ខ្មែរអាចធ្វើបាន! បុគ្គលឆ្នើម២រូបនេះបានបង្កើតអង្គុលីលេខ និងហ្វុនអក្សរយូនីកូដខ្មែរ ទុកឱ្យយើងប្រើដល់សព្វថ្ងៃ
SOKLY - កូនផ្កាឈូក
JULY 24 2025
ឌីជីថល
193 views
2 mins read

អក្សរខ្មែរបានធ្វើទំនើបកម្មតាំងពីឆ្លាក់លើផ្ទាំងសិលា ចាលើស្លឹករឹត សរសេរដោយដៃលើផ្ទាំងក្រដាស រហូតផ្លាស់មកវាយតាមអង្គុលីលេខ និងមានអក្សរយូនីកូដខ្មែរក្នុងឧបករណ៍អេឡិចត្រនិចសឹងគ្រប់ប្រភេទ។ ចុះតើអ្នកដឹងទេ ក្នុងបដិវត្តន៍ដ៏អស្ចារ្យនេះ លោកបណ្ឌិត កេង វ៉ាន់សាក់ គឺជាស្ថាបនិក អង្គុលីលេខ​ខ្មែរដំបូងគេ និងលោក ដាញ់ ហុង គឺជាអ្នកបង្កើតហ្វុនអក្សរយូនីកូដខ្មែរ ដែលទុកឲ្យយើងប្រើប្រាស់ដល់សព្វថ្ងៃនេះ។

98c168db 3dd4 4737 8c37 1f9277dac4ad
១-លោកកបណ្ឌិត កេង វ៉ាន់សាក់៖ លោកបណ្ឌិត គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខ និងជាកវីនិពន្ធអក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បីល្បាញ ដោយធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ឆ្នាំ ១៩៤០ មកម្ល៉េះ។

4e22e9ea 3fc8 4915 947e Aa6a8ed80e68

លោកប្រសូត្រនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ ដែល​មាន​មាតា​ឈ្មោះ ហម អ្នក​ខេត្ត​ពោធិ៍សាត់ ជាប់​សែស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និង​មាន​បិតា​ឈ្មោះ កេង ស៊ីផាន់ អ្នក​ខេត្ត​កំពង់ចាម មាន​វ័យ​ចម្រើន​ធំ​ធាត់​នៅ​ក្នុង​ភូមិ​កំពង់បឹង ស្រុក​កំពង់លែង នៃ​ខេត្ត​កំពង់ឆ្នាំង។

ក្នុងដំណើរជីវិតដ៏វែងអន្លាយលោក​បណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការប្រែប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់​ចលនា ដោយ​រួមទាំង​ចលនា​នយោបាយ​ក្នុង​សម័យ​ទាមទារ​ឯករាជ្យ រួមទាំងចលនា​អក្សរសាស្រ្ដ​ខ្មែរជាដើម។ លោក​បណ្ឌិត​សាស្រ្តា​ចារ្យ​​​ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨។​​

Efdfc0a9 1cdf 458b B361 B4e59fe7ddec

២-លោក ដាញ់ ហុង៖ គឺជាស្ថាបនិកពុម្ព ឬ Font អក្សរខ្មែរ (Khmer Unicode) ដែលយើងទាំងអស់គ្នាប្រើរាល់ថ្ងៃ ហើយក៏ជាអ្នកមានស្នាដៃជាច្រើន ជាពិសេសគឺពុម្ភអក្សរខ្មែរដែលត្រូវបានទទួលស្គាល់ដោយ Google និងបានដាក់ឲ្យប្រើប្រាស់ជាពុម្ពអក្សរខ្មែរប្រចាំនៅលើ Google Font។

លោក ដាញ់ ហុង កើតក្នុងឆ្នាំ១៩៧២ នៃគ្រួសារកសិករខ្មែរក្រោមមួយ នាខេត្តពលលាវ នៃដែនដីកម្ពុជាក្រោម ឬ ខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។ លុះចម្រើនវ័យធំដឹងក្តី ក្រោយពីប្រលងបញ្ចប់សញ្ញាបត្របាក់ឌុបនៅឆ្នាំ១៩៩១ លោកត្រូវទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ នៅសាកលវិទ្យាល័យច្បាប់ និងបានបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ១៩៩៧ នាទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងហូជីមិញ។

2a7d9c30 0950 456c B041 D06361f558f0

ក្រោយឆ្លងកាត់ការងារជាច្រើនកន្លែង និងកំពុងបម្រើការងារផ្នែកវចនានុក្រមនៅប្រទេសវៀតណាម លោកបានទទួលព័ត៌មានតាមប្រព័ន្ធអ៉ីនធើណេត ក្នុងការរើសបុគ្គលិកផ្នែករចនា និងបង្កើតអក្សររបស់មជ្ឈមណ្ឌលខេមរសិក្សារបស់អាមេរិកប្រចាំនៅខេត្តសៀមរាប។

រយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៣ ដែលបម្រើការនៅទីនោះ លោកបានស្គាល់ជាមួយបុរស ជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ហើយពួកគេក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS ស្នើទៅអង្គការ Open Forum នៅឆ្នាំ២០០៣ តែរហូតដល់ឆ្នាំ២០០៤ ទើបខាងអង្គការសម្រេចទទួល។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោកបានបង្ហាញសមិទ្ធផលថ្មីមួយទៀតគឺ កម្មវិធីពិនិត្យ និងកែអក្ខរាវិរុទ្ធខ្មែរ បានរាប់រយពាក្យថែមទៀតផង៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia