មកដល់រដូវច្រូតកាត់នូវរថយន្តខ្លាញ់គោហើយ Lexus បង្ខំចិត្តបង្វឹក RX ស៊េរីឆ្នាំ២០២៣ ដោយបានកែប្រែនូវប៉ាណាខាងមុខ មើលទៅកាន់ប្លែកស្អាតជាងម៉ូដែលជំនាន់មុនៗ ។ ហើយអ្វីដែល Lexus បានសម្រេចបំណងជាងគេនោះ គឺបានសម្រក់គីឡូ RX ជិត ១០០ គីឡូក្រាមឯណោះ 😆។
ចំណែកឯ ប្រវែងពីកង់មុខទៅកង់ក្រោយ( Wheelbase ) បានបន្ថែមរហូតដល់ ២.៣៦អ៊ីង ប៉ុន្តែ Lexus បានកាត់យកគូទក្រោយបន្តិចសង់វិញ ។ មួយវិញទៀត ចំពោះទ្វារឃ្លុបខាងក្រោយក៏បានកែប្រែខ្លះផងដែរ ដោយអំពូល LED Tail light ត្រូវបានអូសកាត់ទទឹងជាបន្ទាត់ ដោយបានលើកផ្លាក Lexus កាន់តែលេចធ្លោមួយកម្រិតទៀត ។
បើយោងតាមការចុះផ្សាយគេហទំព័រក្រៅស្រុក បានឲ្យដឹងថា ចំពោះរថយន្ត RX ស៊េរីឆ្នាំ ២០២៣ ក្រុមហ៊ុន Lexus បានផ្តល់មកចំនួន ៤ ម៉ូដែល រួមមាន RX 350 , RX 350h ,RX 450h PHEV , RX 500h F Sport Performance ប៉ុន្តែចំពោះ ព័ត៌មានលម្អិតមានតែ ៣ ម៉ូដែលទេ ដោយឡែក RX 450h PHEV ក្រុមហ៊ុន Lexus ទុកជាអាវុធចុងក្រោយ ។
ចំពោះម៉ាស៊ីនរបស់ Rx 350 ត្រូវបានបំពាក់មកជាមួយនឹងស៊ីឡាំង៤ ចំណុះ ២.៤ លីត្រ មានដោយជំនួយ Turbo ប្រើជាប្រអប់លេខអូតូ ៨វគ្គ ដំណើរដោយកង់ខាងមុខ FWD ឬកង់ទាំងបួន AWD អាចបង្កើតកម្លាំងបាន ២៧៥ សេះ មានកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ និងកម្រិតស្ទុះពីសូន្យទៅ ១០០ គ.ម ចាយពេល ៧.៥វិនានីចំពោះ FWD និង ៧.២វិនាទី ចំពោះ AWD ។ លើសពីនេះចំពោះកម្រិតស៊ីសាំងក្នុង ១០០គ.ម អាចស៊ីសាំង ៩.៨លីត្រ( 24 mpg) ។
រីឯម៉ូដែល Rx 350h នេះវិញជាមានបច្ចេកវិទ្យាប្រភេទ Hybrid ជំនួយដល់ការសន្សំសំចៃដោយ១០០ គ.ម ស៊ីសាំងតែ ៧.១ លីត្រទេ ។ ចំពោះម៉ាស៊ីនសាំងមានចំណុះ ២.៥លីត្រ ៤ ស៊ីឡាំង ដំណើរការដោយប៉ុង ២ ប្រអប់លេខជា CTV អាចបង្កើតកម្លាំងសេះ🐎រហូតដល់ ២៤៦ ក្បាលនិងកម្លាំងរមួល ៣១៥ញ៉ូតុនម៉ែត្រ ព្រមទាំងកម្រិតស្ទុះរយ:ពេលតែ ៧.៤ វិនាទីអាចរត់ល្បឿនដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ។
ចំណែកឯ RX 500h F sport Performance ត្រូវបានគេឌីហ្សាញប្លែក និងទំនើបជាងគេ ប៉ុន្តែដើម្បីបានម៉ូដែលមួយនេះក៏ចាយលុយក្រាស់ជាងគេផងដែរ 😄 ។ ដោយម៉ូដែលមួយនេះបានបំពាក់ជាមួយនឹងយ៉ាន់កង់ធំ ២១ អ៊ីង កៅអីស្បែក material ព្រមទាំងវ៉ៃស្លាកសញ្ញា F sport ថែមទៀតផង ។
រីឯម៉ាស៊ីនរបស់ F sport Performance នេះដូចទៅនឹង Rx 350 ផងដែរ គ្រាន់តែបន្ថែមនូវ បច្ចេកវិទ្យា Hybrid ព្រមទាំងម៉ូទ័រអេឡិចត្រិច ១ គ្រាប់ ដែលអាចបង្កើតកម្លាំងសរុប ៣៧៦ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ព្រមទាំងមានប្រអប់លេខ ៦វគ្គអូតូ ។
ម្យ៉ាងវិញទៀតអ្វីដែលចំណុចក្តៅរបស់ RX F Sport Performance នេះត្រូវបានគេញោតបញ្ចូលដោយប្រើប៊ុង ២ ពិសេសជាង RX 350h ដោយគេបន្ថែមនូវបច្ចេកវិទ្យា Dirct4 ដើម្បីជួយដល់ការបើកបរឲ្យកាន់តែរំភើបជាងមុន ។
ទោះជាយ៉ាងណាក៏ដោយ Lexus ក៏មិនបានភ្លេចយុទ្ធសាស្រ្តខ្វាស់ហោប៉ាវពីអតិថិជនរបស់ខ្លួនឡើយ ដោយបានបន្ថែមនូវជម្រើស trim អ្នកមានលុយចាយមិនអស់រួមមាន Standard, Prmium, Premium+ , F sport Hanling, ព្រមទាំង F sport Performance ដែលមានតម្លៃក្បែរ ៧ម៉ឺនដុល្លារឯណោះ ។
គូសបញ្ជាក់ផងដែរថា សម្រាប់តម្លៃម៉ូដែលទាំងអស់របស់ Lexus RX ស៊េរីឆ្នាំ ២០២៣ ខាងក្រុមហ៊ុនមិនទាន់បង្ហើបតម្លៃនៅឡើយទេ ប៉ុន្តែគេដឹងត្រឹមម៉ូដែលទាំងនោះនឹងត្រូវចេញលក់នៅចុងឆ្នាំ ២០២២ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី