បច្ចុប្បន្នកំណើននៃការប្រើប្រាស់បណ្តាញសង្គមក៏ដូចជា ការប្រើប្រាស់អិនធឺណេតគឺមានការកើនឡើងខ្លាំងមែនទែន ក្នុងនោះផងដែររឿងសំខាន់ដែលយើមិនអាចភ្លេចបាននោះគឺការដាក់លេខកូដការពារទៅលើផ្លេតហ្វមដែលយើងបានប្រើប្រាស់ឱ្យបានល្អ ព្រោះបើលេខកូដដែលយើងដាក់ស្រួលពេក វាអាចជាឱកាសសម្រាប់ Hacker នៅក្នុងការប្រម៉ាញ់យកគណនីរបស់អ្នកទាំងអស់គ្នាបានយ៉ាងស្រួល។
ម្យ៉ាងទៀតការប្រើប្រាស់ពាក្យសម្ងាត់ដូចជាការដាក់លេខ ដាក់ថ្ងៃ ខែ ឆ្នាំកំណើត ឬឈ្មោះក្រុមហ៊ុនណាមួយវាមិនមែនជារឿងល្អនោះទេ។ ហើយបើតាមការបង្ហាញរបស់ Phone Arena បានឱ្យដឹងថាពាក្យសម្ងាត់ដែលគេពេញនិយមប្រើជាងគេនោះគឺ “password” ដែលពាក្យនេះមានគេប្រើរហូតទៅដល់ជិត 5លាននាក់ ដោយគេជឿថាវាអាចពិបាកសម្រាប់ Hacker។
ប្រភពដដែលក៏បានបន្តទៀតថា សម្រាប់លេខកូដដែលគេកំពុងពេញនិយមមួយទៀតនោះគឺ “123456” និង “123456879” ហើយចំពោះលេខកូដប្រភេទនេះគឺមិនមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការពារទូរស័ព្ទឬកុំព្យូទ័រដែលអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់នោះទេ។
យ៉ាងណាមិញ Phone Arena ក៏បានបង្ហាញពីរបៀបនៃការកំណត់ពាក្យសម្ងាត់ដោយមិនងាយមានអ្នកណាម្នាក់អាចដឹងបានហើយចំពោះវិធីក្នុងការដាក់នោះគឺ បញ្ចូលគ្នារវាង (អក្សរធំ អក្សរតូច លេខ សញ្ញា) ហើយប្រសិនបើអ្នកប្រើអក្សរ10តួគឺគេអាចនឹងប្រើពេល 5ខែដើម្បីបំបែកវា ហើយប្រសិនបើប្រើអក្សរ11តួ គឺគេអាចប្រើពេល 34ឆ្នាំដើម្បីបំបែក ប៉ុន្តែប្រសិនបើអ្នកប្រើអក្សរ12តួរួមបញ្ចូលគ្នាតាមរបៀបខាងលើគឺ Hacker អាចប្រើពេលរហូតទៅដល់ 300ឆ្នាំឯណោះដើម្បីកម្ទេចវា។
ដូច្នេះប្រសិនបើអ្នកកំពុងតែប្រើប្រាស់លេខកូដឬពាក្យសម្ងាត់ដែលងាយៗស្រួលៗ ដូចជាថ្ងៃ ខែ ឆ្នាំកំណើត ឬឈ្មោះជាដើម គួរតែធ្វើការប្តូរវាចេញទៅដោយប្រើប្រាស់ពាក្យសម្ងាត់តាមទម្រង់ខាងលើវិញទើបអាចរក្សាសុវត្ថិភាពបានខ្លាំងជាងមុន។
អត្ថបទដោយ៖ រិន មករា
