ក្រុមហ៊ុន OpenAI បានបន្ថែមសមត្ថភាពថ្មីទៅក្នុង ChatGPT ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតរូបភាពមានចលនាពីរូបថតធម្មតា ឬអត្ថបទ (Text Prompt) បាន តាមរយៈមុខងារបង្កើតរូបភាពជំនាន់ថ្មី Images 2.6 ដែលអាចបង្កើតរូបភាពយ៉ាងរស់រវើក ថែមទាំងចំណាយពេលតិចជាងមុន។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Verge បានឱ្យដឹងថា អ្នកប្រើប្រាស់ អាចផ្ញើរូបថតចូលទៅក្នុង ChatGPT រួចសរសេរ Prompt ដើម្បីឱ្យ AI បង្កើតចលនាទៅតាមអ្វីដែលចង់បាន ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចបង្កើតរូបភាពមានចលនា ដោយសរសេរតែ Prompt មិនចាំបាច់មានរូបថតក៏បានដែរ។
ចំណុចគួរឱ្យចាប់អារម្មណ៍នៃមុខងារនេះមួយទៀត គឺសមត្ថភាពរក្សារូបរាងតួអង្គឱ្យមានភាពស៊ីសង្វាក់គ្នានៅតាមស៊ុមរូបភាពនីមួយៗ មានន័យថា តួអង្គអាចរក្សារូបរាងស្រដៀងគ្នា ទោះបីជាមានការផ្លាស់ប្តូរចលនាពីមួយទៅមួយក៏ដោយ។ ក្នុងនោះ អ្នកប្រើប្រាស់ ក៏អាចកែសម្រួលល្បឿនចលនា និងស៊ុមរូបភាពនីមួយៗតាមចិត្តផងដែរ។

ជាមួយគ្នានេះ អ្នកបង្កើតមាតិកា អាចប្រើមុខងារមួយនេះ ដើម្បីបង្កើត Reaction Images, រូបភាពកំប្លែង (Meme) ឬបង្កើតរូបតំណាងម៉ាកយីហោ និងរូបភាពផលិតផល ដែលមានចលនាក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកមើល។ ក្រៅពីនេះ OpenAI បានបញ្ជាក់ថា Images 2.6 គឺអាចបង្កើតរូបភាពបានលឿនជាងម៉ូដែលជំនាន់មុន៥០% ហើយសម្រាប់អ្នកប្រើប្រាស់ API ក្រុមហ៊ុន បានផ្តល់ជម្រើសនូវម៉ូដែលចំនួនពីរ គឺ Flare និង Sunburst ដែល Flare ផ្តោតលើល្បឿន និងប្រសិទ្ធភាព ខណៈ Sunburst ផ្តោតលើគុណភាពរូបភាព និងការរក្សាភាពស៊ីសង្វាក់គ្នានៅពេលកែសម្រួលច្រើនដង។

បន្ថែមពីនេះ OpenAI ក៏បានដាក់បញ្ចូលមុខងារ Image Markup ទៅក្នុង API ដើម្បីឱ្យ Developers អាចសម្គាល់តំបន់ជាក់លាក់ណាមួយនៅលើរូបភាព ដែលចង់កែប្រែបានកាន់តែច្បាស់។ OpenAI បានបញ្ជាក់ថា បច្ចុប្បន្នអ្នកប្រើប្រាស់ទូទាំងពិភពលោក បានបង្កើតរូបភាពជាង ៤ពាន់លានសន្លឹកក្នុងមួយសប្តាហ៍ តាមរយៈ ChatGPT, Codex និង API ដែលស្មើនឹងជាងកន្លះពាន់លានសន្លឹកក្នុងមួយថ្ងៃ។

