នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនមានកម្មវិធីឆ្លើយសំណួរដែលទាក់ទិននឹង « ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា » ដោយបើកឲ្យមហាជនទាំងអស់លើកជាចម្ងល់ដើម្បីចោទសួរដោយសេរី ក្នុងការផ្សាយផ្ទាល់ ។
ស្រប់ពេលនោះផងដែរ ខាងក្រុមការងារ Technology Cambodia ក៏បានចោទជាសំណួរ ១ ថា «ការប្រើប្រាស់អាគុយ ឬថ្មរបស់ឡានអគ្គិសនីយូរឆ្នាំមានផលប៉ះពាល់ដែរឬទេ? ហើយអាយុកាលនៃអាគុយជាធម្យមមានប៉ុន្មានឆ្នាំ ?
បន្ទាប់ពីពិធិកានីបានអានសំណួរនេះចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លើយថា ៖ « តាមលក្ខណៈបច្ចេកទេសជាមធ្យមអាគុយអាច ប្រើបានពី៥ទៅ១០ ឆ្នាំ ប៉ុន្តែអាស្រ័យលើការប្រើប្រាស់របស់យើង បើយើងប្រើប្រាស់ច្រើនប្រសិទ្ធភាព អាគុយថយចុះដែរ » ។
លើសពីនេះឯកឧត្តម ក៏បានលើកយកពី « គម្រោងអំពីកន្លែងដែលផ្ទុកនូវអាគុយរបស់រថយន្តអគ្គិសនីដែលមានសភាពចាស់ ឬខូច មិនត្រូវបោះចោលផ្ទេសផ្តាសបានឡើយ ព្រោះថ្មនេះមានផលប៉ះពាល់ខ្លាំង ដូច្នេះហើយទើបក្រសួងក៏បានលើកបញ្ហានេះឡើយ ដើម្បីពិភាក្សាជាមួយនឹងដៃគូពាក់ពោន ក្នុងការទុកដាក់ឲ្យបានត្រឹមត្រូវ ផ្ទុយមកវិញឯកឧត្តម បានលើកយកគំនិត ថា recycles ដែលមានន័យថាការច្នៃរបស់មួយនឹងមកប្រើឡើងវិញ ឬច្នៃទៅប្រើប្រាស់ទៅលើវិស័យអ្វីផ្សេង តាមដែលអាចធ្វើបាន » ។
គូសបញ្ជាក់ផងដែរថា ក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។
យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%៕
អត្ថបទដោយ៖ ព្រឹមភក្តី