ក្នុងគោលបំណងបង្កើនតម្លៃដល់សេវាកម្មបង់ប្រាក់របស់ខ្លួន ក្រុមហ៊ុន Meta កំពុងធ្វើការសាកល្បងថ្មីមួយ ដោយកំណត់ចំនួនតំណភ្ជាប់ (Links) ដែលអ្នកប្រើប្រាស់អាចបង្ហោះបាននៅលើ Facebook លើកលែងតែពួកគេជាសមាជិកបង់ប្រាក់ Meta Verified។

យោងតាមការសង្កេតរបស់អ្នកជំនាញយុទ្ធសាស្ត្របណ្តាញសង្គមបានប្រាប់ឱ្យដឹងថា អ្នកប្រើប្រាស់ដែលស្ថិតក្នុងក្រុមសាកល្បងអាចបង្ហោះ Link បានត្រឹមតែ ២ ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រសិនបើចង់បង្ហោះលើសពីនេះ ពួកគេត្រូវតែបង់ប្រាក់ជាវសេវាកម្ម Meta Verified ដែលមានតម្លៃចាប់ពី ១៤.៩៩ ដុល្លារក្នុងមួយខែ។

ទោះជាយ៉ាងណាក៏ដោយការរឹតបន្តឹងនេះមិនអនុវត្តចំពោះ៖
- តំណភ្ជាប់សម្ព័ន្ធ (Affiliate links)
- ការដាក់ Link នៅក្នុង Comment
- តំណភ្ជាប់ដែលនាំទៅកាន់ផលិតផលផ្សេងៗរបស់ Meta ដូចជា Facebook, Instagram និង WhatsApp។

អ្នកនាំពាក្យរបស់ Meta បានបញ្ជាកថាការសាកល្បងនេះ គឺប៉ះពាល់ដល់៖
- អ្នកប្រើប្រាស់ក្នុងរបៀបអាជីព (Professional Mode): គណនីផ្ទាល់ខ្លួនដែលប្តូរទៅជាគណនីអ្នកបង្កើតមាតិកា (Creator)។
- ទំព័រហ្វេសប៊ុក (Facebook Pages): ផេកអាជីវកម្ម ឬផេកអ្នកល្បីល្បាញផ្សេងៗ។
- ដោយឡែក សម្រាប់ "អ្នកបោះពុម្ពផ្សាយព័ត៌មាន" (Publishers) មិនត្រូវបានរាប់បញ្ចូលក្នុងការសាកល្បងនេះនៅឡើយទេនាពេលបច្ចុប្បន្ន។

គូសបញ្ជាក់ផងដែរថា Meta ធ្វើការសាកល្បងក្នុងកម្រិតមានកំណត់ ដើម្បីស្វែងយល់ថាតើការអនុញ្ញាតឱ្យបង្ហោះ Link បានច្រើនអាចជួយបង្កើនតម្លៃបន្ថែមសម្រាប់អ្នកបង់ប្រាក់ Meta Verified ដែរឬទេ។ ការផ្លាស់ប្តូរនេះអាចនឹងប៉ះពាល់ផ្ទាល់ដល់អ្នកបង្កើតមាតិកា (Creators) និងម្ចាស់អាជីវកម្មដែលតែងតែចែករំលែក Link ពីគេហទំព័រ ឬប្លុកផ្ទាល់ខ្លួនទៅកាន់ Facebook ដើម្បីទាក់ទាញអ្នកចូលមើល។ ប្រសិនបើគោលការណ៍នេះត្រូវបានអនុវត្តជាផ្លូវការ ពួកគេប្រហែលជាត្រូវបង្ខំចិត្តបង់ប្រាក់ប្រចាំខែ ដើម្បីរក្សាការផ្សព្វផ្សាយរបស់ពួកគេឱ្យនៅដដែល។
