ស្នងការដ្ឋានស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) បានចេញសេចក្តីប្រកាសដល់អ្នកប្រើទូរស័ព្ទ iPhone និង Android ប្រញាប់លុបសារ ១ ប្រភេទភ្លាមៗ បើឃើញវាបង្ហាញនៅលើទូរស័ព្ទរបស់ពួកគេ។ នេះបើយោតាមការចុះផ្សាយរបស់ Forbes។
សារមួយប្រភេទនោះត្រូវបានគេឱ្យឈ្មោះថា “SMV Scam Texts” ជាសារ SMS ដែលបញ្ជូនមកពីក្រុមមនុស្សអាណាមិក ដែលបំភាន់ថាជាអាជ្ញាធរទទួលបន្ទុកចរាចរណ៍ ឬ “Department of Motor Vehicles (DMV)”។ ក្នុងសារ ខាងល្មើសតែងតែអះអាងថា មានបញ្ហាមួយទាក់ទងនឹងលិខិតបើកបរ ឬការចុះបញ្ជីយានយន្ត ហើយព្យាយាមបញ្ឆោតឱ្យអ្នកចុចលើតំណភ្ជាប់ (link) ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដូចជា លេខគណនីធនាគារ ជាដើម។
FBI បានជំរុញឲ្យអ្នកប្រើទូរស័ព្ទដឹងថា សារទាំងនោះគឺជាចលនាព្យាយាមលួចព័ត៌មានផ្ទាល់ខ្លួន ដែលអាចនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ ឬអត្តសញ្ញាណ។ ហេតុដូច្នេះហើយ FBI បានណែនាំឲ្យប្រើវិធានការដូចខាងក្រោម៖
-កុំចុចលើតំណភ្ជាប់ណាមួយ ដែលបានបញ្ជូនពីសារមិនស្គាល់
-កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន តាមរយៈ SMS ឬតំណភ្ជាប់ណាមួយ
-លុបសារទាំងនោះភ្លាមៗ ប្រសិនបើអ្នកទទួលបាន
-ជៀសវាងការចុចលើតំណដែលមានអក្សរចម្លែក ឬអាសយដ្ឋានមិនផ្លូវការ
សូមជម្រាបផងដែរថា ព័ត៌មានប្រភេទនេះមិនមែនសរសេរឡើងដើម្បីបំភ័យលោកអ្នកឡើយ គ្រាន់តែជាការចែករំលែកដើម្បីឱ្យលោកអ្នកអាចបង្ការនូវបញ្ហាអសុត្ថិភាពលើអ៊ីនធឺណេត។ សូមបង្កើនការប្រុងប្រយ័ត្នព្រោះប្រព័ន្ធអ៊ីធឺណេតទូលំទូលាយណាស់ មានតែការទទួលព័ត៌មានបានច្រើន និងបន្តសិក្សាអភិវឌ្ឍន៍ឱ្យទាន់សម័យបច្ចេកវិទ្យាជាប្រចាំទេ ទើបអាចជួយការពារខ្លួនឯងបាន៕