Sound Effects គឺជាធាតុផ្សំដ៏សំខាន់ដែលជួយបង្កើនអារម្មណ៍ និងភាពទាក់ទាញនៃវីដេអូ។ ដើម្បីជួយអ្នកផលិតវីដេអូខ្លីៗដែលមិនចង់ចំណាយប្រាក់ ដូច្នេះចាបខៀវសូមណែនាំនូវគេហទំព័រទាំង ៣ ដែលល្បីបំផុត និងអាចទាញយកសំឡេងដោយឥតគិតថ្លៃ (Royalty-Free) សម្រាប់ការប្រើប្រាស់ដោយសេរី។

MyInstants គឺជាគេហទំព័រ និងកម្មវិធីទូរសព្ទដ៏ល្បីល្បាញមួយ ដែលដើរតួនាទីជា Soundboard (បន្ទះសំឡេង) អនឡាញដ៏ធំ។ វាផ្ទុកទៅដោយបណ្ណាល័យសំឡេងខ្លីៗរាប់ពាន់ ដែលត្រូវបានគេស្គាល់ជាទូទៅថាជា ប៊ូតុងសំឡេង (Sound Buttons)។ សំឡេងទាំងនេះភាគច្រើនគឺជាសំឡេង Meme ដ៏ពេញនិយម សំឡេងកំប្លែង សម្តីល្បីៗចេញពីខ្សែភាពយន្ត ហ្គេម ឬកម្មវិធីផ្សេងៗ ដែលអ្នកប្រើប្រាស់អាចចុចលេងភ្លាមៗដើម្បីបង្កើនភាពសប្បាយរីករាយក្នុងការសន្ទនា ឬបង្កើតខ្លឹមសារ។

Freesound គឺជាបណ្ណាល័យសំឡេងសហគមន៍ (collaborative database of audio snippets) ដែលផ្តោតលើការចែករំលែកសំឡេងក្រោមអាជ្ញាប័ណ្ណ Creative Commons។ មិនដូច MyInstants ដែលផ្តោតលើសំឡេង Meme ទេ Freesound គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកជំនាញដូចជា អ្នកផលិតភាពយន្ត អ្នករចនាសំឡេង (sound designers) និងអ្នកអភិវឌ្ឍន៍ហ្គេមដើម្បីស្វែងរកបែបផែនសំឡេង (sound effects) គុណភាពខ្ពស់។

Zapsplat គឺជាវេទិកាមួយផ្សេងទៀតដែលផ្តល់ជូននូវ បែបផែនសំឡេង (sound effects) និង ភ្លេងផ្ទៃខាងក្រោយ (music tracks) ជាច្រើនសម្រាប់ប្រើប្រាស់ក្នុងគម្រោងច្នៃប្រឌិត។ វាត្រូវបានរៀបចំឡើងជាបណ្ណាល័យវិជ្ជាជីវៈ ដែលមានឯកសារសំឡេងដែលមានគុណភាពខ្ពស់រាប់ម៉ឺនឯកសារ សម្រាប់បំពេញតម្រូវការរបស់ អ្នកផលិតភាពយន្ត អ្នកបង្កើតវីដេអូ YouTube អ្នកអភិវឌ្ឍន៍ហ្គេម និងអ្នកកែសម្រួល Podcasters។ Zapsplat មានលក្ខណៈពិសេសត្រង់ថា វាមិនត្រឹមតែផ្តល់ជូននូវសំឡេងឥតគិតថ្លៃ សម្រាប់ទាញយកប៉ុណ្ណោះទេ ប៉ុន្តែក៏មានជម្រើសជាសមាជិកបង់ប្រាក់សម្រាប់ការទាញយកដោយគ្មានដែនកំណត់ និងមានអាជ្ញាប័ណ្ណងាយស្រួលប្រើសម្រាប់គម្រោងពាណិជ្ជកម្ម។

