ប៉ុន្មានឆ្នាំចុងក្រោយនេះ Blockchain បានក្លាយជាប្រធានបទបច្ចេកវិទ្យាដ៏ក្ដៅមួយ ដែលត្រូវបានមនុស្សជាច្រើនលើកយកមកជជែក។ ដោយ Blockchain ត្រូវបានគេរំពឹងទុកថាជាបច្ចេកវិទ្យាថ្មី ដែលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្ដូរវិស័យហិរញ្ញវត្ថុពិភពលោក ឱ្យកាន់តែទំនើបជាងមុននាពេលអនាគត។ តើអ្វីជាអ្វីជាបច្ចេកវិទ្យា Blockchain?
បើតាមលោក Borapyn Py ប្រធានផ្នែកវិនិយោគប្រចំាក្រុមហ៊ុន Z1 Financial បានប្រាប់ក្រុមការងារ Technology Cambodia នៅក្នុងបទសម្ភាសន៍យ៉ាងដូច្នេះថា Blockchain មកពីពាក្យថា Block ដែលមានន័យថា បណ្ដុំ និងពាក្យថា Chain ដែលមានន័យថា ខ្សែរច្រវ៉ាក់តភ្ជាប់បណ្ដុះទិន្នន័យ ពោលគឺ Blockchain គឺជាបណ្ដុំព័ត៌មានដែលដំណើរការនៅលើអ៊ីនធឺណិត នៅលើផ្លែតហ្វមណាមួយ។ ហើយផ្លែតហ្វមទាំងអស់នោះជាផ្លែតហ្វមទម្រង់វិមជ្ឈការ (Decentralization) ឬនិយាយឱ្យងាយយល់គឺមិនចាំបាច់ឆ្លងភ្នាក់ងារកណ្ដាល។
ឧទារហណ៍ ប្រសិនបើអ្នកផ្ញើលុយពីទៅបងប្អូនមិត្តិភក្ដិចំនួន១០០ដុល្លារ តាមផ្លែតហ្វមធនាគារក្នុងស្រុកណាមួយ នោះប្រតិបត្តិការណ៍ ១០០ដុល្លារ និងត្រូវឆ្លងកាត់ធនាគារដែលជាភ្នាក់ងារកណ្ដាល ហើយសម្រាប់ប្រតិបត្តិការ១០០ដុល្លារ នោះដ៏ដដែល នឹងត្រូវបានរក្សាទុក ក៏ដូចជាអាចគ្រប់គ្រងកែប្រែបានដោយខាងធនាគារប្រសិនបើមានបញ្ហាចាំបាច់ណាមួយដែលត្រូវឆែកដោយស្របទៅតាមច្បាប់។
ដោយឡែក សម្រាប់ការទូទាត់តាមរយៈផ្លែតហ្វម Blockchain ដែលមានទម្រង់ជា Decentralization វិញ អ្នកអាចផ្ញើលុយ ១០០ដុល្លារនោះ ទៅមិត្តភក្ដិបងប្អូនបាន ដោយត្រង់ មិនចាំបាច់ឆ្លងកាត់ភាគគីទី៣ ឬនិយាយឱ្យងាយយល់គឺមិនបាច់ឆ្លងកាត់ធនាគារដែលជាភ្នាក់ងារកណ្ដលនោះទេ។ ហើយសម្រាប់ប្រតិបត្តិការណ៍លុយទាំងអស់ គឺត្រូវបានធ្វើឡើងដោយសុវត្ថិភាព និងមានឯកជនភាពខ្ពស់ ពោលគឺគ្រប់ប្រតិបត្តិការណ៍ទាំងអស់គឺដឹងតែពីរភាគី គឺភាគគីអ្នកផ្ញើ និងអ្នកទទួល។ ដោយឡែកសម្រាប់អ្នកផ្សេងដែលចូលទៅមើលទិន្នន័យប្រតិបត្តិការណ៍នោះ នឹងមើលឃើញតែតួលេខលុយដែលបានផ្ញើ និងលេខកូដតំណាងឱ្យមនុស្ស ប៉ុន្ដែមិនដឹងថា នរណាជាអ្នកផ្ញើលុយនោះទេ។
ជាមួយគ្នានេះដែរ លោក Borapyn Py បានបន្ថែមទៀតថា បច្ចេកវិទ្យា Blockchain មានសុត្ថិភាពខ្ពស់ ដោយសារតែ Blockchain គឺជាបច្ចេកវិទ្យាមួយ ដែលមានបណ្ដុំព័ត៌មាន ចងជាប្លុកៗជាច្រាប់រាប់មិនអស់។ ហើយដោយសារតែមានបណ្ដុំព័ត៌មានច្រើនដូច្នេះ ជាហេតុធ្វើឱ្យមានភាពស្មុគស្មាញ និងត្រូវចំណាយពេលច្រើនទម្រាំតែក្រុមហេកឃ័រអាចបំបែកទិន្នន័យហេកចូលបាន។ ដោយហេតុនេះហើយទើបបានជា Blockchain ជាបច្ចេកវិទ្យាចុងក្រោយដែលមានសុវត្ថិភាពខ្ពស់ អាចឱ្យគេយកបច្ចេកវិទ្យានេះ ទៅប្រើក្នុងវិស័យហិរញ្ញវត្ថុបាន៕