ថ្មីៗនេះ Toyota ទើបតែបង្ហាញរថយន្តស៊េរីថ្មី គឺ Prius 2023 ដែលបានផ្លាស់ប្តូររូបរាងថ្មីស្រឡាញបែបស្ព័រ ទម្លាក់បូមទាបជាងមុន និងមានបន្ថែមនូវកញ្ចប់អាគុយធំជាងមុនសន្សំសំចៃខ្ពស់ ១០០គ.ម ស៊ីសាំងតែ ៤,១លីត្រ មិនត្រឹមតែប៉ុណ្ណោះ តម្លៃសមរម្យផងដែរ ដោយតម្លៃចាប់ផ្តើមដំបូងគឺ ក្រោម៣ម៉ឺនដុល្លារតែប៉ុណ្ណោះ សម្រាប់តម្លៃក្រៅស្រុក។
យោងតាមប្រភពពីក្រុមហ៊ុន Toyota ផ្ទាល់ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២២ ក្រុមហ៊ុន Toyota បានបញ្ចេញនូវរថយន្តស៊េរីថ្មី All-New 2023 Toyota Prius និង Prius Prime ដោយបានកែប្រែរូបរាងថ្មីកាន់តែស្ព័រជាងមុន ព្រោះថាមួយតួខ្លួនទាំងមូលគឺមានការឌីហ្សាញផ្តោតលើ Aerodynamic និងមានបំពាក់ខ្ពស់ម៉ាស៊ីនថ្មី ធំជាងមុនផងដែរ ។
សម្រាប់ការមកដល់ជំនាន់ឆ្នាំ២០២៣ នៃ Toyota Prius បានបំពាក់ម៉ាស៊ីនជំនាន់ទី៥ គឺ ២,០លីត្រ និងកញ្ចប់ថ្មប្រភេទលីចូម-អ៉ីយ៉ុងដែលទើបអាប់ដេតថ្មី បន្ថែមថាមពល ១៥% ដោយពឹងផ្អែកថាមពលអគ្គិសនីសុទ្ធអាចរត់ចម្ងាយបាន ដល់61Km និងបានផ្លាស់ប្តូរទីតាំងមកដាក់នៅក្រោមកៅអីអង្គុយដូចនឹងរថយន្តអគ្គិសនីដែរ។
យ៉ាងណាមិញ Toyota Prius 2023 បានផ្តល់ជម្រើស ២ ប្រភេទ រួមមាន Hybrid (HEV) និង Plug-in Hybrid (PHEV) ហើយសម្រាប់ Performance រថយន្តនេះក៏បានបែងចែក Space ២ ផ្សេងគ្នាផងដែរ ដោយទី១ គឺដំណើរការដោយប៉ុងមុខ FWD អាចបង្កើតកម្លាំងបានដល់ 194hp និងមានល្បឿនស្ទុះពី 0-100km/h ចាយពេល 7.2វិនាទី ហើយនេះ Toyota បានធ្វើការកំណែអាប់ដេតច្រើនរហូតដល់ 26% ទៅលើរថយន្តដែលដំណើរការដោយ FWD ស៊េរីមុន ចាយពេលដល់ 9.2s ។ ហើយសម្រាប់រថយន្តដែលប្រើប៉ុង២ AWD មានកម្លាំងម៉ាស៊ីន 196hp និងមានល្បឿនស្ទុះពី 0-100km/h ចាយពេល 7វិនាទី។
មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏បានផ្តល់ជម្រើសនូវទំហំកង់ផងដែរ ដោយបានផ្តល់ឲ្យម៉ូដែល LE Grade និង Limited មានទំហំកង់ ១៧ អ៉ីញ និង XLE grade មានទំហំកង់ ១៩អ៉ីញ ប៉ុន្តែគេក៏មាននូវ trim level ៣ ទៀតដែរ គឺ SE XSE និង XSE Premium ។
គួរជំរាប់ផងដែរ សម្រាប់ម៉ូដែល Toyota Prius LE (FWD) រាងសន្សំសំចៃជាងគេ ដោយយោងតាមការធ្វើតេស្តរបស់ EPA វាទទួលបាន 57mpg ឬ 4.1L/100km ។ ចំណែកឯតម្លៃវិញនោះ បើយោងតាមប្រភពពី Car and drive បានឲ្យដឹងថា គឺ ក្រោម ៣ម៉ឺនដុល្លារសម្រាប់តម្លៃចាប់ផ្តើមដំបូង និងតម្លៃខ្ពស់បំផុតអាចឡើងដល់ខ្ទង់ ៤ម៉ឺនដុល្លារ សម្រាប់ទីផ្សារអាមេរិក ៕
អត្ថបទដោយ៖ ព្រឹម ភក្តី