កម្មវិធី Telegram ជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ដែលអ្នកប្រើប្រាស់តែងតែប្រើកម្មវិធីមួយនេះ សម្រាប់ផ្ញើឯកសារការងារ និងឯកសារផ្សេងៗ។ ដូច្នេះហើយ អ្នកដែលប្រើប្រាស់ Telegram គួរប្រុងប្រយ័ត្នចំពោះការទាញយក និងបើកឯកសារ ដែលមិនមានប្រភពច្បាស់លាស់ ព្រោះជនខិលខូចអាចផ្ញើរឯកសារដែលផ្ទុកមេរោគ ដើម្បីចូលទៅគ្រប់គ្រងកុំព្យូទ័ររបស់អ្នកពីចម្ងាយដោយគ្មានការអនុញ្ញាត។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា មេរោគ SparkRAT ក៏ត្រូវបានជនខិលខូចបង្កប់នៅក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលបានចែកចាយតាម Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗទៀត។ SparkRAT ជាប្រភេទមេរោគ Remote Access Trojan (RAT) ដែលអាចកំណត់គោលដៅលើប្រព័ន្ធ Windows, macOS និង Linux។

នៅពេលដែលអ្នកច្រឡំដៃទាញយក ឬបើកឯកសារដែលមានមេរោគ នោះជនខិលខូចអាចលួចទិន្នន័យ ថតអេក្រង់ តាមដានសកម្មភាព គ្រប់គ្រងឯកសារពីចម្ងាយ ព្រមទាំងធ្វើដំណើរការបញ្ជា ឬដំឡើងមេរោគបន្ថែម និងរំខានដល់កម្មវិធីការពារមេរោគផងដែរ។

ដើម្បីការពារពីការគ្រប់គ្រងរបស់ជនខិលខូចនៅលើកុំព្យូទ័ររបស់អ្នកតាមរយៈ File ក្នុង Telegram អាចប្រើប្រាស់វិធីសាស្ត្រទាំង ៥ នេះបាន៖
1. កុំចុចតំណភ្ជាប់ ឬបើកឯកសារពីប្រភពមិនស្គាល់
អ្នកប្រើប្រាស់ គួរជៀសវាងការចុចតំណភ្ជាប់ ឬបើកឯកសារ ដែលទទួលបានពីប្រភពមិនស្គាល់ ដើម្បីកាត់បន្ថយហានិភ័យនៃការទាញយកមេរោគចូលក្នុងកុំព្យូទ័រ។
2. ផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើមុនពេលចុចទាញយកឯកសារ
បើទទួលបានឯកសារដែលមិនគួរឱ្យទុកចិត្ត ឬមិនមានសុវត្ថិភាព គួរទាក់ទងទៅអ្នកផ្ញើ ដើម្បីផ្ទៀងផ្ទាត់ជាមុន ដើម្បីឱ្យប្រាកដចិត្តមុននឹងទាញយក ឬបើកឯកសារ។
3. ប្រុងប្រយ័ត្នចំពោះឯកសារដែលគួរឱ្យសង្ស័យ
អ្នកប្រើប្រាស់ Telegram គួរប្រុងប្រយ័ត្ន ចំពោះឯកសារដែលមានផ្នែកបន្ថែមដូចជា .exe, .msi, .bat, .vbs, .ps1, .scr, .zip, .rar, .7z និង .z ព្រោះឯកសារប្រភេទនេះ អាចត្រូវបានប្រើប្រាស់ដើម្បីចែកចាយមេរោគ។ ប៉ុន្តែគួរបញ្ជាក់ថា ឯកសារដូចជា .zip, .rar, .7z និង .z មិនមែនសុទ្ធតែមានមេរោគនោះទេ ប៉ុន្តែអ្នកប្រើប្រាស់គួរផ្ទៀងផ្ទាត់ប្រភព និងពិនិត្យឯកសារខាងក្នុងឱ្យបានច្បាស់មុនពេលបើក។
៤. កុំបិទកម្មវិធីការពារមេរោគ
អ្នកប្រើប្រាស់ គួរតែបើកកម្មវិធីការពារមេរោគឱ្យដំណើរការជាធម្មតា និងកុំបិទកម្មវិធីនេះ ដើម្បីជៀសវាងការបង្កើនហានិភ័យពីការវាយប្រហារដោយមេរោគ។
៥. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីជាប្រចាំ
ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីជាប្រចាំ គឺជាវិធីមួយក្នុងការជួយពង្រឹងសុវត្ថិភាពកុំព្យូទ័រ និងកាត់បន្ថយហានិភ័យពីការគំរាមកំហែងផ្នែកសាយប័រ។

