បច្ចុប្បន្ន ការថតសំឡេងលែងជាបញ្ហាលំបាកទៀតហើយ ដោយយើងអាចប្រើប្រាស់ឧបករណ៍ក្បែរខ្លួនដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យាទំនើបៗផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយគុណភាពសំឡេងដែលទទួលបាន គឺតែងតែមានភាពខុសប្លែកគ្នាទៅតាមកម្រិតបច្ចេកទេសនៃឧបករណ៍ទាំងនោះ។ ជាញឹកញាប់ បងប្អូនដែលថតរួចតែងជួបបញ្ហាសំឡេងអាប់អួ ស្ដាប់មិនសូវច្បាស់ ឬមានសំឡេងរំខាន (Noise) ច្រើនដែលធ្វើឱ្យបាត់បង់ភាពទាក់ទាញ។

ដើម្បីដោះស្រាយបញ្ហានេះ ចាបខៀវ សូមណែនាំនូវគេហទំព័រកំពូលៗចំនួន ២ ដែលមានសមត្ថភាពខ្ពស់ក្នុងការកែច្នៃសំឡេងធម្មតាៗឱ្យប្រែជាពីរោះ រលូន និងមានគុណភាពស្តង់ដារដូចថតក្នុងស្ទូឌីយោ។
Adobe Podcast (ជាពិសេសមុខងារ Enhance Speech) គឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីកែប្រែគុណភាពសំឡេងឱ្យកាន់តែប្រសើរឡើងក្នុងកម្រិតអាជីព។ ចំណុចពិសេសបំផុតរបស់វា គឺសមត្ថភាពក្នុងការលុបបំបាត់សំឡេងរំខាន (Background Noise) និងសំឡេងរំពង (Echo) ចេញពីឯកសារសំឡេងរបស់អ្នកបានយ៉ាងស្អាត ទោះបីជាអ្នកថតនៅក្នុងបន្ទប់ដែលមានសភាពអ៊ូអរ ឬប្រើប្រាស់ត្រឹមមីក្រូហ្វូនទូរស័ព្ទដៃធម្មតាក៏ដោយ។

ចំពោះវេបសាយទី២ គឺ Noise Reducer របស់ Media.io ដែលជាឧបករណ៍អនឡាញដ៏វៃឆ្លាតមួយទៀត សម្រាប់ដោះស្រាយបញ្ហាសំឡេងរំខានបានយ៉ាងឆាប់រហ័ស។ ចំណុចលេចធ្លោរបស់វេបសាយនេះ គឺភាពបត់បែនក្នុងការប្រើប្រាស់ ដោយវាអាចជួយកាត់បន្ថយសំឡេងរំខានបានច្រើនប្រភេទ មិនថាជាសំឡេងខ្យល់ សំឡេងយានយន្ត សំឡេងហឺៗ ឬសំឡេងមនុស្សជជែកគ្នាដែលនៅជុំវិញនោះឡើយ។ អ្វីដែលកាន់តែពិសេសនោះគឺ Media.io មិនត្រឹមតែអាចកែសម្រួលឯកសារសំឡេង (Audio) ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចឱ្យអ្នកបញ្ចូលឯកសារវីដេអូ (Video) ដើម្បីជម្រះសំឡេងរំខានបានដោយផ្ទាល់តែម្តង។
