គិតត្រឹមថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំង ក្នុងនោះ៖ ទីតាំងទី១ ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន(រាជធានីភ្នំពេញ) ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមដែលបានសម្ពោធកាលពី២ថ្ងៃមុននេះ ។
បើយោងតាមការបង្កើបពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធស្ថានីយសាកថ្មនៅខេត្តសៀមរាប បានឲ្យដឹងថាក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ផងដែរ នៅរាជធានីភ្នំពេញក៏មានស្ថានីយសាកថ្មល្បឿនលឿនមួយកន្លែងទៀតរបស់ឯកជន ដែលនៅក្នុងស្ថានីយ៍ប្រេងឥន្ធន:កាល់តិចទី៥០ មានទីតាំង ផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ ព្រឹម ភក្តី