ទីបំផុតទូស័ព្ទអេក្រង់បត់ iPhone មានគេធ្វើបានហើយ ដោយយកគ្រឿងក្នុង iPhone ផ្គុំជាមួយ Motorola
Makara Rin
NOVEMBER 10 2022
អេឡិចត្រូនិក
690 views
1 min read

បច្ចុប្បន្នក្រុមហ៊ុនផលិតទូរស័ព្ទល្បីៗមួយចំនួនគឺចាប់ផ្តើមងាកមករកការប្រកួតប្រជែងទៅលើការផលិតទូរស័ព្ទដែលមានអេក្រង់បត់​ក៏ដូចជាទូរស័ព្ទដែលមានអេក្រង់ធំជាដើម​ ដោយឡែកយើងឃើញថានៅមានក្រុមហ៊ុនមួយដែលមិនទាន់ហក់លោតចូលទៅប្រកួតប្រជែងជាមួយនឹងទីផ្សារស្មាតហ្វូនអេក្រង់បត់ដូចគេនោះគឺ​ ក្រុមហ៊ុន Apple ។

យ៉ាងណាមិញបើទោះបីជាក្រុមហ៊ុនយក្សមួយនេះមិនទាន់​រុញត្រកូល iPhone ទៅជាស្មាតហ្វូនដែលមានអេក្រង់បត់ក៏ដោយ ប៉ុន្តែបើយោងទៅតាមគណនី YouTube ជនជាតិចិនម្នាក់បានធ្វើការបង្កើត iPhone អេក្រង់បត់ដោយបានយកគ្រឿងផ្សេងៗមកផ្គុំចូលគ្នា ដោយក្នុងនោះយើងឃើញថា​មានគ្រឿងក្នុងរបស់ iPhone ជាមួយនឹងផ្នែកខ្លះរបស់ Motorola Razr ។

នៅក្នុងវីដេអូនោះគេក៏បានបង្ហាញបន្ថែមពីដំណើរការនៃការបង្កើត ដោយគេបានយកគ្រឿងក្នុងរបស់ iPhone X ទៅផ្គុំគ្នាជាមួយនឹងទូរស័ព្ទ Motorola Razr ដែលវាមានត្រចៀកអាចបត់បាន​។ លើសពីនេះទៀតចំពោះដំណើរការមួយនេះវាមិនមែនជារឿងងាយស្រួលទេ​ ដោយគេបានចំណាយពេលរហូតដល់ទៅជាង200ថ្ងៃឯណោះ ហើយចំពោះអេក្រង់វិញក៏មិនមែនចំណាយអស់តិចដែរ ពោលគឺមិនតិចជាង 37ប្រភេទផ្សេងៗគ្នាទេ ដែលភាគច្រើនអេក្រង់ទាំងអស់នោះពេលដែលគេគាស់ចេញមកគឺមានការបែកបាក់និងខូចជាដើម។

ចុងក្រោយបន្ទាប់ពីគេបានផ្គុំគ្រឿងវាចូលគ្នារួចរាល់គេបានដាក់ឈ្មោះវាថា iPhone V ហើយដំណើរការទៅដោយ iOS ប៉ុន្តែចំពោះអេក្រង់របស់វាវិញគឺបត់បានតែពាក់កណ្តាលតែប៉ុណ្ណោះ គេមិនអាចធ្វើឱ្យវាបត់បានជិតដូចនឹងទូរស័ព្ទបត់មួយចំនួនទេ ដូចជា Galaxy Z Flip ជាដើម។

គូសបញ្ជាក់ផងដែរថា Apple ក៏មានគម្រោងផលិតឧបករណ៍៍ប្រើប្រាស់ដែលមានអេក្រង់បត់ដូចជាប្រភេទ Notebook, និង Tablet ជាដើមនៅក្នុងឆ្នាំ2024។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia