កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានបញ្ចេញនូវរថយន្តប្រភេទ hatchback ស៊េរីឆ្នាំ2023 គឺ Honda Civic Type R ដែលចេញមកលើកនេះ មានរូបរាងស្អាតទាក់ភ្នែក កម្លាំងខ្លាំងជាងមុន មិនតែប៉ុណ្ណោះ ក៏បានបំពាក់ជាមួយនឹងម៉ាស៊ីនថ្មីផងដែរ ។ ប៉ុន្តែខាង Honda មិនទាន់បានបញ្ចេញព័ត៌មានច្បាស់លាស់នៅឡើយអំពីរថយន្តថ្មីមួយនេះ។
បើយោងតាមគេហទំព័រ Motor1.com បានឲ្យដឹងថា Civic Type R ថ្មីនេះមានប្រវែងវែងជាងស៊េរីចាស់បន្តិចដោយប្រវែងរបស់វាគឺ 459 សង់ទីម៉ែត្រ ទទឹង 189 សង់ទីម៉ែត្រ និងកម្ពស់ 140 សង់ទីម៉ែត្រ ហើយសម្រាប់ប្រវែងពីកង់មុខ-ក្រោយគឺ 2.735 ម៉ែត្រ។ រីឯទម្ងន់របស់រថយន្តថ្មី មាន 1430 គីឡូក្រាម ធ្ងន់ជាងស៊េរីមុនៗ ដល់ 14 គីឡូក្រាម។
ម្យ៉ាងវិញទៀតសម្រាប់ Spec របស់ Honda Civic Type R ថ្មីនេះ ត្រូវបានបំពាក់ជាមួយម៉ាស៊ីនចំណុះ 2.0 លីត្រ ស៊ីឡាំង 4 ប្រើជាមួយ turbocharged អាចផលិតកម្លាំងបាន 315សេះ និងកម្លាំងបង្វិល 421 ញូតុនម៉ែត្រ។ លើសពីនេះគេបានបំពាក់ជាមួយប្រអប់លេខ ៦វគ្គអូតូ ហើយចំពោះល្បឿនកំពូលខាងក្រុមហ៊ុន Honda មិនទាន់បង្ហើបនៅឡើយទេ។
ដោយឡែកចំណែកផ្នែកខាងក្រោយ យើងឃើញថាស្អាតមែនទែន ដោយគេបានបំពាក់ជាមួយ Spoiler ដ៏រឹងមាំ ជួយដល់ការបន្ថែមទម្ងន់ពីខ្យល់ ដើម្បីជួយជម្រុញដល់ការជាន់ល្បឿន និងបំពង់ស៊ីមាំងផ្គួប ៣ រួមគ្នាកាន់តែកាច ។
ចំណែកឯផ្នែកខាងក្នុងរបស់ Honda Civic Type R នេះបំពាក់ជាមួយអេក្រង់កម្សាន្តអាចចុចកញ្ចក់បានទំហំ 9អ៊ីញ ភ្ជាប់នឹង Apple Carplay និងAndroid Auto ដោយឥតខ្សែថែមទៀតផង។ មួយវិញទៀត ចំពោះកៅអីត្រូវបានបំពាក់ជាមួយកៅអីយ៉ាងប្រណិតប្រៀបដូចនឹងរថយន្តស្ព័រដោយមានអក្សរ Type R នឹងកៅអីអង្គុយទាំង៤ ទៀតផង។
គួរបញ្ជាក់ផងដែរថា Honda Civic Type R នឹងបង្ហាញខ្លូននៅក្នុងខែកក្កដា ជាមួយនឹងតម្លៃចេញពីរោងចក្រ 39000ដុល្លារ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី