ល្អណាស់! ស្ថាបនិកខ្មែរមួយរូបនេះ ច្នៃគំនិតកសាងវេទិកាអប់រំបែបឌីជីថល សម្រាប់កុមារកម្ពុជាជំនាន់ថ្មី
Khunna - ឃុនណា
SEPTEMBER 13 2026
Tech Founder
22 views
9 mins read

នៅក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងឈានទៅមុខយ៉ាងលឿនលើការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) វិស័យអប់រំត្រូវបានមើលឃើញថាជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលបច្ចេកវិទ្យាអាចចូលរួមបង្កើតផលវិជ្ជមានយ៉ាងច្រើនសន្ធឹកសន្ធាប់។​ ដូច្នេះនៅក្នុងអត្ថបទនេះ Technology Cambodia - ចាបខៀវ នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីដំណើរជីវៈប្រវត្តិរបស់លោក សេដ្ឋ សុហ្វីលតា (Sofilta Seth) ដែលជាស្ថាបនិក «រៀនអាន – Rean AAN»

Img 5689

លោកសម្រាប់ លោក សេដ្ឋ សុហ្វីលតា (Sofilta Seth) ដំណើរនៃការឈានជើងចូលមកក្នុងវិស័យបច្ចេកវិទ្យាអប់រំ (EdTech) មិនមែនគ្រាន់តែជាការបង្កើតកម្មវិធីទូរស័ព្ទ (Mobile App) មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការស្វែងរកចម្លើយចំពោះសំណួរដ៏មានសារៈសំខាន់មួយ៖

«តើយើងអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើឱ្យការសិក្សារបស់កុមារកម្ពុជាកាន់តែងាយស្រួល គួរឱ្យចាប់អារម្មណ៍ និងមានប្រសិទ្ធភាពបានយ៉ាងដូចម្តេច

សំណួរគន្លឹះនេះហើយដែលបានក្លាយជាបេះដូងនៃការចាប់ផ្តើមគម្រោង «រៀនអាន – Rean AAN» ហើយបានវិវត្តខ្លួនជាបន្តបន្ទាប់រហូតក្លាយជា «Chlat App» នាពេលបច្ចុប្បន្ន។ អត្ថបទនេះត្រូវបានរៀបចំឡើងដោយផ្អែកលើបទសម្ភាសន៍របស់ Technology Cambodia ដែលគ្របដណ្តប់លើប្រវត្តិរូបសង្ខេប ស្ថានភាពអប់រំឌីជីថល បទពិសោធន៍ជាស្ថាបនិក ជំនាញចាំបាច់សម្រាប់យុវជន និងចក្ខុវិស័យទៅអនាគត។

Img 5676

ចំពោះបទពិសោធន៍ការងាររបស់លោក សេដ្ឋ សុហ្វីលតា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវិស័យអប់រំ បច្ចេកវិទ្យា សហគ្រិនភាព ការគ្រប់គ្រងគម្រោង និងការអភិវឌ្ឍអង្គភាព។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការផ្តោតអារម្មណ៍ និងការចាប់អារម្មណ៍លើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងវិស័យអប់រំ។ បច្ចុប្បន្ននៅកម្ពុជា ការប្រើប្រាស់ស្មាតហ្វូន និងប្រព័ន្ធអ៊ីនធឺណិតមានការកើនឡើងយ៉ាងខ្លាំង ហើយកុមារក៏បានចាប់ផ្តើមចំណាយពេលជាមួយមាតិកាឌីជីថលកាន់តែច្រើនឡើងៗផងដែរ។ ទន្ទឹមនឹងនេះ មាតិកាអប់រំឌីជីថលជាច្រើនដែលកំពុងមានវត្តមាន ភាគច្រើនត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារបរទេស ដែលមិនតែងតែសមស្របទៅនឹង ភាសា វប្បធម៌ កម្មវិធីសិក្សា និងបរិបទរស់នៅរបស់កុមារកម្ពុជានោះឡើយ។ បញ្ហាប្រឈមនេះហើយដែលបានបង្កើតជាឱកាសដ៏ធំមួយ៖ ប្រសិនបើយើងអាចបង្កើតមាតិកា និងបទពិសោធន៍សិក្សាឌីជីថលដែលយល់ច្បាស់ពីកុមារកម្ពុជា តើយើងអាចជួយពួកគេបានច្រើនកម្រិតណា?

ដើមឡើយ «រៀនអាន – Rean AAN» បានកើតចេញពីបំណងប្រថ្នាចង់ធ្វើឱ្យការរៀនសូត្រកាន់តែមានភាពងាយស្រួល និងអាចចូលប្រើប្រាស់បានទូលំទូលាយតាមរយៈបច្ចេកវិទ្យា។ បទពិសោធន៍ជាក់ស្តែងពីដំណាក់កាលដំបូងបានបង្ហាញឱ្យឃើញថា កុមារកម្ពុជាមិនត្រឹមតែត្រូវការ «មាតិកាអប់រំច្រើន» ប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវការបទពិសោធន៍សិក្សាដែលងាយយល់ មានភាពរីករាយ ទាក់ទាញ និងសមស្របទៅនឹងបរិបទរបស់ពួកគេផ្ទាល់។ ការបង្កើត Rean AAN បានផ្តល់នូវបទពិសោធន៍ និងមេរៀនជាច្រើនក្នុងការស្វែងយល់ពីអ្នកប្រើប្រាស់ ការបង្កើតមាតិកាអប់រំ ការធ្វើការជាមួយដៃគូពាក់ព័ន្ធ និងការសាកល្បងគំរូថ្មីៗនៃការរៀនតាមប្រព័ន្ធឌីជីថល។ ទន្ទឹមនឹងនោះ ដំណើរការនេះក៏បានធ្វើឱ្យក្រុមការងារមើលឃើញយ៉ាងច្បាស់ថា ការរៀនសូត្ររបស់កុមារមិនអាចពឹងផ្អែកតែលើវីដេអូ ឬមាតិកាប្រភេទតែមួយមុខបានឡើយ។ កុមារត្រូវការនូវការបញ្ចូលគ្នារវាង វីដេអូ សំណួរអន្តរកម្ម ល្បែងអប់រំ ការអនុវត្តផ្ទាល់ និងការលើកទឹកចិត្តឱ្យរៀនជាប្រចាំ។ នេះហើយគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការវិវត្តបន្តពី Rean AAN ទៅកាន់ Chlat Appចំពោះ Chlat App ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងក្លាយជាវេទិកាអប់រំឌីជីថលដ៏ទូលំទូលាយមួយសម្រាប់កុមារកម្ពុជា ជាពិសេសកុមារដែលមានអាយុប្រមាណពី ៤ ដល់ ១២ ឆ្នាំ។

App Landing Image

ជំនួសឱ្យការផ្តោតតែលើមាតិកាមួយប្រភេទ Chlat App បានរួមបញ្ចូលគ្នានូវវីដេអូអប់រំ សំណួរអន្តរកម្ម (Quiz) និងល្បែងបញ្ញា ដើម្បីធ្វើឱ្យការរៀនកាន់តែមានភាពសប្បាយរីករាយ និងជំរុញទឹកចិត្តកុមារឱ្យចង់បន្តរៀន។ទោះជាយ៉ាងណា ការឈានមកដល់ចំណុចនេះ មិនមែនកើតឡើងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាដំណើរការរៀបចំ និងកសាងយ៉ាងយកចិត្តទុកដាក់តាមដំណាក់កាល៖

+ ដំណើរការទទួលបានការគាំទ្រ និងថវិកាវិនិយោគ៖

  • ចុងឆ្នាំ ២០២១៖ ទទួលបាន ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី KE Startup Award ជាមួយការគាំទ្រថវិកាប្រមាណ ៥,០០០ ដុល្លារ។
  • ចុងឆ្នាំ ២០២២៖ ទទួលបាន ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី Digital Platform Accelerator របស់មជ្ឈមណ្ឌលតេជោធុរកិច្ចថ្មី (Techo Startup Center) ជាមួយការគាំទ្រថវិកាប្រមាណ ៧,០០០ ដុល្លារ។
  • ដើមឆ្នាំ ២០២៣៖ ទទួលបានការគាំទ្របន្ថែមប្រមាណ ១០,០០០ ដុល្លារ តាមរយៈកម្មវិធី Bondos Digital របស់មជ្ឈមណ្ឌល NICC
  • ឆ្នាំ ២០២៣ និង ២០២៤៖ កិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានក្លាយជាជំហានសំខាន់មួយទៀត ជាមួយនឹងថវិកាពាក់ព័ន្ធនឹងសកម្មភាព និងកិច្ចសហការប្រមាណ ១៥,០០០ ដុល្លារ។
  • ការវិនិយោគផ្ទាល់ខ្លួន (Bootstrapping) ថវិកាផ្ទាល់ខ្លួនប្រមាណ ២៥,០០០ ដុល្លារ ត្រូវបានវិនិយោគបន្តបន្ទាប់ក្នុងដំណើរការអភិវឌ្ឍផលិតផល។
  • សមិទ្ធផលថ្មីៗ៖ Chlat App បានឈានដល់ចំណុចសមិទ្ធផលសំខាន់មួយទៀត គឺ ការទទួលបានការវិនិយោគពី EDF Fund ដែលជាជំហានបន្ទាប់ក្នុងការនាំ Chlat ពីដំណាក់កាលសាកល្បង និងបង្កើតផលិតផល ទៅកាន់ដំណាក់កាលពង្រីកខ្លួន។

សម្រាប់ក្រុមការងារ សមិទ្ធផលទាំងនេះមិនមែនមានតម្លៃត្រឹមតែចំនួនទឹកប្រាក់នោះទេ ប៉ុន្តែកម្មវិធីនីមួយៗបានផ្តល់ឱ្យនូវ ចំណេះដឹង បណ្តាញទំនាក់ទំនង អ្នកណែនាំ ឱកាសសាកល្បង និងការទទួលស្គាល់ពីទីផ្សារ។ បើនិយាយពីបញ្ហាដ៏ធំបំផុតមួយនៅក្នុងវិស័យ EdTech មិនមែនត្រឹមតែជាការធ្វើឱ្យមនុស្សទាញយក (Download) កម្មវិធីនោះទេ។ ប៉ុន្តែសំណួរដ៏សំខាន់នោះគឺ៖

«តើយើងអាចធ្វើឱ្យកុមារត្រឡប់មករៀនវិញនៅថ្ងៃស្អែកបានយ៉ាងដូចម្តេច

ហេតុដូច្នេះហើយ Chlat មិនផ្តោតតែលើចំនួនមាតិកាតែមួយមុខនោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់ខ្លាំងលើ Engagement (ការចូលរួម) និង ការបង្កើតទម្លាប់នៃការរៀន។ បច្ចុប្បន្ន អ្នកប្រើប្រាស់មួយចំនួនអាចរក្សា Learning Streak (ការរៀនជាប់ៗគ្នា) បានរហូតដល់ ៣៦ ថ្ងៃជាប់គ្នា ដែលជាសញ្ញាវិជ្ជមានបង្ហាញថា ប្រសិនបើយើងអាចធ្វើឱ្យការរៀនមានភាពទាក់ទាញ កុមារពិតជាអាចបង្កើតទម្លាប់រៀនជាប្រចាំបាន។

 + ចំពោះទិន្នន័យបច្ចុប្បន្ន និងគោលដៅទៅអនាគត៖

  • វីដេអូអប់រំ៖ បច្ចុប្បន្នមានប្រមាណ ១,៥០០ វីដេអូ - គោលដៅពង្រីក ៣,០០០ វីដេអូ
  • សំណួរអន្តរកម្ម៖ បច្ចុប្បន្នមានប្រមាណ ១៥,០០០ សំណួរ - គោលដៅពង្រីក ៣០,០០០ សំណួរ
  • ល្បែងអប់រំ (Games) បច្ចុប្បន្នមាន ៦ ល្បែង - គោលដៅពង្រីក ១០ ល្បែង
  • អ្នកចុះឈ្មោះ (Registered Users) បច្ចុប្បន្នមានប្រមាណ ២០,០០០ នាក់ - គោលដៅពង្រីក ១០០,០០០ នាក់
  • អ្នកប្រើប្រាស់ប្រចាំខែ (MAU) បច្ចុប្បន្នមានប្រមាណ ៣,០០០ នាក់ - គោលដៅពង្រីក ១០,០០០ នាក់។

ទន្ទឹមនឹងនេះ Chlat ក៏មានគោលដៅពង្រីកចំនួនអតិថិជនដែលបង់ប្រាក់ និងបង្កើនភាពជាដៃគូជាមួយសាលារៀនផងដែរ។ ទោះជាយ៉ាងណា គោលដៅចុងក្រោយមិនមែនគ្រាន់តែជាកំណើនលេខនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ ថាតើកុមាររៀនបានអ្វីខ្លះ និងមានការរីកចម្រើនកម្រិតណា។

ប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសស្មាតហ្វូន អ៊ីនធឺណិត បណ្តាញសង្គម និងសេវាអនឡាញផ្សេងៗ។ ប៉ុន្តែសម្រាប់វិស័យអប់រំ គឺនៅមានឱកាសអភិវឌ្ឍជាច្រើនទៀត។ អនាគតនៃអប់រំឌីជីថល មិនគួរត្រឹមតែជាការបម្លែងសៀវភៅទៅជា PDF ឬការថតមេរៀនជាវីដេអូហើយបង្ហោះតាមអនឡាញនោះទេ។ វាត្រូវតែអាចក្លាយជា៖

  • Interactive Learning (ការរៀនបែបអន្តរកម្ម)
  • Personalized Learning (ការរៀនតម្រូវតាមបុគ្គល)
  • Engaging Learning (ការរៀនបែបស្រូបទាញ និងសប្បាយរីករាយ)
  • Measurable Learning (ការរៀនដែលវាយតម្លៃ និងវាស់វែងបាន)

បច្ចេកវិទ្យាគួរតែអាចជួយឱ្យយើងយល់ថា៖ កុមារម្នាក់ៗចេះអ្វី? ខ្សោយអ្វី? គួររៀនអ្វីបន្ត? ហើយឪពុកម្តាយ ឬគ្រូបង្រៀនអាចជួយសម្រួលពួកគេដោយរបៀបណា? នៅក្នុងនោះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃការផ្លាស់ប្តូរនេះ។ ទោះជាយ៉ាងណា សម្រាប់កម្ពុជា Localization (ការធ្វើតូបនីយកម្មតាមបរិបទក្នុងស្រុក) នៅតែជាចំណុចសំខាន់បំផុត។ យើងមិនអាចយកផលិតផលដែលជោគជ័យនៅប្រទេសផ្សេង មកប្រើប្រាស់នៅកម្ពុជាដោយមិនបានកែសម្រួលនោះទេ។ យើងត្រូវយល់ឱ្យច្បាស់ពី ភាសាខ្មែរ វប្បធម៌ កម្មវិធីសិក្សា ឥរិយាបថសិក្សា និងលទ្ធភាពនៃការចំណាយរបស់គ្រួសារកម្ពុជា។ នេះគឺជាអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ Startup ក្នុងស្រុក៖ យើងនៅជិតបញ្ហា ហើយយើងយល់ពីអ្នកប្រើប្រាស់ដែលយើងកំពុងបង្កើតផលិតផលជូន។

App Preview (1)

លោក សេដ្ឋ សុហ្វីលតា បានលើកឡើងថា ជំនាញសំខាន់ៗ ៤ យ៉ាងសម្រាប់យុវជនក្នុងយុគសម័យបច្ចេកវិទ្យា និងឌីជីថលគួរតែអភិវឌ្ឍ៖

. Digital & Technology Literacy (ចំណេះដឹងផ្នែកឌីជីថល និងបច្ចេកវិទ្យា)៖ យុវជនគួរតែយល់ពី Software, AI, Data និង Digital Platforms ទោះបីជាពួកគេមិនចង់ក្លាយជា Programmer ក៏ដោយ។

២. Problem Solving & Critical Thinking (ការដោះស្រាយបញ្ហា និងការគិតបែបស៊ីជម្រៅ)៖ បច្ចេកវិទ្យាផ្លាស់ប្តូរលឿនណាស់។ ឧបករណ៍ (Tool) ដែលយើងប្រើនៅថ្ងៃនេះ អាចនឹងលែងសំខាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដូច្នេះ សមត្ថភាពក្នុងការរៀនអ្វីដែលថ្មី ការគិតវិភាគ និងការដោះស្រាយបញ្ហា មានតម្លៃខ្ពស់ជាងការចេះប្រើប្រាស់ Tool តែមួយមុខ។

៣. Communication & Collaboration (ការទំនាក់ទំនង និងកិច្ចសហការ)៖ ការបង្កើតផលិតផលបច្ចេកវិទ្យាមិនមែនជាការងាររបស់ Developer តែម្នាក់នោះទេ។ Engineer, Designer, Educator, Marketing, Sales និង Business ត្រូវធ្វើការរួមគ្នាជាប្រព័ន្ធ។

៤. Entrepreneurial Mindset (ស្មារតីសហគ្រិនភាព)៖ ត្រូវរៀនស្គាល់បញ្ហា យល់ពីអ្នកប្រើប្រាស់ សាកល្បងដំណោះស្រាយ ហ៊ានទទួលយក Feedback និងរៀនសូត្រពីភាពបរាជ័យ។

Img 9411

«នៅអនាគត អ្នកដែលខ្លាំងបំផុតមិនចាំបាច់ជាអ្នកដែលចេះបច្ចេកវិទ្យាច្រើនជាងគេនោះទេ ប៉ុន្តែគឺជាអ្នកដែលចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាដែលមានតម្លៃ។»

លោក សេដ្ឋ សុហ្វីលតា បានប្រាប់ពីគន្លឹះសម្រាប់ Founder ក្នុងស្រុកដែលចង់ប្រឡូកក្នុងវិស័យ Tech នេះ៖ ចាប់ផ្តើមពី «បញ្ហា» មិនមែន «Idea» មនុស្សជាច្រើនដែលចង់ចាប់ផ្តើមបង្កើត Startup តែងតែសួរថា៖ “តើខ្ញុំគួរបង្កើត App អ្វី?” ប៉ុន្តែសំណួរដែលល្អជាងនេះគឺ៖ តើមានបញ្ហាអ្វីដែលមនុស្សកំពុងជួបប្រទះ ហើយខ្ញុំអាចជួយដោះស្រាយបាន?”

មុននឹងចំណាយពេល និងថវិកាច្រើនលើការបង្កើតផលិតផល Founder គួរចំណាយពេលចុះជួបអ្នកប្រើប្រាស់ផ្ទាល់ ស្តាប់ពួកគេ សិក្សាពីឥរិយាបថរបស់ពួកគេ និងសាកល្បងដំណោះស្រាយតូចៗជាមុនសិន។ បទពិសោធន៍ផ្លាស់ប្តូរពី Rean AAN ទៅ Chlat បានបង្រៀនថា៖ Product អាចផ្លាស់ប្តូរបាន, Feature អាចផ្លាស់ប្តូរបាន, ហើយ Business Model ក៏អាចផ្លាស់ប្តូរបានដែរ។ ដូច្នេះ Founder ត្រូវមានភាពបត់បែនក្នុងការស្តាប់ទីផ្សារ ប៉ុន្តែក៏ត្រូវមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការបន្តដំណើរទៅមុខ។

នៅពេលនិយាយពី Startup មនុស្សភាគច្រើនតែងតែគិតដល់ Idea, Technology ឬ Funding។ ប៉ុន្តែតាមការជាក់ស្តែង អ្វីដែលសំខាន់បំផុតនោះគឺ Persistence (ភាពអត់ធ្មត់ និងការតស៊ូ) គឺសមត្ថភាពក្នុងការបន្តធ្វើ ទោះបីជាជួបប្រទះនឹងឧបសគ្គ ឬដំណើរការនោះមានភាពលំបាកយ៉ាងណាក៏ដោយ។

ដំណើរពី Rean AAN មកកាន់ Chlat បានចំណាយពេលជាច្រើនឆ្នាំ ដោយឆ្លងកាត់៖

  • ការចូលរួមប្រកួតប្រជែងជាច្រើន
  • ការសាកល្បងផលិតផលឡើងវិញ
  • ការវិនិយោគថវិកាផ្ទាល់ខ្លួន
  • ការសហការជាមួយដៃគូពាក់ព័ន្ធ
  • ការកែប្រែ និងភាពមិនប្រាកដប្រជា
  • ព្រមទាំងឱកាសថ្មីៗដែលចូលមកជាបន្តបន្ទាប់

 ចំពោះ Founder ដែលចង់ឈរជើងបានយូរអង្វែង ត្រូវមាន Resilience (ភាពធន់), Adaptability (សមត្ថភាពបត់បែន), Execution (ការអនុវត្តជាក់ស្តែង), Leadership (ភាពជាអ្នកដឹកនាំ) និង Continuous Learning (ការរៀនសូត្រជាប្រចាំ)។ ជាពិសេស Founder ត្រូវតែរៀនផ្លាស់ប្តូរតួនាទីរបស់ខ្លួនឯង នៅដំណាក់កាលដំបូង Founder អាចត្រូវធ្វើស្ទើរតែគ្រប់យ៉ាងដោយខ្លួនឯង ប៉ុន្តែនៅពេលក្រុមហ៊ុនរីកចម្រើន តួនាទីរបស់ Founder ត្រូវផ្លាស់ប្តូរពី «មនុស្សដែលធ្វើអ្វីៗគ្រប់យ៉ាង» ទៅជា «មនុស្សដែលបង្កើតក្រុម និងប្រព័ន្ធ ដែលអាចធ្វើឱ្យក្រុមហ៊ុនរីកចម្រើនដោយមិនបាច់ពឹងផ្អែកលើ Founder តែម្នាក់ឯង»

Img 5308

សម្រាប់ទិសដៅ Chlat App ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ៖ ដំណាក់កាលបន្ទាប់របស់ Chlat គឺ ការពង្រីកខ្លួនប្រកបដោយចីរភាព។

គោលដៅរយៈពេលខ្លី

  • ពង្រីកមាតិកាអប់រំឱ្យកាន់តែសម្បូរបែប
  • កែលម្អបទពិសោធន៍របស់អ្នកប្រើប្រាស់ (User Experience)
  • បង្កើនចំនួន Active Users
  • បង្កើនការបម្លែងអ្នកប្រើប្រាស់ Free ទៅជា Paying Subscribers
  • ពង្រីកភាពជាដៃគូជាមួយសាលារៀន
  • កសាងក្រុមការងារដែលមានសមត្ថភាពខ្ពស់
  • គោលដៅចម្បងមួយគឺធ្វើឱ្យ Chlat ក្លាយជា វេទិកាអប់រំឌីជីថលសម្រាប់កុមារឈានមុខគេមួយនៅកម្ពុជា។

+ ចក្ខុវិស័យរយៈពេលវែង

ប្រទេសកម្ពុជាអាចក្លាយជាទីផ្សារដំបូងដែលក្រុមការងាររៀនសូត្រពីរបៀបបង្កើតបច្ចេកវិទ្យាអប់រំដែលមានប្រសិទ្ធភាព តម្លៃសមរម្យ និងសមស្របតាមបរិបទក្នុងស្រុក។ ប្រសិនបើយើងអាចបង្ហាញថាគំរូនេះដំណើរការបានយ៉ាងល្អនៅកម្ពុជា មេរៀនទាំងនេះអាចត្រូវបានយកទៅសិក្សា និងកែសម្រួលសម្រាប់ទីផ្សារផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត។ ដូច្នេះ ចក្ខុវិស័យធំមិនមែនត្រឹមតែ “បង្កើត App មួយឱ្យជោគជ័យ” នោះទេ ប៉ុន្តែគឺ «ការកសាងក្រុមហ៊ុនអប់រំមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះ ដើម្បីបង្កើតផលវិជ្ជមានក្នុងទ្រង់ទ្រាយធំ»

ជាចុងក្រោយ លោក សេដ្ឋ សុហ្វីលតា មានជាសារជូនទៅកាន់យុវជនដែលចង់ចូលរួមក្នុងវិស័យ Tech, Digital ឬមានបំណងចង់ក្លាយជា Founder សារសំខាន់បំផុតនោះគឺ៖ «កុំរង់ចាំរហូតដល់អ្នកមានអ្វីៗគ្រប់យ៉ាង ទើបចាប់ផ្តើម!»

  • អ្នកមិនចាំបាច់មានជំនាញគ្រប់គ្រាន់ ១០០% នោះទេ
  • អ្នកមិនចាំបាច់មាន Funding ធំដុំនោះទេ
  • អ្នកមិនចាំបាច់មាន Team ធំនោះទេ
  • ហើយ Idea របស់អ្នកក៏មិនចាំបាច់ Perfect តាំងពីថ្ងៃដំបូងដែរ

រូបមន្តនៃការចាប់ផ្តើម៖

១. ចាប់ផ្តើមចេញពីបញ្ហាមួយដែលអ្នកយកចិត្តទុកដាក់ខ្លាំង

២. ចុះទៅនិយាយជាមួយអ្នកដែលកំពុងជួបប្រទះបញ្ហានោះ

៣. បង្កើតអ្វីមួយតូច (MVP) ឱ្យពួកគេសាកល្បង

៤. ស្តាប់ Feedback កែលម្អ និងបន្តធ្វើវា

ដំណើរពី Rean AAN ទៅ Chlat App បានបង្ហាញយ៉ាងច្បាស់ថា ការកសាង Startup មិនមែនកើតចេញពីជោគជ័យដ៏ធំមួយភ្លាមៗនោះទេ ប៉ុន្តែវាជា ការប្រមូលផ្តុំនៃជំហានតូចៗជាច្រើនប្រកបដោយនិរន្តរភាព៖

Idea ដំបូង -> Product ដំបូង -> User ដំបូង -> ការប្រកួតដំបូង -> Funding ដំបូង -> Partnership ដំបូង -> បញ្ហាធំដំបូង -> Investment -> បញ្ហាថ្មីដែលត្រូវដោះស្រាយ...

 599667601 1278327314320689 259093898373926962 N

គូសបញ្ជាក់ផងដែរថា សម្រាប់ Chlat App ដំណើរមួយនេះនៅតែបន្តទៅមុខឥតឈប់ឈរ។ ទោះជាយ៉ាងណា បេសកកម្មកាន់តែមានភាពច្បាស់លាស់ឡើងៗ៖ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យការអប់រំប្រកបដោយគុណភាព កាន់តែងាយស្រួលក្នុងការទទួលបាន កាន់តែមានភាពទាក់ទាញ និងកាន់តែមានអត្ថន័យសម្រាប់កុមារកម្ពុជា ព្រមទាំងការកសាងក្រុមហ៊ុនអប់រំរបស់កម្ពុជាមួយ ដែលអាចបង្កើតផលវិជ្ជមានក្នុងទ្រង់ទ្រាយធំសម្រាប់សង្គមជាតិទាំងមូល។

អត្ថបទដោយ៖ ងួន ឃុនណា - Khunna Nguon

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia