Google ទើបតែប្រកាសដាក់ឱ្យប្រើប្រាស់មុខងារថ្មី Ask Maps ដែលដំណើរការដោយបច្ចេកវិទ្យា Gemini AI។ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់សាកសួរសំណួរស្មុគស្មាញជាភាសានិយាយធម្មតា ដើម្បីស្វែងរកទីតាំង ឬដោះស្រាយបញ្ហាបន្ទាន់បានយ៉ាងរហ័ស ។

មិនត្រឹមតែជួយរៀបចំផែនការដើរកម្សាន្ត និងផ្ដល់គន្លឹះល្អៗពីអ្នកធ្លាប់ទៅដល់ផ្ទាល់ប៉ុណ្ណោះទេ Google ក៏បានពង្រឹងមុខងារ 'Immersive Navigation' ឱ្យកាន់តែទំនើបជាងមុន។ ឥឡូវនេះ អ្នកអាចមើលឃើញផ្លូវក្នុងទម្រង់ 3D យ៉ាងច្បាស់ រួមជាមួយព័ត៌មានដងផ្លូវលម្អិត និងការណែនាំដោយសំឡេងបែបធម្មជាតិ ដែលជួយឱ្យការធ្វើដំណើររបស់អ្នកកាន់តែមានភាពងាយស្រួល ភាពជាក់ស្ដែង និងទំនុកចិត្តខ្ពស់។

បន្ថែមពីនេះ Google ក៏បានធ្វើបច្ចុប្បន្នភាពការណែនាំដោយសំឡេងឱ្យមានលក្ខណៈស្រដៀងមនុស្សនិយាយធម្មតាជាងមុន។ ជាឧទាហរណ៍ ប្រសិនបើអ្នកត្រូវចុះពីផ្លូវហាយវេនៅចំណុចចេញ (Exit) ពីរខាងមុខ អ្នកនឹងឮការណែនាំដូចជា៖ «សូមបើកហួសចំណុចចេញនេះ ហើយបត់ចូលចំណុចបន្ទាប់សម្រាប់ផ្លូវ... Illinois 43 South»។

Google Maps នឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកកាន់តែឆ្លាតវៃ ដោយការប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិនៃផ្លូវនីមួយៗ (ដូចជាផ្លូវវាងការកកស្ទះ ឬផ្លូវដែលត្រូវបង់ថ្លៃសេវា ឬផ្លូវកំពុងជួសជុល)។ បន្ថែមពីនេះ វានឹងផ្ដល់ដំណឹងបន្ទាន់អំពីស្ថានភាពរអាក់រអួលលើដងផ្លូវ (ការដ្ឋានសំណង់ ឬគ្រោះថ្នាក់ចរាចរណ៍) ដោយផ្អែកលើទិន្នន័យជាក់ស្ដែងពីសហគមន៍អ្នកប្រើប្រាស់ Google Maps និង Waze រួមបញ្ចូលគ្នា។

ដើម្បីប្រើប្រាស់មុខងារថ្មីរបស់ Google Maps អ្នកគ្រាន់តែធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីឱ្យទៅជាកំណែចុងក្រោយបំផុតនៅក្នុង App Store ឬ Play Store ជាការស្រេច។ បន្ទាប់មក នៅពេលអ្នកស្វែងរកផ្លូវធ្វើដំណើរ អ្នកនឹងឃើញជម្រើស Immersive View សម្រាប់មើលទិដ្ឋភាព 3D (ក្នុងតំបន់ដែលគាំទ្រ) រួមជាមួយព័ត៌មានលម្អិតអំពីស្ថានភាពចរាចរណ៍ ការដ្ឋានសំណង់ និងការប្រៀបធៀបផ្លូវបង់ថ្លៃ (Toll) ឬផ្លូវវាង ដែលទិន្នន័យទាំងនេះត្រូវបានបញ្ចូលគ្នាដោយស្វ័យប្រវត្តិពីសហគមន៍អ្នកប្រើប្រាស់ Google និង Waze ដើម្បីជួយឱ្យអ្នកសម្រេចចិត្តជ្រើសរើសផ្លូវដែលល្អបំផុតសម្រាប់ធ្វើដំណើរ។
