កុំសប្បាយអរពេកពេលឃើញលុយយ៉ាងច្រើនបានផ្ទេរចូលគណនីរបស់អ្នកដោយមិនដឹងប្រភពច្បាស់លាស់ ព្រោះនេះអាចជាល្បិចរបស់ក្រុមឧក្រិដ្ឋជន ក្នុងនោះ អ្នកអាចត្រូវបានក្លាយជាជនសង្ស័យក្នុងបទល្មើសសម្អាតប្រាក់ដោយមិនដឹងខ្លួន ល្បិចផ្ទេរប្រាក់ច្រឡំចូលគណនី រួចទាក់ទងឱ្យផ្ទេរត្រឡប់ទៅម្ចាស់ដើមវិញ។ ប្រាក់ទាំងនោះ អាចជាប្រាក់ដែលបានមកពីសកម្មភាពខុសច្បាប់ ប្រសិនបើអ្នកផ្ទេរប្រាក់បន្តដោយមិនបានផ្ទៀងផ្ទាត់ អ្នកអាចក្លាយជា Mule Account ឬអ្នកពាក់ព័ន្ធក្នុងការផ្ទេរប្រាក់ដែលមានប្រភពមិនច្បាស់លាស់ និងអាចប្រឈមនឹងការស៊ើបអង្កេតផ្នែកច្បាប់។

ជាមួយគ្នានេះ Mule Account គឺជាគណនីធនាគារដែលត្រូវបានប្រើប្រាស់ ដើម្បីទទួល ឬផ្ទេរប្រាក់ជំនួសអ្នកដទៃ ដែលប្រាក់ទាំងនោះអាចមានប្រភពពីបទល្មើស ក្នុងនោះ អ្នកខ្លះអាចត្រូវបានក្រុមឧក្រិដ្ឋជន បោកបញ្ឆោតឱ្យប្រើគណនីរបស់ខ្លួន ជួយសម្រួលដល់សកម្មភាពខុសច្បាប់។
ដើម្បីការពារខ្លួនពីល្បិចបែបនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំពីវិធីការពារគណនីធនាគារ ដូចជា៖
១. កុំប្រញាប់ផ្ទេរប្រាក់ត្រឡប់ទៅអ្នកដទៃដែលទាក់ទងមកអ្នក ទោះគេអះអាងថាផ្ទេរច្រឡំក៏ដោយ
២. ប្រសិនបើមានប្រាក់ចូលគណនីដោយមិនស្គាល់ប្រភព ត្រូវទាក់ទងទៅធនាគារ ដើម្បីពិនិត្យ និងណែនាំពីវិធីដោះស្រាយត្រឹមត្រូវ
៣. កុំផ្តល់លេខសម្ងាត់ លេខកូដ OTP ឬព័ត៌មានសុវត្ថិភាពនៃគណនីធនាគារទៅអ្នកដទៃ
៤. កុំលក់ ខ្ចី ឬប្រគល់គណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ និងកុំទទួលប្រាក់ជាថ្នូរនឹងការប្រើគណនី
៥. កុំទទួល ឬផ្ទេរប្រាក់ជំនួសអ្នកដទៃ ប្រសិនបើអ្នកមិនដឹងពីប្រភពច្បាស់លាស់
៦. ប្រសិនបើសង្ស័យថាមានការឆបោក ត្រូវរក្សាទុកសារទំនាក់ទំនង និងព័ត៌មានប្រតិបត្តិការពាក់ព័ន្ធ ហើយរាយការណ៍ទៅធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យប្រជាពលរដ្ឋបង្កើនសុវត្ថិភាពបន្ថែមទៀត តាមរយៈការទាញយកកម្មវិធី Kapea Scams នៅលើទូរសព្ទដៃ ដើម្បីជួយការពារលើការហៅចូលដែលបោកប្រាស់ និងការរាយការណ៍ដល់សមត្ថកិច្ច។
ការទាញយកកម្មវិធី Kapea Scams:
សម្រាប់ Android https://play.google.com/store/apps/details…

