Samsung មានអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក ហើយបើមានចន្លោះប្រហោងផ្នែកសន្តិសុខនៅក្នុងកម្មវិធីរបស់ខ្លួន អាចនឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុផលដែលក្រុមហ៊ុនវិនិយោគយ៉ាងច្រើនដើម្បីធានាបានថា កំហុសចន្លោះប្រហោងផ្សេងត្រូវបានកម្ចាត់ចោល មុនពេលអ្នកមានចេតនាអាក្រក់អាចប្រើប្រាស់វា។
ដូចក្រុមហ៊ុនធំៗជាច្រើនដែរ Samsung ដំណើរការកម្មវិធីរង្វាន់សម្រាប់ស្វែងរកចន្លោះប្រហោងសុវត្ថិភាព តាមរយៈការផ្តល់រង្វាន់ដ៏ច្រើនដល់អ្នក Hacker មានសីលធម៌សម្រាប់ការបង្ហាញភាពងាយរងគ្រោះផ្នែកសន្តិសុខសាយបឺរ ដោយឥឡូវនេះ Samsung បានបង្កើនរង្វាន់អតិបរមាដែលផ្តល់ជូនដល់ទឹកប្រាក់ដ៏ច្រើនគួរឱ្យកត់សម្គាល់រហូតដល់ 1 លានដុល្លារ។
កម្មវិធី Samsung Mobile Security Rewards ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ 2017 ហើយឥឡូវនេះក្រុមហ៊ុនបានចេញរបាយការណ៍ប្រចាំឆ្នាំលើកដំបូងរបស់ខ្លួន ដោយបង្ហាញព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍មួយចំនួន។
ចាប់តាំងពីការចាប់ផ្តើម កម្មវិធីនេះបានបង់ប្រាក់ជិត 5 លានដុល្លារជារង្វាន់សម្រាប់ចន្លោះប្រហោងដែលត្រូវបានរកឃើញពីមុមក។
កន្លងទៅ Samsung បានបង់ប្រាក់ 827,925 ដុល្លារក្នុងឆ្នាំ 2023 តែមួយឆ្នាំគត់ដល់អ្នកស្រាវជ្រាវចំនួន 113 នាក់។ រង្វាន់ខ្ពស់បំផុតគឺ 57,190 ដុល្លារដែលបានបង់ទៅឱ្យ TASZK Security Labs ដោយសារក្រុមនេះបានរកឃើញភាពងាយរងគ្រោះដែលអាចអនុញ្ញាតឱ្យហេកឃឺធ្វើការវាយប្រហារពីចម្ងាយបាន។
ដោយសារការផ្តោតអារម្មណ៍របស់ក្រុមហ៊ុនលើ AI ជាមួយនឹង Galaxy AI ក្រុមហ៊ុនក៏កំពុងចាប់ផ្តើម Samsung Mobile AI Security ជាគម្រោងសាកល្បងផងដែរ ដោយធានាថារាល់ភាពងាយរងគ្រោះនៅក្នុងបច្ចេកវិទ្យាកម្មវិធីថ្មីអាចត្រូវបានដោះស្រាយមុនពេលពួកវាក្លាយជាបញ្ហា ហើយតទៅមុខទៀត Samsung ក៏នឹងផ្តល់រង្វាន់ជាច្រើនបន្ថែមទៀតរហូតដល់ 1 លានដុល្លារ។
អ្នកស្រាវជ្រាវដែលរកឃើញការប្រើប្រាស់ក្នុងគោលបំណងអាក្រក់ណាមួយដែលអនុញ្ញាតឱ្យមានការប្រតិបត្តិកូដតាមអំពើចិត្តលើគោលដៅដែលមានឯកសិទ្ធិខ្ពស់ ការទាញយកទិន្នន័យអ្នកប្រើប្រាស់ទាំងស្រុង ការដោះសោឧបករណ៍ ការដំឡើងកម្មវិធីតាមអំពើចិត្ត ឬការបំពានការការពារឧបករណ៍ អាចទទួលបានរហូតដល់ 1 លានដុល្លារដែលឥឡូវនេះជាចំនួនអតិបរមាដែលត្រូវបានគ្របដណ្តប់ក្រោមកម្មវិធីនេះ។
ជាងនេះទៅទៀតអ្នកដែលអាចហេកចូលមុខងារ Auto Blocker ដែលជាមុខងារត្រូវបានណែនាំដើម្បីការពារការដំឡើងកម្មវិធីពីប្រភពដែលមិនមានការអនុញ្ញាត នឹងទទួលបានរង្វាន់រហូតដល់ 100,000 ដុល្លារ បញ្ជីពេញលេញនៃរង្វាន់ដែលបានផ្តល់ជូនមាននៅលើប្លុករបស់ Samsung។
ប្រភព៖ Sammobile, Samsung Mobile Security