កាលពីពេលថ្មីៗនេះ ក្រុមតាលីបង់ទើបតែបានផលិតបានឡានស្ព័រដ៏ទំនើបជាលើកដំបូងរបស់ខ្លួន ក្រោយការស្រាវជ្រាវអស់ជាង ៥ឆ្នាំ ឡាននេះត្រូវបានថតជាវិដេអូបង្ហោះចូលក្នុងបណ្តាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ខ្លាំង។
យោងតាមការចេញផ្សាយពីគេហទំព័រ Business Insider បានឲ្យដឹងថា ឡានស្ព័រដែលត្រូវបានចែកចែងក្នុងបណ្តាញសង្គម Twitter ដោយអ្នកនាំពាក្យ Zabihullah ។ នៅក្នុងវិដេអូខ្លី ១នាទី៤៥វិនាទី បានបង្ហាញពីឡានដ៏ប្រណិតមួយ ឈ្មោះថា Mada 9 របស់ក្រុមតាលីបង់ដែលទើបតែផលិតបានថ្មីៗ ក្តៅៗ ។
សម្រាប់គំនិតនៃការឌីហ្សាញឡាននេះដែរ គឺចេញពីលោក Mohammad Riza Ahmadi និងបានសហការរួមគ្នាជាមួយក្រុមហ៊ុន EnTop រួមគ្នាក្រុមអ្នកវិស្វករ និងអ្នកឌីហ្សាញ ចំនួន ៣០នាក់ទៀត មកពីវិទ្យាស្ថាន Afghanistan Technical Vocational ។
ដោយឡែកសម្រាប់ការផលិតឡានស្ព័រមួយនេះដែរ មានតែ១ពណ៌ប៉ុណ្ណោះ គឺខ្មៅ ហើយក៏មាន១គ្រឿងគត់ដែរ។ យើងឃើញថាចំពោះរូបរាងខាងក្រៅ ទៅលើការឌីហ្សាញបែប Aerodynamic សុទ្ធតែម្តង តាំងពីក្បាលមុខមកដល់គូទក្រោយ។ ការរចនាម៉ូតនៅផ្នែកខាងមុខ ស្រដៀងទៅនឹងក្បាលពស់វែកអ៊ីចឹង ជាមួយនឹងថ្ពាលប៉ោង អមជាមួយនឹងភ្នែកពណ៌ស ជាអំពូល LED រាងជាបន្ទាត់ រីឯភ្លើងស្តុបក្រោយជាប្រភេទ LED Daytime Running light ដែលមានចលនាដាច់ៗជាកង់ៗ ខុសប្លែកពីឡានដទៃ។
គួរជំរាបផងដែរថា បច្ចុប្បន្ន ឡានស្ព័រមួយនេះ ត្រូវបានខ្ចីម៉ាស៊ីនសាំងរបស់ Toyota Corolla ស៊េរីឆ្នាំ២០០០ ដែលមានចំណុះម៉ាស៊ីន 1.8L និងមានស៊ីឡាំង ៤ មកដាក់រត់បណ្តោះអាសន្នសិន ប៉ុន្តែថ្ងៃខាងមុខ Mada 9 គេគ្រោងនឹងដាក់យកម៉ូទ័រអគ្គិសនីមកប្រើវិញម្តង។
អត្ថបទដោយ៖ ព្រឹម ភក្តី