ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ OpenAI បានប្រកាសថា ពួកគេបានចំណាយថវិការាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ និងដំឡើងមុខងារថ្មីមួយនៅក្នុង ChatGPT ។ នេះបើយោងតាមការចុះផ្សាយរបស់ The Guardian។
ប្រភពដដែលបានឱ្យដឹងថា OpenAI បំពាក់មុខងារថ្មីលើ ChatGPT ក្នុងគោលបំណងចម្បងមួយគឺ កុំឱ្យ AI មួយនេះ ផ្ដល់ដំបូន្មានឱ្យមនុស្ស «ចែកផ្លូវគ្នា»។ ពោលគឺការឆ្លើយតបដោយជួយសម្រេចចិត្តឱ្យមនុស្សបញ្ចប់ទំនាក់ទំនងស្នេហា បន្ទាប់ពីពិភាក្សាជាមួយនឹង ChatGPT។
អ្នកតំណាង OpenAI បានបញ្ជាក់ថា មុខងារថ្មីនេះ គឺជាផ្នែកមួយនៃការធ្វើឱ្យប្រព័ន្ធមានសុវត្ថិភាព និងមានការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់ចម្លើយ។ ពួកគេចង់ធានាថា ChatGPT មិនជះឥទ្ធិពលផ្ទាល់លើការសម្រេចចិត្តស្នេហា និងទំនាក់ទំនងផ្ទាល់ខ្លួនរបស់មនុស្សទេ ព្រោះវាគឺជាបញ្ហាដែលពិបាក និងស្មុគស្មាញខ្លាំង។
ក្រុមហ៊ុនក៏បានបន្ថែមថា ទោះបី ChatGPT អាចផ្តល់ដំបូន្មានទូទៅអំពីទំនាក់ទំនង ដូចជា ការប្រាស្រ័យទាក់ទង ការយល់ចិត្តគ្នា និងការដោះស្រាយបញ្ហា ប៉ុន្តែវានឹងលែងឆ្លើយដោយផ្ទាល់ថា មនុស្សគួរបែកគ្នា ឬបន្តនៅជាមួយគ្នា។ នេះគឺដើម្បីបង្ការការរងផលប៉ះពាល់ផ្លូវចិត្ត និងការប្រែប្រួលជីវិតរបស់អ្នកប្រើប្រាស់។
គួរជាម្រាបផងដែរ អ្នកវិភាគមួយចំនួនបានសរសើរ OpenAI ចំពោះការវិនិយោគនេះ ព្រោះថាវាជាជំហានសំខាន់ក្នុងការធានាថា AI មានមុខងារជួយមនុស្ស តែពុំលួចសម្រេចចិត្តជំនួសមនុស្ស។ និយាយអ៊ីចឹង តើមិត្តអ្នកអានណាខ្លះដែលធ្លាប់សួរ ChatGPT ពេលដែលឈ្លោះគ្នាជាមួយដៃគូ ឬមានបញ្ហាក្នុងទំនាក់ទំនង? បើធ្លាប់មានសូមព្យាយាមកាត់បន្ថយនូវសំណួរបែបនោះ ព្រោះ AI មានមុខងារត្រឹមផ្ដល់យោបល់ បើសិនជាយើងសំយោគគំនិតទាំងនោះមក ហើយប្រើប្រាស់ខុស វាអាចជះឥទ្ធិពលអវិជ្ជមានដល់ការរស់នៅប្រចាំថ្ងៃ៕