«ជំនាញអាចបង្កើតចំណូល» ពិភពលោកហាក់ព្រួយបារម្ភជាខ្លាំងនៃកំណើនមនុស្សជាតិដែលចាប់ផ្ដើមភ័យព្រួយរឿងគ្មានការងារធ្វើ ក្រោយអ្នកវិទ្យាសាស្ដ្របង្កើតបានបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាជាច្រើនទៀតដើរដោយ System មិនត្រូវការមនុស្ស។ ដូច្នេះយុវជនជំនាន់ក្រោយ ចង់មានការងារចំណូលខ្ពស់ ពុំគួរមើលរំលងជំនាញខាងក្រោម ដែលណែនាំដោយអ្នកឧកញ៉ាស្រុកខ្មែរផ្ទាល់តែម្ដង៖
ទី១-ជំនាញបច្ចេកទេស៖ អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានលើកឡើងក្នុង កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១ ថា៖ «បច្ចុប្បន្នកម្ពុជាក៏មានរោងចក្របច្ចេកទេសខ្ពស់ៗជាច្រើន ហើយទៅថ្ងៃខាងមុខ ក្រុមហ៊ុនពីបរទេសដែលមានបច្ចេកទេសខ្ពស់នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ដូច្នេះ ពួកគេកំពុងត្រូវការអ្នកជំនាញក្នុងស្រុក ហេតុនេះបើសិនជាយុវជនចេះជំនាញបច្ចេកទេសនេះ វាគឺជាឱកាស»។ អ្នកឧកញ៉ាក៏បានបង្ហាញក្តីបារម្ភផងដែរថា យុវជនខ្មែរជាច្រើន បច្ចុប្បន្នចូលចិត្ដរៀនខាងគណនី គ្រប់គ្រងហរិញ្ញវត្ថុ និងធនាគារ តែមិនសូវមានអ្នករៀនខាងបច្ចេកទេសប៉ុន្មានទេ។
ទី២-ជំនាញឌីជីថល៖ កាលពីឆ្នាំ២០២២ ថ្លែងក្នុងកម្មវិធីពិពណ៌ការងារ របស់វិទ្យាស្ថានបច្ចេកទេសអង្គរ នាខេត្តសៀមរាប អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា «ជាចម្បងខ្ញុំចង់ឱ្យយុវជនយល់ថា ជំនាញសំខាន់ៗណាខ្លះដែលប្រទេសជាតិកំពុងត្រូវការ ជាពិសេសមិនថាប្រទេសខ្មែរ ឬប្រទេសណាៗទេ យុគសម័យឌីជីថលសេដ្ឋកិច្ច គឺត្រូវការជំនាញឌីជីថលច្រើន ដូចជា ICT, DATA , Coding, Information Computer ដែលជាជំនាញដែលគេត្រូវការជាចាំបាច់នាពេលអនាគតខាងមុខដ៏ខ្លី»។
អ្នកឧកញ៉ាក៏បានគូសបញ្ជាក់ផងដែរថា «ខ្ញុំសង្ឃឹមថាយុវជនខ្មែរយើងនឹងបន្តការខិតខំរៀនសូត្រ បន្តការខិតខំចាប់ជំនាញណាមួយឱ្យដឹងមួយ ដើម្បីចូលចិត្តរៀន និងពេញចិត្តទាំងធ្វើការ ដោយក្លាយជាអ្នកបច្ចេកទេសមួយក្នុងការងារណាមួយ ដែលអាចចូលរួមជួយជាតិ កសាងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលនឹងឈានចូល ប្រទេសប្រាក់ចំណូលមធ្យម នៅឆ្នាំ២០៣០ខាងមុខនេះ»៕