មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំ «ថ្ងៃបទបង្ហាញជាសាធារណៈ» ដើម្បីប្រកាសបិទបញ្ចប់កម្មវិធីពន្លឿនអាជីវកម្មឌីជីថល «រដូវកាលទី៥» ជាផ្លូវការ។ ព្រឹត្តិការណ៍នេះបានស្វែងរកឃើញក្រុមធុរកិច្ចថ្មី (Startups) ឆ្នើមចំនួន ៥ ដែលទទួលបានទុនឧបត្ថម្ភគាំទ្រដោយមិនយកភាគហ៊ុន ក្នុងទំហំទឹកប្រាក់សរុប ១២០លានរៀល។
ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ Oakwood Premier ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ព្រមទាំងមានការចូលរួមពីតំណាងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ដែលជាដៃគូឧបត្ថម្ភធំ ដៃគូអភិវឌ្ឍន៍ វិនិយោគិន និងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាប្រមាណ ១០០នាក់។
ដើម្បីឈានមកដល់ដំណាក់កាលជ័យលាភីនេះ បេក្ខជនបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្កឹមស្កោះរយៈពេល ១៨ សប្តាហ៍។ ក្នុងចំណោមធុរកិច្ចថ្មីដែលបានដាក់ពាក្យសរុបចំនួន ៦៦ មានតែ ១២ ក្រុមប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី។ កម្មវិធីបានតម្រូវឱ្យបេក្ខជនឆ្លងកាត់វគ្គជម្រុះដំបូង ៣ សប្តាហ៍ វគ្គ Bootcamp ៤ សប្តាហ៍ និងវគ្គពន្លឿនអាជីវកម្ម រយៈពេល ១១ សប្តាហ៍ ដោយផ្តោតលើការគាំទ្រ ៣ ផ្នែកសំខាន់ៗ រួមមាន៖ ដំណាក់កាលស្វែងយល់ ដំណាក់កាលវាស់ស្ទង់ទីផ្សារ និងដំណាក់កាលពង្រីកអាជីវកម្ម។
ផ្អែកលើការវាយតម្លៃយ៉ាងិតក្បៀតលើវឌ្ឍនភាព ការអនុវត្តផែនការទីផ្សារ និងសក្តានុពលនៃការលូតលាស់ ធុរកិច្ចថ្មីឆ្នើមទាំង ៥ ដែលទទួលបានពានរង្វាន់ និងថវិកាគាំទ្ររួមមាន៖
ម្ចាស់ពាន Top Performance៖ បានទៅលើធុរកិច្ចថ្មី SMEAN AI ដោយទទួលបានថវិកាគាំទ្រចំនួន ៤០ លានរៀល។
ម្ចាស់ពាន Excellence៖ បានទៅលើធុរកិច្ចថ្មីចំនួន ២ ក្រុម គឺ AVA Hospitality និង UMAMI ដោយទទួលបានថវិកាគាំទ្រចំនួន ២៥ លានរៀលក្នុងមួយក្រុម។
ម្ចាស់ពាន Merit៖ បានទៅលើធុរកិច្ចថ្មីចំនួន ២ ក្រុម គឺ HORPAO និង EZEPOS ដោយទទួលបានថវិកាគាំទ្រចំនួន ១៥ លានរៀលក្នុងមួយក្រុម។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានគូសបញ្ជាក់ថា៖ «កម្មវិធី Demo Day មិនមែនត្រឹមតែជាអ្វីដែលបង្ហាញនៅលើអេក្រង់ ឬភាពស្ទាត់ជំនាញនៃការធ្វើបទបង្ហាញរបស់ក្រុមនីមួយៗនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងថា តើស្ថាបនិកពិតជាយល់ច្បាស់ពីបញ្ហា ស្តាប់តម្រូវការទីផ្សារ និងប្រែក្លាយមតិត្រឡប់ទៅជាសកម្មភាពជាក់ស្តែងដែរឬទេ»។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានផ្តល់នូវអនុសាសន៍គន្លឹះជាយុទ្ធសាស្ត្រចំនួន ៣ ចំណុច ដល់ស្ថាបនិកទាំងអស់ ៖ ទី១. ត្រូវពង្រឹងទំនាក់ទំនងជាមួយអតិថិជន, ទី២. ត្រូវចាត់ទុកទុនវិនិយោគជាទំនួលខុសត្រូវ, និងទី៣. ត្រូវរក្សាឆន្ទៈក្នុងការរៀនសូត្រជានិច្ច។
ការបិទបញ្ចប់កម្មវិធីពន្លឿនអាជីវកម្មឌីជីថល រដូវកាលទី៥ នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយបរិយាបន្ន។

