ផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប្រវែង ១៨៧.០៥ គ.ម ប្រុងនឹងបើកដំណើរការសាកល្បងឲ្យប្រើប្រាស់នៅ២ ថ្ងៃទៀត ពោលគឺក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឲ្យប្រជាជនខ្មែរទាំងមូល ក៏ដូចភ្ញៀវទេសចរណ៍មកពីគ្រប់ទិញទីលើពិភពលោក អាចធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ដោយមិនចាំបង់ប្រាក់រយ:ពេល ១ខែពេញ ចាប់ពីថ្ងៃទី១ដល់៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ។
ឆ្លៀតឱកាសកៀកថ្ងៃបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្រសួងក៏បានប្រាប់ពីទីតាំងនូវច្រកចេញ-ចូលចំនួន០៨ស្ថានីយ ដើម្បីងាយក្នុងការធ្វើដំណើរ និងយល់ដឹងអំពីការបើកបរ ព្រមទាំងច្បាប់ចរាចរនីមួយៗដែលមាននៅលើផ្លូវល្បឿនលឿននេះ។
លោកអ្នកអាចចេញ-ចូលក្នុងផ្លូវល្បឿនលឿនបានតាម ០៨ស្ថានីយ រួមមាន៖
- ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3)
- ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម 26)
- ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម 43)
- ស្ថានីយត្រែងត្រយឹង (គ.ម 76)
- ស្ថានីយកំពង់សិលា (គ.ម 114)
- ស្ថានីយស្រែអំបិល (គ.ម 135)
- ស្ថានីយស្ទឹងហាវ (គ.ម 172)
- និងស្ថានីយក្រុងព្រះសីហនុ (គ.ម 182)។
គួររំឭកផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway) ជាខ្សែ ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤៨ ខែ ប៉ុន្តែគិតមកដល់ពេលនេះ ការសាងសង់ត្រូវបានសម្រេចមុនគម្រោង ៨ខែ ពោលគឺសាងសង់បានសម្រេច១០០% ត្រឹមរយ:ពេល ៤០ខែ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី