កម្ពុជាមិនមែនជាកន្លែងនាំចូលឡានជជុះទេ ខណ:ដែលរដ្ឋាភិបាលកំពុងពិភាក្សារគិតគូររឹតបន្តឹងនូវអាយុកាលឡានមួយទឹក ឬជជុះនាំចូលមកកម្ពុជា នាពេលឆាប់ៗនេះ ដើម្បីការពារសុខសុវត្ថិភាពអ្នកបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា។
បើយោងតាមការចេញផ្សាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លងលើពង្រាង “ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) និងមានការចូលរួមពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនូវ សសរស្តម្ភទាំង៦ នៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលរួមមានដូចជា៖ កំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក ជំរុញការផ្លាស់ប្តូរផ្លាកលេខឡានដែលគ្មានQR Code ពង្រឹងនិតិវីធីនៃការប្រឡងយកបណ្ណបើកបរ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងបញ្ចូលការងារកញ្ចប់ថវិកាទាក់ទងនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ និងបរិក្ខាត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកាជួសជុលស្ថាបនាផ្លូវថ្នល់ នាពេលអនាគត។
លើសពីនេះឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា “កម្ពុជាមិនមែនជាកន្លែងនាំចូលឡានចាស់ៗ ឬឡានជជុះទេ“។
ក្រោយពីបានស្តាប់ការពន្យល់ និងការបកស្រាយលើ សសរស្តម្ភទាំង ៦ ពីសំណាក់មន្រ្តីជាច្រើននាក់ សម្តេចក្រឡាហោម ស ខេង បានឯកភាពឲ្យសិក្សាលទ្ធភាពកំណត់ឆ្នាំផលិតរថយន្ដនាំចូលកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យដល់អ្នកបើកបរ ប៉ុន្តែការកំណត់ឆ្នាំផលិតរថយន្តមួយទឹកនាំចូលមកកម្ពុជា មិនទាន់មានការបញ្ជាក់ច្បាស់នៅពេលណាឡើយ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី