តាំងពីបានបង្ហាញមុខអស់ជាច្រើនខែមក ឥឡូវប្រទះឃើញនៅប្រទេសកម្ពុជាយើងហើយ ជាមួយនឹងរូបរាងដ៏សង្ហារ រីឯបច្ចេកវិទ្យាក៏មិនចាញ់ឡានតម្លៃថ្លៃខ្ទង់រាប់ម៉ឺនដុល្លារឡើយ ។ នោះគឺជា Hyundai Tucson ស៊េរីឆ្នាំ២០២២ តម្លៃជាង ៥ម៉ឺនដុល្លារស្តើង ។
Tucson ត្រូវបានឃើញនូវពន្លឺព្រះអាទិត្យ ក្នុងឆ្នាំ ២០០៤ ដែលស្ថិតក្រោមការសិក្សាពីម៉ូដែលចាស់វស្សា Santa Fe ដែលជារថយន្តប្រភេទ SUV ផលិតដំបូងគេបង្អស់របស់ Hyundai ហើយ TUCSON ត្រូវបានអាប់ដេតស៊េរីអស់ ៧ ជំនាន់មកហើយ គិតមកដល់ឆ្នាំ ២០២២ នេះ ។
ងាកមកចូលសាច់រឿងបច្ចុប្បន្នវិញម្តងអំពី Tucson ស៊េរីថ្មីនេះក៏ជារថយន្តប្រភេទ SUV ប្រាំកៅអី ដែលមានកាប៊ីនក្រោយអាចផ្ទុកអីវ៉ាន់បាន ៥៣៩ លីត្រ ប៉ុន្តែកៅអីខាងក្រោយអាចបត់បានដូច្នេះមានទំហំផ្ទុករហូតដល់ ១៨៦០លីត្រ ។ ចំណែកឯកម្ពស់របស់ Tucson នេះមានប្រវែង ១៦៦៥ មម ប្រវែងកង់មុខសងខាងមាន១៨៦៥ មម និងប្រវែងរថយន្តទាំងមូលគឺ ៤៦៣០ មម ។
ចំណែកឯម៉ាស៊ីនរបស់រថយន្តនេះវិញ Hyundai បានបង្ហាត់សាច់ដុំឡើងកាន់តែខ្លាំងដើម្បីឲ្យកម្លាំងម៉ាស៊ីន ១៥២ សេះ ស័ក្តិសមជាមួយនឹងម៉ាស៊ីនសាំង ២.០ លីត្រ ៤ ស៊ីឡាំង ចំប៉ាប់ ១៦( 16 Valve ) ប្រើនូវបច្ចេកវិទ្យា DOHC មានប្រអប់លេខ ៦វគ្គអូតូ និងមានកម្លាំងរមូរកង់រហូតដល់ ១៩២ ញ៉ូតុនម៉ែត្រ ដែលជួយឲ្យម៉ាស៊ីនអាចបង្វិលកង់មួយអស់ដៃបានយ៉ាងធូរ ។
រីឯផ្នែកបច្ចេកវិទ្យាដែលបានបំពាក់នៅខាងរថយន្តដូចជា អេក្រង់ឌីជីថលទំហំ ១០.២៥ អ៊ីញ និងអេក្រង់ LCD ប្រភេទចុចកញ្ចក់ក៏ទំហំ ១០.២៥ អ៊ីញដែលអាចភ្ជាប់ជាមួយនឹងកម្មវិធី Apple Car play និង Android Auto ថែមទៀត ។
លើសពីនេះអេក្រង់ Touchscreen នេះអាចមើលនូវកាមេរ៉ា ភ្លោះបាន ដោយការញែកអេក្រង់ជាពី ដែលបង្ហាញនូវភាពងាយស្រួលសម្រាប់អ្នកបើកបរ និងអាចមើលនូវតំបន់ដែលភ្នែកមើលមិនឃើញបានថែមទៀត ។
អ្វីដែលធ្វើឲ្យ Tucson មានរូបរាងសង្ហារនោះ គឺត្រង់ចំណុច សំណាញ់បាណាខាងមុខ បានរំលេចនូវភាពប៉ិនប្រសព្ធជាមួយសំណាញ់តូចៗ លាយជាមួយនឹងពណ៌ខ្មៅដិត អមជាមួយនឹងអំពូល LED សងខាងដែលធ្វើឲ្យរថយន្តនេះបន្ថែមនូវភាពប្រណិតមួយកម្រិតទៀត ។
រីឯផ្នែកខាងក្រោយ ត្រូវបាន Hyundai រចនាមកឲ្យកាន់តែស្អាត ដោយបានបំពាក់នូវអំពូល LED នៅស្តុបខាងក្រោយដែលមានលក្ខណ:ជាបន្ទាត់អូសត្រង់ ជាមួយការឌីហ្សាញឆ្នូតៗ សងខាងកាន់តែកាចខ្លាំងថែមទៀត ។
គួរជំរាបផងដែរ សម្រាប់ការមកស្រុកខ្មែរ ខាងក្រុមនហ៊ុនពហុផលិត Hyundai មួយនេះបានប្រគល់នូវកម្រិតបើកបរដល់ ៤ រសជាតិសម្រាប់មកដល់ស្រុកខ្មែរជាមួយទឹកប្រាក់ជាង ៥ម៉ឺនដុល្លារ នោះគឺ Normal , Eco , Sport និង Smart automatically ថែមទៀត ៕
អត្ថបទដោយ៖ ព្រឹម ភក្តី