុណភាពដែលល្អបំផុតតាមដែលអាចធ្វើទៅបាន។ គេហទំព័រមួយនេះ សម្បូរការងារខ្លាំងសម្រាប់ អ្នកបកប្រែ (Translator) និងអ្នកសរសេរ ឬប្រែសម្រួលជាដើម។ ក្នុង ProZ គេអាចស្វែងរកការងារបានតាមរយៈការប្រកាស ឬការទាក់ទងដោយផ្ទាល់ពីអតិថិជន។
យ៉ាងណាមិញ លោក Sambath Evan បានលើកឡើងបន្ថែមផងដែរថា «ការធ្វើការងារឯករាជ្យ គឺត្រូវការជាចាំបាច់ណាស់ក្នុងការ ចេះភាសា ជាពិសេសគឺ អង់គ្លេស ហើយប្រសិនបើបានចេះកាន់តែច្រើនភាសា ថែមទៀតគឺរឹតតែប្រសើរ។ ត្បិតការចេះច្រើនភាសាច្រើន វាជួយឱ្យចំណេះដឹងយើងទូលំទូលាយ និងកាន់តែងាយស្រួលទទួលបានឱកាសការងារកាន់តែច្រើន។»
គួរជម្រាបផងដែរថា ផ្លូវទៅកាន់ការងារជា Freelancer វានៅមានភាពលម្អិតស៊ីជម្រៅ លើសពីការដែលគ្រាន់តែចុចចូលទៅកាន់គេហទំព័រធំៗខាងលើ។ ហេតុនេះ លោកអ្នកអាចទៅសិក្សាលម្អិតបន្ថែមទៀតអំពី ដំណើរការផ្សេងៗដើម្បីចាប់យកការងារឯករាជ្យ ទាញចំណូលពីបរទេសដ៏ច្រើនលើសលុប តាមរយៈការចូលទៅមើលមេរៀននៅលើ Chanel YouTube និង TikTok របស់លោក Sambath Evan ដោយផ្ទាល់ ដែលលោកបានធ្វើការបកស្រាយយ៉ាងលម្អិតសម្រាប់អ្នកទាំងអស់គ្នា៕