ក្លឹបគណនេយ្យកម្ពុជា CAC និង សហគមន៍ឌីជីថល “ចតុមុខ” បានសហការគ្នារៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ៖ «ហេតុអ្វីបានជាអាជីវកម្មគួរវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា?» ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃ សៅរ៍ ទី ១១ ខែ កក្កដា ឆ្នាំ ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានគោលបំណងដោះស្រាយបញ្ហាកង្វះប្រសិទ្ធភាព និង ការចំណាយមិនចាំបាច់នានា ដែលបណ្តាលឱ្យ លំហូរការងារ មានភាពរអាក់រអួលក្នុងប្រព័ន្ធអាជីវកម្ម ។ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និង យុទ្ធសាស្ត្រជាក់ស្តែងអំពីការប្រើប្រាស់ធនធានឱ្យចំគោលដៅ កាត់បន្ថយការចំណាយមិនចាំបាច់ និង ជំរុញដំណើរការសម្រេចចិត្តឱ្យកាន់តែរហ័ស តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាតនៅក្នុងប្រព័ន្ធអាជីវកម្ម។
សិក្ខាសាលានេះរៀបចំឡើងដោយមានការចូលរួមឧបត្ថម្ភពីធនាគារ កាណាឌីយ៉ា និង ដៃគូគាំទ្រគឺ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង មជ្ឈមណ្ឌលទិន្នន័យដូនពេញ អមជាមួយនឹងការចូលរួមពីវាគ្មិនកិត្តិយស ដែលជាអ្នកជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និង ជាទីប្រឹក្សាអាជីវកម្មជើងចាស់ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការជំរុញបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ សមាសភាពវាគ្មិនកិត្តិយស ជាអ្នកសម្របសម្រួល គឺ លោក សាន រិទ្ធី (ស្ថាបនិកនៃ ក្លឹបគណនេយ្យកម្ពុជា និង ជាម្ចាស់ភាគហ៊ុននៃ Acclime) រួមទាំងវាគ្មិនកិត្តិយសចំនួន ៤ រូបទៀត គឺលោក ទុយ ហុង (ស្ថាបនិក និង ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Localize Tech Solution), លោក ឈឹម ទិតប៉ូរ៉ាស៊ី (ស្ថាបនិកនៃ KrubKrong), លោក រ៉ាត់ ម៉េងហ៊ាង (ស្ថាបនិកនៃ Point Hub POS) និង លោក ភូ លីន (ស្ថាបនិកនៃ BeOne HR)។ កិច្ចពិភាក្សានេះនឹងជជែកពីបញ្ហាប្រឈម និង បទពិសោធន៍ពិតក្នុងការដឹកនាំសហគ្រានធុន តូច និងមធ្យម និង ធុរកិច្ចថ្មី (Startup) ព្រមទាំងបើកឱកាសតភ្ជាប់បណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធអេកូឡូស៊ីទាំងមូលផងដែរ។

សូមបញ្ជាក់ផងដែរថាក្លឹបគណនេយ្យកម្ពុជា (CAC) គឺជាមជ្ឈមណ្ឌលគំរូដ៏ឈានមុខគេមួយ ដែលជួយគាំទ្រអ្នកសិក្សាឱ្យសម្រេចបាននូវគោលដៅអាជីពរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លី។ ចំណែកឯ សហគមន៍ឌីជីថល “ចតុមុខ” គឺជាការរួមគ្នាពីធុរកិច្ចថ្មីឆ្នើមចំនួន ៤ ចូលរួមគ្នាបង្កើតនវានុវត្តន៍ ដោយតភ្ជាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ជាមួយនឹងប្រព័ន្ធគ្រប់គ្រងគណនេយ្យ (Accounting), ប្រព័ន្ធគ្រប់គ្រងការលក់ (POS), ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HR, ប្រព័ន្ធលក់រាយ (Retail) និង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ដើម្បីជំរុញសក្តានុពលសហគ្រាសធុន តូច និង មធ្យម និង កសាងអនាគតឌីជីថលមួយសម្រាប់ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ កាន់តែវៃឆ្លាត និង មានសមាហរណកម្មពេញលេញពិតប្រាកដ។ ជួបជុំម្ចាស់អាជីវកម្ម ដើម្បីពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ពង្រីកបណ្តាញទំនាក់ទំនង។ ចំនួនមានកំណត់!
· តំណភ្ជាប់សម្រាប់ការចុះឈ្មោះ៖ https://forms.gle/X2n6wD4cQuZfJ8cg6
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
· តេឡេក្រាម៖ @chaktomukdigitalhub
· លេខទំនាក់ទំនង: 070 93 66 07
